Ad Code

កិច្ចប្រជុំ GBC កម្ពុជា​-​ថៃ ឯកភាព​ជំរុញ​បន្ត​ការ​ថែរក្សា​សន្តិភាព ស្ថិរភាព នៅតាម​បណ្តោយ​ព្រំដែន ស្របតាម​គោលការណ៍ និង​វិធាន​ការដែល​បានកំណត់



​ភ្នំពេញ ​៖ កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កម្ពុជា​-​ថៃ លើក​ទី​១៤ ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​ដោយ​សហប្រធាន គឺ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត វង្ស​សុវណ្ណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស នៃ​ព្រះរាជាណាចក្រ​ថៃ ហើយ​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​ភាគី​ទាំងពីរ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម ពី​កិច្ចការ​ព្រំដែន​ប្រទេស​ទាំងពីរ​។



សេចក្តីថ្លែងការណ៍​រួម​បាន​លើក​ឡើង​ថា កិច្ចប្រជុំ​ត្រូវបាន​រៀបចំឡើង ដោយ​យោង​ទៅតាម​កិច្ចព្រមព្រៀង នៃ​ការបង្កើត​កិច្ច​សហប្រតិបត្តិការ​ព្រំដែន រវាង​កម្ពុជា និង​ថៃ ក្នុង​គោលបំណង​បង្កើន​កិច្ចសហប្រតិបត្តិការ ដើម្បី​សន្តិភាព និង​សន្តិសុខ​តាម​តំបន់​ព្រំដែន ក៏ដូចជា​ការពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​រវាង​កង​ទ័ព និង​កងឯកភាព​សន្តិ​សុខ​ពាក់​ព័ន្ធ​ដទៃទៀត​របស់​កម្ពុជា និង​ថៃ​។ កិច្ចប្រជុំ​បាន​បញ្ជាក់​អំ​ពី​សារៈសំខាន់ នៃ​ការប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) លើក​ទី​១៤ ដែល​បាន​ផ្តល់នូវ​ការណែនាំ និង​ទិសដៅ ដើម្បី​ជំរុញ​ឲ្យ​ទំនាក់ទំនង​ល្អ​ដែលមាន​ស្រាប់ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​មាន​សារប្រយោជន៍ រវាង​កងទ័ព​ទាំងពីរ​នៅ​គ្រប់​កំរិត​ទាំងអស់ កាន់តែ​ប្រសើរ​ឡើង​ថែមទៀត សម្រាប់​ជា​ការ​លើក​កំពស់​ដល់​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន​។ កិច្ច​ប្រជុំ​បាន​ស្វាគមន៍​ចំពោះ​វឌ្ឍនភាព នៃ​កិច្ចសហប្រតិបត្តិការ​តាម​បណ្តោយ​ព្រំដែន​។



តាម​សេចក្តី​ថ្លែងការណ៍​រួម​នោះ ភាគី​ទាំង​ពីរ​បាន​ពិនិត្យ​ឡើង​វិញ នូវ​លទ្ធផល នៃ​ការ​អនុវត្តន៍​កម្មវិធី​កិច្ច​សហប្រតិបត្តិការ​ផ្សេងៗ ដែល​ដាក់ចេញ​ដោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ លើក​ទី​១៣ កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​បាងកក ព្រះរាជាណាចក្រ​ថៃ ដូចជា​៖ កិច្ច​សហប្រតិបត្តិការ​លើ​ការ​ឆ្លងកាត់​ព្រំដែន បញ្ហា​ពលករ ការទប់ស្កាត់ និង​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន ការ​លើក​កំពស់​កិច្ច​សហប្រតិបត្តិការ​រ​វាង​កងទ័ព​កម្ពុជា ជាមួយ​បណ្តា​អង្គភាព សន្តិសុខ​ថៃ ក្នុង​តំបន់​ព្រំដែន បញ្ជា​កសិកម្ម បញ្ហា​សុខភាព​សាធារណៈ ការអភិវឌ្ឍន៍​ជីវភាព​រស់នៅ​ការអប់រំ សាសនា និង​វប្បធម៌​។ កិច្ច​ប្រជុំ​បាន​ឯកភាព​ជំរុញ​ភាគី​ទាំងពីរ ឲ្យ​បន្ត​នូវ​ភារកិច្ច ក្នុង​ការ​ថែរក្សា​សន្តិភាព ស្ថិរភាព​តាម​បណ្តោយ​ព្រំដែន នៃ​ប្រទេស​ទាំងពីរ ដោយ​ស្របតាម​គោលការណ៍ និង​វិធាន​ការដែល​បាន​កំណត់​ក្នុង​កំណត់ហេតុ​ព្រមព្រៀង នៃ​កិច្ចប្រជុំ​លើក​ទី​១៤​នេះ លើ​គ្រប់​ទិដ្ឋភាព​ទាំងអស់​។



សេចក្តី​ថ្លែងការណ៍​រួម​បញ្ជាក់​ថា ភាគី​ថៃ នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន ទូទៅ (GBC) កម្ពុជា​-​ថៃ​លើក​ទី​១៥ ហើយនឹង​ធ្វើការ​ជូនដំណឹង​ទៅ​ភាគី​កម្ពុជា​អំពី​កាលបរិច្ឆេទ និង​ទីកន្លែង​នៅពេល​ក្រោយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu