Ad Code

មន្ត្រី​សង្ឃ​ថា គណៈសង្ឃ​មិនបាន​គិតដល់​រឿង​នយោបាយ អតីត​ចៅអធិការ​វត្ត​ច្បារអំពៅ ហោ សុខុន លាចាក​សិក្ខាបទ​ដោយ​ខ្លួនឯង



ភ្នំពេញ​ ៖ អតីត​សង្ឃ​ទីប្រឹក្សា ហោ សុខុន ព្រះចៅអធិការ​វត្ត​ច្បារអំពៅ បាន​លាចាក​សិក្ខាបទ​ហើយ កាលពី​យប់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ហើយ​តាម​មន្ត្រី​សង្ឃ​បាន​អះអាងថា ហោ សុខន បាន​សឹក​ដោយ​ខ្លួនឯង គ្មាន​អ្នកណា​បង្ខិតបង្ខំ​ទេ ចំណែក​ការ​នាំ​ទៅកាន់​វត្ត​បទុម​វ​តី គ្រាន់តែ​នាំទៅ ដើម្បី​ឲ្យ​ស្តាប់​សេចក្តី​ប្រកាស​របស់​គណៈ​សង្ឃ ក្នុង​ការ​បញ្ចប់​តួនាទី​តែប៉ុណ្ណោះ​។



ព្រះ​ញាណវង្ស ឃឹម សន មេគណ​រាជធានី​ភ្នំពេញ និង​ជា​ព្រះ​គ្រូសូត្រស្តាំ​វត្ត​បទុម​វ​តី បាន​មាន​សង្ឃដីកា​ប្រាប់​កម្ពុ​ជាថ្មី កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ថា “​ករណី​ដែល​អាត្មា​ហៅ​មក​វត្ត​ប​ទុប​វ​តី​នេះ ដូចជា​មក​ប្រកាស​ថា នឹង​បញ្ចប់​តួនាទី ជា​លេខា​សម្តេច​មហា​សង្ឃរា​ជ សង្ឃ​នាយក និង​ងារ​ជា​ព្រះចៅ​អធិការ​វត្ត​ច្បារអំពៅ ហ្នឹង​មក​ផ្សាយ​លិខិត​គណៈសង្ឃ ប៉ុន្តែ​យក​មក​ដល់​មិនទាន់បាន​អាន​លិខិត​ហ្នឹង​ផង លោក​ប្អូន ហោ សុខុន ហ្នឹង​ថា​ សុំ​លាចាក​សិក្ខាបទ​ខ្លួនឯង គាត់​សុំ​លាចាក​ដោយ​ខ្លួនឯង​”​។ ព្រះ​ញាណវង្ស ឃឹម សន បញ្ជាក់​ថា ក្រោយពី​លាចាក​ស​សិក្ខាបទ​ហើយ ហោ សុខុន បាន​សំរាក​នៅក្នុង​វត្ត ហើយ​ព្រឹក​ឡើង​គាត់​បាន​ទៅ​ថា្វយ​បង្គំ​ញោម​របស់​គាត់​នៅ​ខេត្តព្រៃវែង ហើយ​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​នៅ​ទីនោះ​។



តាម​ព្រះ​ញាណវង្ស ឃឹម សន “​ករណី​ដែល​គណៈសង្ឃ​សុំ​ដកងារ​អី​ចេញពី​ចៅ​អធិការ​នេះ ពីព្រោះ​លោក​មាន​ផែនការ​របស់​លោក ធ្លាប់​លើកឡើង​ច្រើន​ថា សម្តេច​សង្ឃ​ខាងលើ​ហ្នឹង​ធ្វើការ​មិនល្អ​ក្នុង​ជួរ​គណៈសង្ឃ​អីចឹង​ណា ហើយ​ថាបើ​គាត់​ឡើងជា​អ្នកគ្រប់គ្រង​ព្រះសង្ឃ​អីចឹង គាត់​នឹងធ្វើ​ឲ្យ​ល្អ ចឹ​ង​គណៈសង្ឃ អាត្មា​អីហ្នឹង​បាន​និមន្ត​លោក​មក​ជួប​ថា ឲ្យ​គាត់​ជា​មន្ត្រី​សង្ឃ ជា​អនុគណ ជា​សាលា​គណ​អី តែ​គាត់​ប្រកែក​ថា ករុណា​មិន​ចូល​ទេ យី​ករុណា​ចង់​នៅ​ក្រៅ នៅ​ក្រៅ​មាន​សេរីភាព​ជាង ចឹ​ង​គណៈសង្ឃ​ក៏​ទូន្មាន​ថា ឈប់​ប៉ះពាល់​សម្តេច​សង្ឃ​ធំៗ​ទៅ លោក​មាន​ព្រះ​ជន​ច្រើនៗ​ហើយ ធ្លាប់​ដាស់តឿន​ចឹ​ង ហើយ​ថា បើ​នៅ​មិន​ស្តាប់​ទេ នឹង​ដកចេញ ធ្លាប់​ប្រាប់​ពីមុន​មក​ហើយ​”​។ ទាក់ទង​ដល់​ការនិយាយ​រឿង​នយោបាយ​ផ្សេងៗ ព្រះ​ញាណវង្ស ឃឹម សន បាន​បញ្ជាក់ថា គណៈសង្ឃ​មិនបាន​គិតដល់​រឿង​ហ្នឹង​ទេ​។



សូម​បញ្ជាក់​ថា អតីត​សង្ឃ​ទីប្រឹក្សា ហោ សុខុន ព្រះចៅ​អធិការ​វត្ត​ច្បារអំពៅ បាន​លាចាក​សិក្ខាបទ​កាលពី​យប់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ហើយ​តាម​ប្រភពព័ត៌មាន​ពី​ពលរដ្ឋ​នៅ​វត្ត​ច្បារអំពៅ​បាន​ឲ្យ​ដឹងថា អតីត​សង្ឃ ហោ សុខុន ត្រូវបាន​សមត្ថកិច្ច​មួយ​ក្រុម ដឹក​ចេញពី​វត្ត​ច្បារអំពៅ​នៅវេលា​ម៉ោង​ប្រមាណ​៧ និង​៣០​នាទី​យប់ ហើយ​ឆ្ពោះទៅកាន់​វត្ត​បទុម​វ​តី ជាទី​ដែល​សម្តេចព្រះ​សង្ឃនាយក ន​ន្ទ ង៉េ​ត គង់នៅ​ទីនោះ ហើយ​ក្រោយមក ហោ សុខុន ត្រូវបាន​គេ​ឃើញ ស្លៀកពាក់​ខោអាវ​ជា​គ្រហស្ថ​ធម្មតា ឈរ​នៅ​ខាងមុខ​កុដិ របស់​សម្តេច​សង្ឃនាយក​។ ចំណែក​អ្នកសារព័ត៌មាន បាន​ត្រឹម​ឈរ និង​ព្យាយាម​ថតរូប​តាម​របង​ប៉ុណ្ណោះ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលទៅ​ខាងក្នុង​ឡើយ​។



អតីត​សង្ឃ ហោ សុខុន ជា​មនុស្ស​ចូលចិត្ត​និយាយ​រឿង​នយោបាយ តាម​បែប​ស្រមើស្រមៃ​មិន​ច្បាស់លាស់ ហើយ​ថ្មីៗ​នេះ អតីត​សង្ឃ ហោ សុខុន បាន​សរសេរ​សារ​មួយ​បង្ហោះ​នៅលើ​ផេ​ក​ហ្វេស​ប៊ុ​ក ដោយ​អះអាង​ថា សម្តេច​ក្រឡាហោម ស ខេង ជា​ផ្កាយ​សំណាង​របស់​កម្ពុជា ...​ប៉ុន្តែ​សារ​នោះ​ត្រូវ​បាន​មហាជន​អះអាង​ថា ធ្វើឡើង​ក្នុង​បំណង ដើម្បី​បំបែកបំបាក់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បើ​ទោះបី​ជា​មានការ​សំណូមពរ​ពី​ថ្នាក់ដឹកនាំ​ធម្មការ ឲ្យ​ឈប់​និយាយ​រឿង​នយោបាយ​ក្តី តែ​អតីត​សង្ឃ ហោ សុខុន នៅ​មិន​ទទួលយក​ឡើយ​។



ទាក់ទង​បញ្ហា​នេះ តាម​ប្រភព​ពី​សមត្ថកិច្ច​ច្បារអំពៅ​បាន​ឲ្យ​ដឹង​ថា អតីត​ចៅអធិការ​វត្ត​ច្បារអំពៅ​អន្ទិត ហោ សុខុន មិនបាន​ស្ថិត​នៅ​ក្នុង​វត្ត​ច្បារអំពៅ​ទៀត​ទេ ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត​ដោយ​ភាព​ស្ងៀមស្ងាត់ ហើយ​បើ​តាម​លោក​វរសេនីយ៍ត្រី ទេព បូរ៉ា នាយ​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រលឹម​ស្រាងៗ​ថ្ងៃទី​១៤ ខែកុម្ភៈ អតីត​ចៅអធិការ​វត្ត​ច្បារអំពៅ បាន​ជិះ​រថយន្ត​មួយ​គ្រឿង​មក​ចូល​វត្ត​ច្បារអំពៅ ហើយ​នាំ​យក​លោក​គ្រូសូត្រស្តាំ​មួយ​អង្គ ទៅ​ស្រុកកំណើត​ជាមួយគ្នា​។ ហោ សុខុន មាន​ស្រុកកំណើត នៅក្នុង​ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។



ប្រភព​ព័ត៌មាន​ពី​ស្រុក​កំពង់ត្របែក​បាន​ឲ្យ​ដឹង​ថា អតីត​សង្ឃ​ទីប្រឹក្សា ហោ សុខុន ព្រះចៅអធិការ​វត្ត​ច្បារអំពៅ បាន​ទៅដល់​ផ្ទះ​ញោម​ហើយ ដែល​ស្ថិតនៅ​ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ហើយ​នៅ​ទីនោះ មាន​សាច់ញាតិ បងប្អូន​មក​សួរសុខទុក្ខ​ធម្មតា​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu