សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានរៀបចំឲ្យក្រុមយុវជនក្រោមអាយុ២២ឆ្នាំ (U22) របស់កម្ពុជា ចេញទៅចែករំលែកបាល់ទាត់និងផ្តល់សេចក្តីស្រលាញ់ដល់កុមារជាច្រើននាក់ដែលជាសមាជិករបស់អង្គការស្នាមញញឹមនៃកុមារ (PSE) ដែលមានមូលដ្ឋាននៅស្ទឹងមានជ័យ ក្នុងរាជធានីភ្នំពេញ។
កម្មវិធីចែករំលែកបាល់ទាត់នេះធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ គឺត្រូវចំនឹងថ្ងៃទិវានៃក្តីស្រលាញ់ដែលគេប្រារព្ធឡើងនៅជុំវិញពិភពលោក។ នេះជាបេសកកម្មមួយរបស់ក្រុម U22 កម្ពុជា ដែលដឹកនាំដោយលោកគ្រូបង្វឹក Felix Agustin Dalmas មុនទទួលធ្វើជាម្ចាស់ផ្ទះក្នុងពានរង្វាន់ជើងឯកតំបន់អាស៊ាន AFF U22 Championshipនៅឆ្នាំ ២០១៩ នៅចុងខែកុម្ភៈ ខាងមុខនេះ។
សូមបញ្ជាក់ថា ក្រុម U22 កម្ពុជា បានប្រមូលផ្តុំកីឡាករមួយរយៈមកហើយព្រមទាំងជម្រុះបាន១លើកហើយគឺពី៥៤នាក់សល់២៧នាក់ ខណៈការជម្រុះចុងក្រោយនឹងបន្សល់ទុកតែ២៣នាក់ប៉ុណ្ណោះ។ ពានរង្វាន់ AFF U22 Championship មានក្រុមចំនួន៨ចូលរួមដោយក្នុងនោះពូល Aមាន វៀតណាម ថៃ ទីម័រខាងកើត និងហ្វីលីពិន ខណៈឯក្នុងពូល B វិញមានឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះកម្ពុជា។ ការប្រកួតធ្វើឡើងពីថ្ងៃទី១៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។
តាមពិតទៅពានរង្វាន់ប្រភេទយុវជន U22 នេះត្រូវបាន AFF សហការគ្នាបង្កើតឡើងវិញ នៅឆ្នាំ២០១៩ ខាងមុខ ក្រោយពីខកខានជាយូរមកហើយ ពោលគឺតាំងពីឆ្នាំ ២០០៥ មកម្ល៉េះ។ គណៈកម្មការក៏បានកំណត់ដែលថា ក្រុមខ្លាំងជាងគេចំនួន៤ក្រុម នៃពានរង្វាន់ AFF U22នេះ នឹងទទួលបានកៅអីឡើងទៅលេងក្នុងវគ្គជម្រុះពានបាល់ទាត់យុវជនក្រោមអាយុ២៣ឆ្នាំ (U23) ប្រចាំទ្វីបអាស៊ី (AFC U-23 ) ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments