ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៩នេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានទទួលជួបសវនាការជាមួយ លោកស្រី ពាន់ ម៉ាហារ៉ានី (Phau Maharani) រដ្ឋមន្ត្រីសម្របសម្រួលការអភិវឌ្ឍមនុស្សជាតិ និង កិច្ចការវប្បធម៌ ឥណ្ឌូនេស៊ី នៅវិមានសន្តិភាព។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនោះថា នៅក្នុងជំនួបនោះលោកស្រីបានគោរពជម្រាបជូនសម្តេចតេជោថា លោកស្រីមកកាន់ព្រះរាជាណាចក្រកម្ពុជាពេលនេះដើម្បីចូលរួមកម្មវិធីខួបទំនាក់ទំនងការទូត ៦០ ឆ្នាំនៃទំនាក់ ទំនងការទូតរវាងកម្ពុជានិងឥណ្ឌូនេស៊ីដែលទំនាក់ទំនងនេះបានបន្សល់ទុកពីជំនាន់មុនដែលបានបង្កើតឡើងរវាងព្រះនរោត្តមសីហនុនិងលោក ស៊ូហាតូ។
លោកស្រីក៏បានសម្ដែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការចូលរួមរបស់មន្ត្រីជាន់ខ្ពស់កម្ពុជានៅក្នុងកម្មវិធីខួបទំនាក់ទំនងការទូតនេះហើយលោកស្រីបានគោរពជម្រាបជូនសម្តេចតេជោថា ការជ្រើសរើសយកថ្ងៃទី ១៣ កុម្ភៈ ២០១៩ នេះដោយសារថ្ងៃនេះកាលពី៦០ឆ្នាំមុនប្រទេសទាំងពីរ កម្ពុជា និងឥណ្ឌូនេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នានៅថ្ងៃទី ១៣ កុម្ភៈ ឆ្នាំ ១៩៥៩។
ជាការឆ្លើយតបសម្តេចតេជោបានថ្លែងអំណរគុណចំពោះលោកស្រី ដែលបានចូលរួមក្នុងកម្មវិធីនេះដោយបាននាំមកជាមួយនូវសិល្បករ សិល្បការិនីដើម្បី ធ្វើឲ្យខួបនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមានភាពអធិកអធម ពោរពេញទៅដោយភាពជោគជ័យ។ សម្ដេចតេជោបានបន្តថា ជាការពិតណាស់ ទំនាក់ទំនងជំនាន់មុនបានបន្សល់ទុកមកឲ្យអ្នកជំនាន់ក្រោយ ហើយអ្នកជំនាន់ក្រោយបានបន្តធ្វើហើយទំនាក់ទំនងនេះបានបន្តរីកធំធាត់ជាលំដាប់។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា ឥណ្ឌូនេស៊ី បានដើរតួនាទីយ៉ាងសំខាន់ក្នុងរយៈពេល៦០ឆ្នាំកន្លងមកនេះ ទាំងតួនាទីក្នុងតំបន់ និង ពិភព លោក ហើយចំពោះកម្ពុជា ឥណ្ឌូនេស៊ី បានចូលរួមក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ទាំងក្នុងដំណាក់កាលចរចាផង និង ដំណាក់កាលកិច្ចព្រមព្រៀង ទីក្រុងប៉ារីសផង ឥណ្ឌូណេស៊ីនៅបានចូលរួមចំណែកបញ្ជូនកងទ័ពថែរក្សាសន្តិភាពមកកាន់កម្ពុជាផងដែរ។ ជាមួយនេះឥណ្ឌូនេស៊ីក៏បានពង្រីកនូវកិច្ច សហប្រតិបត្តិការជាមួយកម្ពុជាដោយបានជួយហ្វឹកហាត់កងទ័ពនិងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាផងដែរ។
សម្ដេចតេជោបន្តថា ប្រទេសទាំងពីរកម្ពុជា ឥណ្ឌូនេស៊ី គួរពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំនិងគ្រប់ជ្រុងជ្រោយថែមទៀតពិសេសលើ វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍និងវប្បធម៌ ពិសេសការផ្លាស់ប្ដូរទំនាក់ទំនងនិងបទពិសោធន៍រវាងថ្នាក់ដឹកនាំ និង ប្រជាជននៃប្រទេសទាំងពីរ៕
Source: Kampuchea Thmey Daily
0 Comments