Ad Code

ក្រសួងពាណិជ្ជកម្ម​ផ្ដល់​សិទ្ធិ​ផ្តាច់​មុខ​ដល់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​កម្ពុជា​ក្នុងការ​នាំចូល និង​ចែកចាយ​ផលិតផល​ចំនួន​៥​មុខ​នៅ​ទីផ្សារ​កម្ពុជា



ភ្នំពេញ​ ៖​ ក្រសួងពាណិជ្ជកម្ម បាន​ផ្ដល់​សិទ្ធិ​ផ្តាច់មុខ​ដល់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​កម្ពុជា​ក្នុង​ការ​នាំចូល និង​ចែកចាយ​ផ​លិត​ផល​ចំនួន​៥​មុខ​នៅ​ទីផ្សារ​កម្ពុជា​។



បើ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា ​ផលិតផល​ចំនួន​៥​មុខ​ដែល​ក្រសួង​ប្រកាស​ទទួលស្គាល់​នោះ​រួមមាន​ម៉ាក COCA-COLA, COCA-COLA ZERO, MINUTE MAID, MINUTE MAID PULPY, DASANI។



ក្នុង​សេចក្ដីជូនដំណឹង​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ខេ​ម​បូ​ឌា បេ​វេ​រេ​ដ ខម​ប៉ានី លី​មី​ធី​ត​(​កូ​កា​-​កូ​ឡា​កម្ពុជា​) ទទួល បាន​សិទ្ធិ​ផ្តាច់មុខ​ក្នុងការ​នាំចូល និង​ចែកចាយ​ក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នូវ​ផលិត ផល​ដែល​ពាក់​ម៉ាក់​ដូច​រៀបរាប់​ខាងលើ​ចាប់ពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ តទៅ តាមរយៈ​លិខិត​កត់ត្រា និង​តម្កល់​សិទ្ធិ​ផ្តាច់មុខ​លេខ​៖៤៤៨៣ ពណ​ក​សប ចុះ​ថ្ងៃទី​១៣-​ធ្នូ​-២០១៨ របស់​ក្រសួងពាណិជ្ជកម្ម​។



ក្រសួងពាណិជ្ជកម្ម​បាន​លើកឡើង​ទៀតថា ការ​ទទួលបាន​សិទ្ធិ​ចែកចាយ​ផលិតផល​របស់​ក្រុមហ៊ុន​នេះ មាន​សុពលភាព​រយៈពេល​ពីរ​ឆ្នាំ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ ហើយ​អាច​បាត់បង់​សុពល​ភាពជា​ស្វ័យប្រវត្តិ​វិញ​មុន​កាលបរិច្ឆេទ​ផុតកំណត់​ខាងលើ ប្រសិនបើ​មានការ​ជូនដំណឹង​អំពី​ការ​បញ្ចប់​សិទ្ធិ​ពី​ក្រុមហ៊ុន​The Coca-Cola Company ដែលជា​ម្ចាស់​ម៉ាក​។



ក្រសួងពាណិជ្ជកម្ម​បាន​បន្ថែម​ទៀត​ថា ចាប់ពី​ក្រោយ​រយៈពេល​៩០​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​លើ​លិខិត​កត់ត្រា និង​តម្កល់​សិទ្ធិ​ផ្ដាច់មុខ អ្នកទទួល​សិទ្ធិ​ស្របច្បាប់ មាន​សិទ្ធិ​ប្ដឹងទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ចាត់វិធានការ​រារាំង​ទំនិញ​ដែល​នាំចូល​ស្របគ្នា​។

ជា​មួយ​គ្នា​នេះ​ដែរ ​ក្រសួងពាណិជ្ជកម្ម​ក៏បាន​ណែនាំ​ដល់​នីតិបុគ្គល​ដែល​ទទួល​បាន​សិទ្ធិ​នាំចូល និង​ចែក ចាយ​ផ្ដាច់មុខ ត្រូវ​បោះពុម្ពផ្សាយ​លិខិត​កត់ត្រា​នេះ ក្នុង​ទំព័រសារព័ត៌មាន និង​ត្រូវ​អនុវត្ដ​ន៍ ឲ្យ​បាន​ត្រឹមត្រូវ​នូវ​លិខិត​បទដ្ឋាន​ជា​ធរមាន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu