បន្ទាយមានជ័យ ៖ ដីធ្លីប្រជាពលរដ្ឋ នៅក្នុងភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ត្រូវបានប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក រ៉ូ បូរ៉ា អនុប្រធានមន្ទីរសុរិយោដី និងសំណង់ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ចែកចេញជា៥ដំណាក់កាល ក្នុងនោះដំណាក់កាលចុងក្រោយ គឺ ការចុះបញ្ជី និងចេញប័ណ្ណជូនម្ចាស់កម្មសិទ្ធិដី។ មួយវិញទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិដីធ្លី ដែលនឹងត្រូវចុះបញ្ជី យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ជាមួយក្រសួងរៀបចំដែនដីនគរោបនីយកម្ម និងសំណង់ តម្រូវឲ្យម្ចាស់ក្បាលដី ឬអ្នកកាន់កាប់ដី ត្រូវបង់សេវា នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធតែម្ដងគត់ ពេលមកទទួលប័ណ្ណ ហើយថ្លៃសេវាដែលត្រូវបង មានដូចតទៅ ៖ -ដីកសិកម្មជនបទ ស្មើ១រៀលក្នុង១ម៉ែត្រការ៉េ -ដីលំនៅឋានជនបទ គឺ១ម៉ែត្រការ៉េ ស្មើ១០រៀល -ដីទីប្រជុំជនស្រុក គឺ១ម៉ែត្រការ៉េ ស្មើ២០រៀល -ដីទីប្រជុំជនខេត្ត ឬដីជាទីប្រជុំជនរាជធានីភ្នំពេញ គឺ ១ម៉ែត្រការ៉េ ស្មើ២៥០រៀល -ដីទីប្រជុំជនរាជនីភ្នំពេញ គឺ ១ម៉ែត្រការ៉េស្មើ៥០០រៀល។
ជាមួយគ្នានេះ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ កោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរោបនីយកម្ម និងសំណង់ ដែលតែងតែយកចិត្តទុកដាក់ក្នុងការកសាងធនធានមនុស្ស សំដៅពង្រឹងសមត្ថភាព ជំនាញបង្កើតការទទួលខុសត្រូវ ចំពោះតួនាទី និងភារកិច្ចក្នុងការបម្រើប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិ ប្រកបដោយ ប្រសិទ្ធភាពខ្ពស់។
លោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ស្ថាប័នពាក់ព័ន្ធ អង្គការផ្ដល់ឥណទាន អាជ្ញាធរមូលដ្ឋាន មេត្តាចូលរួមសហការល្អ ជាមួយមន្ត្រីសុរិយោដី និងក្រុមការងារចុះវាស់វែង ដើម្បីបង្កភាពងាយស្រួល និង ឆាប់ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ទាំងគ្នា៕
Source: Kampuchea Thmey Daily
0 Comments