ក្រុមយុវជន Prak Football Academy ដែលមានស្ថាបនិកគ្រួសារត្រកូល «ប្រាក់» នឹងក្លាយជាយុវជនរបស់ក្លិបបាល់ទាត់អគ្គស្នងការរដ្ឋាននគរបាលជាតិ (ប៉ូលីស) សមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) ដើម្បីសម្រេចបំណង ទទួលបានអាជ្ញាប័ណ្ណក្លិបទទួលស្គាល់ពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC )។
គ្រួសារត្រកូលប្រាក់ជាគ្រួសារដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតមួយ ពិសេសកីឡាករឆ្នើម ប្រាក់ មុន្នីឧត្ដម និងគ្រូបង្វឹកកម្រិត Pro-License ប្រាក់ សុវណ្ណារ៉ា។ ក្រៅពីនេះនៅមានលោកគ្រូ ប្រាក់ វុទ្ធី, ប្រាក់ សុមុន្នី, លោក ងួន ច័ន្ទសុធា ជាកូនបង្កើតនិងកីឡាករ សាយ ពិសិដ្ឋ ជាកូនប្រសាអ្នកស្រី ប្រាក់ សម្ផស្ស ព្រមទាំង កីឡាករ ប្រាក់ មុន្នីភីរុណ ប្អូនបង្កើតរបស់ មុន្នីឧត្ដម ជាដើម។ នេះជាមូលហេតុធ្វើឲ្យសម្រេចដាក់ឈ្មោះក្រុមបាល់ទាត់យុវជនរបស់ខ្លួនជាPrak Football Academy។ គ្រួសារត្រកូលប្រាក់បានផ្ដួចផ្ដើមគំនិតបើកថ្នាលបណ្ដុះបណ្ដាលយុវជនឈ្មោះថា Prak Football Academy ដើម្បីរួមចំណែកក្នុងការបង្កើនធនធាននិងគុណភាពបាល់ទាត់កម្ពុជានាពេលអនាគត។
លោក ជឹង ឃាងលី អនុប្រធានក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកឡើងកាលពីពេលថ្មីៗនេះថា ក្លិបរបស់លោកនឹងចុះអនុស្សរណៈយោគយល់ ( MOU ) ជាមួយក្រុមយុវជន Prak Football Academy ក្នុងការនាំយកមកធ្វើជាក្រុមថ្នាលយុវជនរបស់ក្លិប។ ប្រភពបញ្ជាក់ពីមូលហេតុនៃការធ្វើកិច្ចសហប្រតិបត្តិការគ្នានេះគឺ៖«ទាក់ទងដំបូង បើកាលណាយើងនិយាយអំពីអាជ្ញាប័ណ្ណដែលទទួលស្គាល់ពី AFC គឺមានចំណែកធំមួយនៅក្នុងនឹង គឺការអភិវឌ្ឍន៍យុវជន ព្រោះបើសិនជាអត់មានទេ គេអត់ទទួលស្គាល់ទេ។ យើងត្រូវមានកីឡដ្ឋានខ្លួនឯង ត្រូវមានរចនាសម្ព័ន្ធមួយច្បាស់លាស់ ត្រូវតែមានថ្នាលយុវជន។ ទាំង៣នេះដំបូងបំផុត ហើយពាក់ព័ន្ធជាមួយថវិកា ជារឿងរបស់ក្លឹប»។
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានបង្ហាញបញ្ជីក្លិបបាល់ទាត់ជាសមាជិករបស់ខ្លួន ដែលទទួលបានអាជ្ញាប័ណ្ណ (AFC Club Licensing) សម្រាប់ប្រកួតក្នុងពានរង្វាន់បាល់ទាត់កម្រិតទី២ប្រចាំទ្វីបAFC Cup 2019 សម្រាប់ឆ្នាំ២០១៩ ខណៈកម្ពុជា មានតែ៤ក្លិបបាល់ទាត់៤ក្រុមប៉ុណ្ណោះដែលបានអាជ្ញាប័ណ្ណទទួលស្គាល់ពីស្ថាប័នមួយនេះ។ ក្លិបទាំង៣នោះមានក្លិបបាល់ទាត់ភ្នំពេញក្រោន និង បឹងកេត ទទួលបានពេញលេញបូករួមជាមួយ ណាហ្គាវើល និង វិសាខា ដែលទាំង២ក្លិបនេះស្ថិតនៅក្នុងការតាមដានពីសហព័ន្ធដែលអាចដកហូតវិញក្នុងករណីណាមួយ។ បើកាលកាលពីឆ្នាំ២០១៨ កន្លងទៅមានក្លិបបាល់ទាត់ចំនួន៦នៅលីគកំពូលកម្ពុជាដែលទទួលបានអាជ្ញាប័ណ្ណពី AFC រួមមានបឹងកេត, ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, ណាហ្គាវើល, ក្រសួងការពារជាតិ និងអង្គរថាយហ្គឺរ។
ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងប្រើប្រាស់កីឡដ្ឋាន 7NG ដែលមូលដ្ឋាន នៅក្នុងភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល សម្រាប់រដូវកាលឆ្នាំ២០១៩ខាងមុខនេះ ខណៈកីឡាករបរទេសវិញក្លិបនឹងប្រើប្រាស់តែ៤នាក់ប៉ុណ្ណោះនៅរដូវកាលថ្មីនេះរួមមានកីឡាករនីហ្សរីយ៉ា Matthew Osa កីឡាករអាហ្វ្រិកខាងត្បូង Shane Booysen កីឡាករនីហ្សេរីយ៉ា Momoh Degule Sumaila និងកីឡាករជប៉ុន Shun Kumagi។
សូមបញ្ជាក់ថា ក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិធ្វើមិនសូវបានល្អនោះទេក្នុងពានរង្វាន់លីគកំពូលកម្ពុជាកាលពីរដូវកាលចាស់ ក្រោយប្រកួតសន្សំពិន្ទុបាន២២លើក ឈ្នះបាន៧លើក ស្មើគ្នាបាន៤លើកនិងចាញ់១១លើក តែឈរចំណាត់ថ្នាក់លេខ៩ ក្នុងចំណោម ១២ក្លិប។ ប៉ុន្តែតែពួកគេធ្វើបានយ៉ាងល្អវិញក្នុងការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១២ ដោយទទួលបានជើងឯករង បន្ទាប់ពីប្រកួតចាញ់ក្រុមក្រសួងការពារជាតិ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល៣ទល់០៕
Source: Kampuchea Thmey Daily
0 Comments