ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងធ្វើជាម្ចាស់ផ្ទះទទួលសមភាគីអ៊ីរ៉ង់និងទួរគីរបស់លោកនៅថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាអំពីពីរបៀបដោះស្រាយជម្លោះនៅក្នុងប្រទេសស៊ីរីខណៈក្រុមជីហាដនិយមរដ្ឋឥស្លាមកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៅភាគខាងកើតប្រទេសហើយទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនដកកងទ័ព។
កិច្ចខិតខំប្រឹងប្រែងការទូតដ៏ស្វិតស្វាញនៅសប្តាហ៍នេះនឹងផ្តោតលើជម្លោះរយៈពេលប្រាំបីឆ្នាំដែលក្នុងនោះមានមនុស្សជាង៣៥០,០០០នាក់បានស្លាប់។
ក្រុមចម្រុះអន្ដរជាតិប្រឆាំងក្រុម IS ត្រូវបានគេកំណត់ថានឹងជួបប្រជុំគ្នានៅខាងក្រៅសន្និសីទសន្តិសុខទីក្រុងមូនិកខណៈពេលដែលរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo នឹងចូលរួមសន្និសីទមួយស្តីពីបញ្ហាមជ្ឈឹមបូព៌ានៅក្នុងទីក្រុង Warsaw ។
នៅឯកិច្ចប្រជុំរបស់ពួកគេក្នុងរមណីយដ្ឋានសមុទ្រខ្មៅ Sochi, លោក Putin និងប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani ដែលជាអ្នកគាំទ្រប្រធានាធិបតីស៊ីរីលោក Bashar al-Assad និងប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ដែលជាអ្នកគាំទ្រក្រុមឧទ្ទាមត្រូវបានគេកំណត់ថានឹងពិភាក្សាអំពីវិធីដើម្បីជំរុញកិច្ចសន្ទនាស្តីពីបញ្ហាក្នុងប្រទេសស៊ីរី។
ប្រទេសរុស្ស៊ីគឺជាអ្នកដើរតួសំខាន់ក្នុងជម្លោះនេះចាប់តាំងពីការចាប់ផ្តើមធ្វើអន្តរាគមន៍យោធានៅឆ្នាំ២០១៥ដើម្បីគាំទ្ររបបលោក Assad ដែលបច្ចុប្បន្នគ្រប់គ្រងជិត២ភាគ៣នៃប្រទេស។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយកាលពីថ្ងៃពុធថា មេដឹកនាំទាំងបីនឹងពិភាក្សាគ្នាអំពីការបង្កើតគណៈកម្មាធិការពិសេសមួយដែលមានភារកិច្ចរៀបចំរដ្ឋធម្មនុញ្ញថ្មីក្រោយសង្គ្រាមសម្រាប់ប្រទេសស៊ីរី។ លោក Lavrov បានបន្ថែមថា “យើងត្រៀមខ្លួនរួចជាស្រេចក្នុងការស្វែងរកដំណោះស្រាយមួយចំពោះស្ថានភាពនេះ។ យើងនឹងបន្តការងារនេះ”។
កិច្ចប្រជុំនេះនឹងក្លាយជាកិច្ចប្រជុំកំពូលលើកទីបួនរវាងថ្នាក់ដឹកនាំរបស់ប្រទេសទាំងបីចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០១៧មក។
វាបានកើតឡើងស្របពេលដែលយុទ្ធជនឃើដនិងអារ៉ាប់នៅក្នុងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដោយមានការគាំទ្រពីក្រុមចម្រុះដឹកនាំដោយក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមការវាយលុក “ផ្តាច់ព្រ័ត្រ” ប្រឆាំងនឹងការកាន់កាប់ចុងក្រោយរបស់ពួកជីហាដនិយមនៅខេត្តភាគខាងកើត Deir Ezzor៕ AFP
Source: Kampuchea Thmey Daily
0 Comments