*ការដក EBA ពីកម្ពុជាមានតម្លៃស្មើនិងសម្លាប់បក្សប្រឆាំងនៅកម្ពុជា
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងដោយភាពប្រាកដនិយមថា ទោះបីត្រូវបាត់ EBA ក៏កម្ពុជាមិនស្លាប់ឬក្លាយទៅជាអ្នកមានបានដែរ។ ការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលនេះគឺជាប្រតិកម្មជាសាធារណៈលើកដំបូងបន្ទាប់ពីគណៈកម្មការអឺរ៉ុប បានព្យួរអនុគ្រោះពន្ធមកកម្ពុជាកាលពីថ្ងៃទី១១ ខែកុម្ភៈ កន្លងមកនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពីធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០១៨ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៩។ សម្តេចបានលើកឡើងថា ពេលនេះ ត្រូវរួមគ្នាដើម្បីពង្រីកការលូតលាស់ខាងសេដ្ឋកិច្ចដើម្បីបន្តពង្រឹងឯករាជ្យភាពខាងនយោបាយរបស់យើងៗមិនត្រូវយកអធិបតេយ្យភាពរបស់យើងទៅដោះដូរជាមួយនឹងជំនួយណាមួយនោះឡើយ។
សម្តេចតេជោបានបន្តដោយភាពម៉ឺងម៉ាត់ថា «ប្រទេសមួយបើមិនអាចអនុវត្តច្បាប់របស់ខ្លួនបានមិនចាំបាច់ហៅថា ជារដ្ឋអធិបតេយ្យនោះទេ។ យើងត្រូវប្រែក្លាយការប្រឈមឲ្យទៅជាឱកាសទៅជាកាលានុវត្តភាពនៃការខិតខំឈានឡើងនៃសេដ្ឋកិច្ចរបស់យើង»។
សម្តេចបន្តថា «ការព្យួរ EBA ដែលមានរយៈពេល ១៨ ខែ ទើបបានដឹងលទ្ធផលថា តើនឹងត្រូវដកឬមិនត្រូវដក។ បើទោះបីជាបាត់ ឬ នៅមានបន្ត ក៏មិនអាចធ្វើឲ្យយើងស្លាប់ ឬ ក្លាយទៅជាអ្នកមានបានដែរ។ EBA មុននិងក្រោយគង់តែបាត់ដូចតែគ្នា គ្រាន់តែយូរនិងឆាប់តែប៉ុណ្ណោះ ដូចនេះការរកស៊ីបង់ពន្ធឲ្យគេនឹងគេបង់ពន្ធឲ្យយើង គឺជារឿងជៀសមិនរួចហើយថ្លៃថ្នូរ និងមានស្ថិរភាពទៀតផង យើងត្រូវរកគ្រប់វិធីដើម្បីអោយសេដ្ឋកិច្ចរបស់យើងកាន់តែមានភាពប្រកួតប្រជែងខ្លាំងឡើង» ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៅកាន់ជនរួមជាតិដោយការពន្យល់ថា ជនរួមជាតិ ជាពិសេស កម្មករ កម្មការិនី បើសិនជានៅតែមានមុខរបរ មានការងារធ្វើមានប្រាក់ចំណូល សូមកុំខ្វល់នឹងអ្នកណានិយាយពីអ្វី ។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងនិវត្តជន បើសិនជានៅតែបើកប្រាក់ខែពីរសប្តាហ៍ម្តង កុំខ្វល់នឹងអ្នកណានិយាយពីអ្វី ។ សូមបន្តតាមពាក្យគេថា “ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ”។
ជាមួយនេះ សម្តេចតេជោក៏បានថ្លែងទៀតថា យើងក៏កំពុងចង់ឃើញមុខពួកអ្នកដែលកំពុងតែសប្បាយពេលឃើញបរទេសកំពុងធ្វើបាបយើង និងពួកដែលកំពុងរង់ចាំនូវការស្លាប់នៃជាតិយើង តើគេនឹងធ្វើមុខបែបណា នៅពេលដែលយើងមិនស្លាប់តាមបំណងរបស់គេ។
សម្តេចបន្តថា បើយើងមិនប្រឹងជួយខ្លួនយើងនោះទេ ទោះបីមានគេជួយយើងយ៉ាងណាក៏ដោយ ក៏យើងនៅតែក្រ ហើយទទួលនូវការប្រមាថដដែល យើងខិតខំដើម្បីជាតិយើងមិនមែនតម្រូវតាមការចង់បានរបស់បរទេសណាមួយនោះទេ។ តែយើងក៏ត្រូវការនូវកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយភាពស្មើសិទ្ធិជាមួយប្រទេសទាំងអស់ដោយគ្មានការរើសអើងក្នុងស្មារតីនៃការខិតខំ ខាងលើ បាវចនា ២ គឺកែទម្រង់ខាងក្នុងនិងពង្រីកមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យនិងអព្យាក្រឹត និង អភិក្រម៥ គឺឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ត្រូវតែយកមកអនុវត្តព្រមៗគ្នា។
សម្តេចបន្តថា ទន្ទឹមការកែទម្រង់ផ្ទៃក្នុងដែលកំពុងទទួលផល យើងក៏កំពុងបន្តទំនាក់ទំនងជាមួយប្រទេសនានានៅក្នុងសហភាពអឺរ៉ុបផងដែរ ដោយមិនទុកឲ្យបញ្ហា EBAក្លាយទៅជាឧបសគ្គនៃទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ សហគមន៍និងសហគមន៍នោះទេ។ កម្ពុជានឹងរួមជាមួយសមាជិកអាស៊ានផ្សេងទៀត បន្តចរចាលើការចរចាពាណិជ្ជកម្មសេរីរវាងអាស៊ាននិងអឺរ៉ុប ព្រមទាំងពិនិត្យពេលវេលាសមស្របសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និង អឺរ៉ុបតាមសំណើរបស់សហភាពអឺរ៉ុប។ កម្ពុជានឹងបន្តពិភាក្សាជាមួយដៃគូអឺរ៉ុបសម្រាប់ប្រធានបទនិងកិច្ចដំណើរការនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣ នៅកម្ពុជា ក្នុងឆ្នាំ២០២០ ខាងមុខ ដែលកម្ពុជាសង្ឃឹមថា ដៃគូរបស់យើងនឹងរួមជាមួយយើងសម្រេចជោគជ័យនៅក្នុងវេទិកាពហុភាគីមួយនេះ។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានយកវេទិកានេះ និយាយទៅកាន់ក្រុមហ៊ុន អឺរ៉ុបរាប់រយដែលកំពុងវិនិយោគ និងធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា សូមបន្តការរកស៊ីនិងស្នាក់នៅដោយក្តីសប្បាយរីករាយជាមួយនឹងសុខសន្តិភាពសម្រាប់អស់លោកអ្នក។ ក្នុងនោះដែរ សម្តេចក៏បានផ្ញើសារជូនដល់វិនិយោគិន និង ធុរជនទាំងឡាយ ទាំងអ្នកដែលកំពុងមានការវិនិយោគ និង ប្រកបអាជីវកម្មនៅកម្ពុជាទាំងអ្នកដែលមានបំណងមកដាក់ទុន ឬ កំពុងសិក្សាដាក់ទុនវិនិយោគនៅកម្ពុជា ជាមួយនឹងការប្ដូរផ្ដាច់រក្សាឲ្យបានល្អប្រសើរនូវសុខសន្តិភាពនិងស្ថិរភាពនយោបាយនៅក្នុងប្រទេស។ រាជរដ្ឋាភិបាលកំពុងចាត់វិធានការយ៉ាងសកម្មមុតស្រួច និង ស៊ីជម្រៅសំដៅកែលម្អ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាពិសេសវិធានការសម្រួលពាណិជ្ជកម្ម និង កាត់បន្ថយថ្លៃដើមធ្វើធុរកិច្ច ជាអាទិ៍ការលុបបំបាត់នូវវិញ្ញាបនបត្រប្រភពដើមទំនិញ CO, ការកែសម្រួលមុខនាទីរបស់កាំកុងត្រូលចេញពីការត្រួតពិនិត្យទំនិញនាំចេញនាំចូល ការរំសាយអង្គភាពកាំសាប, ការកាត់បន្ថយថ្លៃស្កែនកុងតឺន័រនិងថ្លៃសេវាមួយចំនួនទៀត ,ការកែលម្អសេវាពាក់ព័ន្ធ ,ការលើកទឹកចិត្តផ្នែកសារពើពន្ធដល់សហគ្រាសធុនតូចនិងមធ្យម និងវិធានការសំខាន់ៗជាប្រព័ន្ធមួយចំនួនទៀតដែលសហគមន៍ធុរកិច្ចនឹងបានឃើញព្រមទាំងបានទទួលផលប្រយោជន៍ជាក់ស្ដែងជាបន្តបន្ទាប់នៅក្នុងពេលខ្លីខាងមុខ។
សម្តេចតេជោនាយករដ្ឋមន្ត្រីសង្ឃឹមថា ជាមួយនឹងការកែទម្រង់មុខស្រួចនិងស៊ីជម្រៅដែលបាននឹងកំពុងអនុវត្ត ហើយនឹងបន្តដាក់ចេញជាបន្តបន្ទាប់ទៀតនោះ យើងជឿជាក់ថា បរិយាកាសវិនិយោគនៅកម្ពុជានឹងមានសភាពរឹតតែល្អប្រសើរដែលផ្ដល់នូវការទាក់ទាញកាន់តែខ្លាំងសម្រាប់វិនិយោគិននិងធុរជនទាំងក្នុងនិងក្រៅប្រទេស។ ការប្រកួតប្រជែងតាមរយៈការកាត់បន្ថយថ្លៃតាមរយៈការធ្វើធុរកិច្ច ការសម្រួលពាណិជ្ជកម្ម និងការកែលម្អឲ្យកាន់តែប្រសើរឡើងថែមទៀតនូវបរិយាកាសធុរកិច្ច ជាទូទៅនឹងជួយសម្រួលឲ្យវិនិយោគិននិងធុរជនទាំងឡាយអាចរកចំណេញបានសមរម្យនៅក្នុងការធ្វើធុរកិច្ច ធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួនដើម្បីបម្រើទីផ្សារទាំងក្នុងនិងក្រៅប្រទេស ទោះបីគេត្រូវបង់ពន្ធទៅវិញទៅមកក៏ដោយ ហើយបន្តចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ បង្កើនការងារធ្វើដល់ពលករនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ជាមួយការអះអាងដោយភាពប្រាកដប្រជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាឲ្យក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា រៀបចំនូវវេទិការវាងវិស័យឯកជននិងរាជរដ្ឋាភិបាលឲ្យបាននៅក្នុងខែមីនានេះ ដើម្បីពិភាក្សាគ្នាបន្ថែមទៀតទៅលើបញ្ហាពាក់ព័ន្ធទាំងឡាយទាក់ទងនឹងបញ្ហាកំណែទម្រង់ដែលត្រូវប្រកាន់យកដើម្បីនឹងធ្វើការជំរុញល្បឿននៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងអំពីលទ្ធផលនៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១៨ ដែលបានប្រកាសកាលពីដើមឆ្នាំកន្លងទៅ ដែលថា មាន ៧,៣ភាគរយនោះ ឥឡូវ IMF សហការជាមួយនឹងស្ថាប័នពាក់ព័ន្ធកម្ពុជា បានវាយតម្លៃឡើងវិញថាកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៨ កន្លងទៅនេះ គឺមានរហូតដល់ ៧,៥% ដែលជាកំណើនខ្ពស់បំផុត។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានធ្វើការពន្យល់ទាក់ទងទៅនឹងបញ្ហា EBA ទៀតថា បញ្ហាការបាត់បង់នូវភាពអនុគ្រោះនិងការបាត់ទីផ្សារគឺវាមានចរិតខុសគ្នា។ នៅទីនេះ គឺការដែលយើងមិនអនុវត្តទៅតាមអ្វីដែលគេចង់បានតាមការបង្គាប់បញ្ជារបស់គេ ទ្រនិចនាឡិកាត្រូវបានចាប់ផ្ដើមអំពីការពិនិត្យទៅលើបញ្ហាការព្យួរនូវភាពអនុគ្រោះ នេះវាមានរយៈពេល១៨ ខែ បើគិតពីពេលនេះទៅដល់ពេលដែលគេត្រូវដកឬមិនដក គឺរហូតទៅដល់ពាក់កណ្ដាលឆ្នាំ២០២០។ នីតិវិធីនេះ វាជានីតិវិធីធម្មតារបស់ពួកគេ នោះហើយដែលសម្តេចចង់និយាយថា យើងចង់រស់ដោយប្រើអុកស៊ីហ្សែនខ្លួនឯង ដោយមិនត្រូវពឹងពាក់នូវខ្យល់ដែលគេបញ្ចូលអោយយើងនោះទេ។ សម្តេចបានបញ្ជាក់ថា ទោះមានឬគ្មាន EBA វាក៏មិនធ្វើអោយយើងស្លាប់ហើយវាក៏មិនធ្វើឲ្យយើងក្លាយទៅជាអ្នកមានបានដែរ បញ្ហារកស៊ីបង់ពន្ធឲ្យគេ គេបង់ពន្ធឲ្យយើង គឺជារឿងស្មើភាពសមហេតុសមផល ដែលយើងមិនចង់ឲ្យអ្នកណាប្រើប្រាស់ភាពអនុគ្រោះហើយបែរជាមកបង្វិលក្បាលយើងតាមចិត្តចង់នោះទេ។
សម្តេចតេជោបន្តថា គេកំពុងគិតថា បើសិនជាមានការដកហូត EBA ណាមួយនឹងមានផលប៉ះពាល់រហូតដល់គ្មានប្រាក់បើកឲ្យមន្ត្រីរាជការ ។ ចំណុចនេះ សម្តេចតេជោបានខបញ្ជាក់ថា “ម៉ោងនេះ ពេលនេះបើទោះបីគ្មានចំណូលថ្មីបន្ថែម រាជរដ្ឋាភិបាលមានលទ្ធភាពបើកប្រាក់ខែជូនមន្ត្រីរាជការរហូតដល់១២ខែ។ ប៉ុន្តែពេលនេះ ខ្ញុំគ្រាន់តែប្រាប់អ្នកឯងថាគ្រាន់តែចំណូលគយមួយគឺគ្រប់គ្រាន់សម្រាប់បើកប្រាក់ខែឲ្យមន្ត្រីរាជការ មិនចាំបាច់អ្នកឯងមកព្រួយបារម្ភជួសនោះទេ”។
ជាមួយនេះ សម្តេចតេជោនាយការដ្ឋមន្ត្រីលើកឡើងថា“ការបាត់ EBA គឺមានតម្លៃស្មើនឹងសម្លាប់បក្សប្រឆាំង។ សម្តេចបន្តថា អំពើខុសច្បាប់ណាដែលកើតនៅលើទឹកដីកម្ពុជាត្រូវតែបានប្រើវិធានផ្លូវច្បាប់ដើម្បីចាត់ការយើងត្រូវខិតខំដើម្បីឈានឆ្ពោះទៅរកភាពឯករាជ្យទាំងខាងនយោបាយ និងសេដ្ឋកិច្ច ប៉ុន្តែវាមិនបានធ្វើឲ្យមានការរង្គោះរង្គើរវាងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋនោះទេ រកស៊ីបង់ពន្ធដែលគេទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ក៏នៅតែបន្តមិនមែនបានសេចក្តីថា ដកហូតភាពអនុគ្រោះហើយផ្ដាច់ចំណងផ្នែកការទូតនោះទេ កុំយល់ច្រឡំពួកអ្នកបោកប្រាស់កំពុងធ្វើការបោកប្រាស់មនុស្សមួយចំនួន។
សម្តេចបន្តថា យើងនៅតែធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែលប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលនៃប្រទេសអឺរ៉ុបនឹងធ្វើដំណើរមកកាន់កម្ពុជានៅឆ្នាំ២០២០ តាមការគ្រោងទុក៕
Source: Kampuchea Thmey Daily
0 Comments