ភ្នំពេញ ៖ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើគំរោងនៃមូលនិធិពិសេស មេគង្គ-ឡានឆាង ដែលមានទឹកប្រាក់សរុបចំនួន៧.៦៦៤.៥៥៦,៣០ ដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខា កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ រវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងបន្ទាប់ពីពិធីចុះហត្ថលេខានោះថា ចាប់តាំងពីការបង្កើតកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ប្រទេសកម្ពុជាបានទទួលគំរោងសរុបចំនួន៣៥ ដែលមានវិសាលភាពគ្របដណ្តប់លើសកម្មភាពកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ទេសចរណ៍ បច្ចេកទេសព័ត៌មានវិទ្យា អប់រំ និងស្រាវជ្រាវ ធនធានទឹក អភិវឌ្ឍន៍ជនបទ ការតភ្ជាប់ផ្លូវអាកាស ការផ្លាស់ប្តូរផ្នែកវប្បធម៌ និងសាសនា។ គម្រោងមួយចំនួនត្រូវបានបញ្ចប់ជាស្ថាពរ និងគម្រោងដែលនៅសល់ផ្សេងទៀត ជិតត្រូវបានបញ្ចប់ ឬមានវឌ្ឍនភាពគួរឲ្យសម្គាល់។
លោកបន្តថា ពិធីចុះហត្ថលេខានេះ គឺជាតឹកតាងយ៉ាងច្បាស់លាស់ថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងបាននឹងកំពុងបោះជំហានទៅមុខយ៉ាងមាំមួន ជាមួយនឹងចំណងនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំតាមរយៈគម្រោងទាំងនេះ។ ថ្វីត្បិតតែគម្រោងទាំងនេះ មិនមែនជាគំរោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ ប៉ុន្តែវាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់អនុតំបន់មេគង្គ។
តាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅក្នុងបរិបទនៃការវិវត្តយ៉ាងឆាប់រហ័សនៃទិន្នន័យ និងការច្នៃប្រឌិតថ្មីរបស់ពិភពលោក សមត្ថភាពនៃការចែករំលែក ចំណេះដឹងថ្មី ចំណេះធ្វើ និងបទពិសោធន៍ របស់ប្រទេសមេគង្គ និងចិន ដែលខ្ញុំអាចហៅថា ជាហេដ្ឋារចនាសម្ព័ន្ធទន់ បានជួយបំពេញយ៉ាងល្អទៅដល់ហេដ្ឋារចនាសម្ព័ន្ធរឹង ដែលត្រូវបានអនុវត្តក្រោមគំរោងទ្វេភាគី និងពហុភាគីដទៃទៀត។ លោកបញ្ជាក់ថា តម្លៃពិតប្រាកដនៃគម្រោងខ្នាតតូចទាំងនេះ គឺវាអាចបង្កើតនូវលទ្ធផលរូបី ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងរួមចំណែកដល់សុខុមាលភាពរបស់ប្រជាជន។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើងទៀតថា ប្រទេសកម្ពុជា បន្តប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអនុតំបន់នេះ ដោយផ្អែកលើសកម្មភាពអនុវត្តជាក់ស្តែង ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា និងតំបន់មេគង្គ ហើយឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់ស្ថាប័ន និងភ្នាក់ងារអនុវត្តគម្រោងនានា សម្រាប់ការសហការ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយលេខាធិការដ្ឋានជាតិកម្ពុជានៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងការអនុវត្តគម្រោងទាំងនេះ។
សូមបញ្ជាក់ថា គម្រោងរបស់កម្ពុជាចំនួន១៩ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មេគង្គ-ឡានឆាងលើកទី៤ នៅទីក្រុងហ្លួងប្រាបាង្គ ប្រទេសឡាវ កាលពីថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០១៨ ដែលមានទឹកប្រាក់សរុបចំនួន៧.៦៦៤.៥៥៦,៣០ ដុល្លារអាមេរិក ភាគច្រើនគ្របដណ្តប់លើសកម្មភាពនានា ដែលទាក់ទងនឹងការពង្រឹងសមត្ថភាព ការអប់រំ ការសិក្សាស្រាវជ្រាវ និងការផ្លាស់ប្តូរកម្មវិធី។
គម្រោងរបស់កម្ពុជាចំនួន១៩នោះរួមមាន ទី១, គម្រោងកម្មវិធីគាំទ្រអាហារូបករណ៍សម្រាប់ឱកាសសិស្សក្រីក្រសិក្សាលើវិស័យវិស្វកម្ម ទូរគមនាគមន៍នៅប្រទេសចិន គម្រោងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទី២, វគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងគម្រោង និងការអភិវឌ្ឍតាមវិស័យអាទិភាពសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គម្រោងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទី៣, ការកាត់បន្ថយភាពក្រីក្រតាមរយៈការអភិវឌ្ឍ សេដ្ឋកិច្ចជនបទនៅកម្ពុជា(ដំណាក់កាលទី២) គម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ទី៤, ការអភិវឌ្ឍន៍សមាហរណកម្មសហគមន៍តាមដងទន្លេមេគង្គ (ដំណាក់កាលទី២) គម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ទី៥, កិច្ចសន្ទនាអន្តរជំនឿស្តីពីសន្តិភាព និងការអភិវឌ្ឍជានិរន្តន៍ ក្នុងបណ្តាប្រទេសតាមដងទន្លេមេគង្គ គម្រោងរបស់ក្រសួងធម្មការ និងសាសនា ទី៦, សន្និសីទមេគង្គ-ឡានឆាងស្តីពីការបកស្រាយបេតិកភណ្ឌធម្មជាតិ និងវប្បធម៌ ឆ្ពោះទៅរក មគ្គុទេសក៏ប្រកបដោយគុណភាព និងទេសចរពេញចិត្ត (ដំណាក់កាលទី១) គម្រោងរបស់ក្រសួងទេសចរណ៍ ទី៧, ការបង្ការគ្រោះថ្នាក់យន្តហោះតាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការនៃបណ្តាប្រទេសមេគង្គ-ឡានឆាង (កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃឡង់ដ៏ និងវៀតណាម) រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ទី៨, ការកសាងសមត្ថភាពលើការអនុវត្តក្របខណ្ឌគុណវុឌ្ឍិជាតិ និងការធានាគុណភាពអប់រំឧត្តមសិក្សានៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម គម្រោងរបស់ក្រសួងអប់រំ យុវជន និងកីឡា ទី៩, ពង្រឹងសមត្ថភាពសម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រគ្រប់គ្រងតំបន់ការពារធម្មជាតិ និងក្របខ័ណ្ឌរេដបូក ក្នុងបណ្តាប្រទេសមហាអនុតំបន់មេគង្គ-ទ្បានឆាង គម្រោងរបស់ក្រសួងបរិស្ថាន ទី១០, គម្រោងកសាងសមត្ថភាព តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្រាប់សេដ្ឋកិច្ចឌីជីថល គម្រោងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ទី១១, វេទិកាសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងលំហាត់សមយុទ្ធមេគង្គ-ឡានឆាង គម្រោងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទី១២, ការគ្រប់គ្រងធនធានទឹក និងធនធានពាក់ព័ន្ធឆ្លងដែនដោយផ្អែកលើសហគមន៍នៅតំបន់ព្រំដែនកម្ពុជា-វៀតណាម និងផ្សព្វផ្សាយបទពិសោធន៍ទទួលបានទៅតំបន់ព្រំដែនកម្ពុជា-ឡាវ គម្រោងរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ទី១៣, គម្រោងបណ្ដាញកិច្ចសហប្រតិបត្តិការក្របខណ្ឌវប្បធម៌មេគង្គ-ឡានឆាង គម្រោងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទី១៤, ផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងដំណោះស្រាយរបស់រដ្ឋាភិបាល គម្រោងរបស់ក្រសួងព័ត៌មាន ទី១៥, ការអភិវឌ្ឍសមត្ថភាព ដើម្បីចូលរួមចំណែកក្នុងការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពនៅក្នុងតំបន់មេគង្គ-ឡាងឆាង គម្រោងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទី១៦, សហគ្រប់គ្រងសមាគមនេសាទ ការកសាងសមត្ថភាព និងការចែករំលែកមេរៀន និងបទពិសោធន៍អំពីសហគមន៍នេសាទជាមួយបណ្តាប្រទេសក្នុងតំបន់មេគង្គ គម្រោងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទី១៧, ការបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកដឹកនាំសវនករផ្នែកប្រព័ន្ធគ្រប់គ្រងគុណភាព ISO9001:2015 គម្រោងរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទី១៨, ការគ្រប់គ្រងទឹករបៀបការទូត នៃអាងទន្លេមេគង្គ ឆ្ពោះទៅរកការប្រើប្រាស់អាងទន្លេរួម ដើម្បីភាពរុងរឿង គម្រោងរបស់វិទ្យាស្ថានអភិវឌ្ឍន៍ និងស្រាវជ្រាវកម្ពុជា (CDRI) ទី១៩, ការកសាងភាពជាដៃគូក្នុងតំបន់សម្រាប់នវានុវត្តន៍វិស័យអប់រំថ្នាក់ឧត្តមសិក្សាគម្រោងរបស់វិទ្យាស្ថានអភិវឌ្ឍន៍ និងស្រាវជ្រាវកម្ពុជា (CDRI)៕
Source: Kampuchea Thmey Daily
0 Comments