ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាត់ទុកគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ មានតួនាទីសំខាន់ណាស់ ក្នុងការជំរុញធ្វើឲ្យមានសុខសន្តិភាព ស្ថិរភាព នៅតាមព្រំដែន ដែលជាកត្តាសម្រាប់បម្រើឲ្យពាណិជ្ជកម្ម ទេសចរណ៌ រវាងប្រទេសទាំងពីរផងជាពិសេសទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រាប់អ្នកសារព័ត៌មាន ជំនួបរវាង សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា និងនាយឧត្តមសេនីយ៍ ប្រាវីត វង្សសូវណ្ណ(Prawit wongsuwon) ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការ ពារជាតិថៃ សហប្រធានគណៈកម្មាធិការព្រំដែនទូទៅថៃ កាលព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី។ ក្រោយជំនួបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏មានរៀបចំពិធីអាហារថ្ងៃត្រង់ជូននាយឧត្តមសេនីយ៍ ប្រាវីត វង្សសូវណ្ណ និង គណៈប្រតិភូផងដែរ។
កិច្ចពិភាក្សារវាងលោក ប្រាវីត ជាមួយសម្ដេចទៀ បាញ់ ហើយបានមានប្រសាសន៍ថា គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នេះ មានតួនាទីសំខាន់ណាស់ធ្វើយ៉ាងណាជំរុញឲ្យមានសុខសន្តិភាព ស្ថិរភាព នៅតាមព្រំដែន ដែលជាកត្តាសម្រាប់បម្រើឲ្យពាណិជ្ជកម្ម ទេសចរណ៍ រវាង ប្រទេសទាំងពីរផង ជាពិសេសទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។
នៅក្នុងជំនួបនោះ លោក ប្រាវីត វង្សសូវណ្ណ បានគោរពជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អំពីជំនួបរវាងលោកជាមួយសម្ដេច ទៀ បាញ់ នោះ គឺកិច្ចពិភាក្សាដែលផ្ដោតការយកចិត្តទុកដាក់ទៅលើបញ្ហាព្រំដែនបញ្ហាសន្តិសុខ ហើយនិងបញ្ហាដទៃទៀតដែលលោកបានសរុបសេចក្ដីថា កិច្ចពិភាក្សានោះគឺមានភាពរលូន ហើយទាំងបញ្ហាសន្តិសុខ ទាំងបញ្ហាអ្វីផ្សេងៗទៀតនៅតាមព្រំដែននោះពុំមានបញ្ហាអ្វីទេ។
លោកប្រាវីត ក៏បានរាយការណ៍ជូនសម្តេចតេជោអំពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់វិមានឈ្នះ ឈ្នះ ដោយលោកបានសម្ដែងនូវការអបអរសាទរដែលដំណើរបេសកកម្មរំដោះជាតិរបស់សម្ដេចនៅពេលនោះចាប់ផ្ដើមពី៥ នាក់រហូតដល់ទទួលបានជោគជ័យ។ ជាមួយនេះ ក៏បានឆ្លុះបញ្ចាំងនូវដំណើរប្រវត្តិសាស្ត្រ របស់កម្ពុជាក្នុងការស្វែងរកសន្តិភាពជូនដល់ព្រះរាជាណាចក្រកម្ពុជារបស់សម្តេចតេជោ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអរគុណលោក ប្រាវីត ហើយក៏បានជម្រាបជូនលោក ប្រាវីត ថានៅវិមានឈ្នះ ឈ្នះ នោះគឺជាកន្លែងតម្កល់នូវឯកសារប្រវត្តិសាស្ត្រនៃដំណាក់កាលនីមួយៗ នៅក្នុងដំណើរការរំដោះព្រះរាជាណាចក្រកម្ពុជាពីរបបខ្មែរក្រហម ហើយនៅក្នុងនោះទៀតសោតក៏មាន ឆ្លុះបញ្ចាំងនូវតួអង្គដែលបានចូលរួមចំណែកនៅក្នុងដំណើរការនោះផងដែរ។
គួរបញ្ជាក់ជូនថា នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាសហប្រធាន គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និង នាយឧត្តមសេនីយ៍ ប្រាវីត វង្សសូវណ្ណ (Prawit wongsuwon) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ សហប្រធានគណៈកម្មាធិការព្រំដែនទូទៅថៃ បានបើកកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (The 14th General Border Committee Meeting “GBC”) នៅសណ្ឋាគារ ហ្គាដែនស៊ីតធី រាជធានីភ្នំពេញ៕
Source: Kampuchea Thmey Daily
0 Comments