ភ្នំពេញ ៖ កងកម្លាំងនាយកដ្ឋានបញ្ជូនសារ នៃក្រសួងការពារជាតិបានចូលរួមក្នុងកិច្ចការងារសង្គមតាមរយៈការបរិច្ចាគឈាមជួយជនរងគ្រោះ ក្នុងឱកាសថ្ងៃនៃសេចក្ដីស្រលាញ់ នៅរសៀលថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០១៩ ក្នុងទីតាំងមជ្ឈមណ្ឌលជាតិផ្ដល់ឈាមតែម្តង។
លោកឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល ប្រធាននាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានដឹកនាំកងកម្លាំងជិត ៥០នាក់ចូលរួម បរិច្ចាគឈាមដោយស្ម័គ្រចិត្តក្នុងឱកាស ថ្ងៃទី១៤កុម្ភៈ ដើម្បីបង្ហាញសេចក្ដីស្រលាញ់ជូនចំពោះពលរដ្ឋទូទៅ ជាពិសេសជូនរងគ្រោះដែលត្រូវការឈាមជាចាំបាច់។
លោកឧត្តមសេនីយ៍ទោបន្តថា ការបរិច្ចាគឈាមនេះមានសារៈសំខាន់ជាខ្លាំង ក្នុងការជួយដល់ជីវិតមនុស្ស ហើយអង្គភាពរបស់លោកនឹងបន្តប្ដេជ្ញាចូលរួមបរិច្ចាគឈាម ជាពិសេសគ្រប់ឱកាសពិធីបុណ្យជាតិដើម្បីបំពេញតម្រូវការឈាមប្រចាំថ្ងៃ។
នាឱកាសព្រឹត្តិការណ៍ដោយស្ម័គ្រចិត្តក្រោម ប្រធានបទ “ផ្ដល់ឈាមផ្ដល់ក្ដីស្រលាញ់” នេះ លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានលើកឡើងថា ការរៀបចំឲ្យមានព្រឹត្តិការណ៍បែបនេះឡើងមានសារៈប្រយោជន៍ជាទីបំផុត ស្របពេលដែលសព្វថ្ងៃការបរិច្ចាគឈាមប្រចាំថ្ងៃពុំទាន់មានតុល្យភាពជាមួយតម្រូវការនៅឡើយ។
លោកវេជ្ជបណ្ឌិតបន្តថា សព្វថ្ងៃ មជ្ឈមណ្ឌលជាតិផ្ដល់ឈាមត្រូវការឈាមប្រមាណ ២០០ផ្លោកក្នុង ១ថ្ងៃ ដោយការបរិច្ចាគឈាមមានត្រឹមតែ ១០០ផ្លោកប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្ដីលោក ក៏សប្បាយចិត្តចំពោះកំណើននៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្នុងឆ្នាំ ២០១៨កន្លងទៅ ដោយមានកំណើន ១២,៥%។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថែមថា មជ្ឈមណ្ឌលជាតិផ្ដល់ឈាមនឹងបន្តជំរុញការផ្ដល់ឈាមដោយស្ម័គ្រចិត្ត ដើម្បីធានានូវគុណភាព និងសុវត្ថិភាពឈាម។
សូមបញ្ជាក់ថា ថ្ងៃទី ១៤កុម្ភៈ ថ្ងៃនៃសេចក្ដីស្រលាញ់នេះ ពុំមែនជាបុណ្យប្រពៃណីជាតិកម្ពុជានោះទេ តែវាជាពិធីបុណ្យហូរចូលពីបរទេស ដោយសព្វថ្ងៃមានការដាក់លក់ ផ្កាកុលាប កាដូ តុក្កតាជាច្រើននៅតាមដងផ្លូវ ក្នុងថ្ងៃទី១៤កុម្ភៈនេះតែម្ដង៕
Source: Kampuchea Thmey Daily
0 Comments