Ad Code

ខ្សែការពារ​វ័យក្មេង សឿត ណា​វ៉ា រំពឹង​ទទួលបាន​បទពិសោធន៍​ច្រើន​នៅ​បឹងកេត តែ​មិន​ផ្តោត​កៅអី​ជម្រើស​១១​នាក់​ដំបូង



ក្លិប​ជើងឯក​រង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) បឹងកេត​អែ​ហ្វ​ស៊ី​កាលពី​ខែតុលា ឆ្នាំ​២០១៨ កន្លង​ទៅបាន​ចុះកិច្ចសន្យា​នាំយក​ខ្សែការពារ ក្រុម​ជម្រើសជាតិ​យុវជន​កម្ពុជា សឿត ណា​វ៉ា ដែល​ធ្លាប់​បណ្តុះបណ្តាល​នៅ​មជ្ឈមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី ក្នុង​ខេត្តតាកែវ មក​ចូលរួម​ក្នុង​ក្រុម​។

​ក្លិប​បានផ្តល់​អាវ​លេខ​៥​ដល់​ខ្សែការពារ​វ័យ​១៩​ឆ្នាំ​រូបនេះ​ ក្នុង​ពេល​ប្រកួត​ផ្លូវការ​នៅពេល​ខាងមុខ ខណៈ​អាវ​នេះ​ធ្លាប់​ពាក់​ដោយ​កីឡាករ សុខ សុវណ្ណ ដែល​ទើបតែ​ចាកចេញ​ទៅកាន់​ក្លិប​វិសាខា កាលពី​ជើង​ទី​២​រដូវ​កាល​ឆ្នាំ​២០១៨ កន្លងទៅ​។ ក្រោយពី​ផុត​កិច្ចសន្យា​ហើយ​ចាក​ចេញពី​សាលា​បាល់ទាត់​ជាតិ​បាទី រូបគេ​បាន​ផ្លាស់​ទ្រនំ​មកកាន់​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី នេះ​តែម្តង​។ យុវជន​ដែលមាន​ស្រុកកំណើត​នៅ​ខេត្តបន្ទាយមានជ័យ រូបនេះ បាន​ជាប់​ជា​យុវជន​ថ្នាល​របស់​សាលា​បាល់ទាត់​ជាតិ​បាទី​ក្នុង​ឆ្នាំ​២០១៤​។



កីឡាករ​វ័យក្មេង​ខាងលើ​បាន​បញ្ជាក់ថា​៖«​រដូវ​កាល​ទី​១​នេះ ខ្ញុំ​អត់​មានបំណង​ដណ្ដើមយក​កៅអី​ជម្រើស​១១​នាក់​ដំបូង​ទេ តែ​ខ្ញុំ​ចាត់ទុក​វា​ជាការ​ចាប់ផ្ដើម​ថ្មី​មួយ ព្រោះ​ក្លិប​អាជីព​មាន​មេរៀន​ជាច្រើន ដែល​ខ្ញុំ​ត្រូវ​ស្វែងយល់​ជាង​កាល​ខ្ញុំ​នៅ​បាទី​។ បទពិសោធ និង ការពង្រឹង​កាយសម្បទា​សំខាន់​ណាស់​សម្រាប់​ខ្ញុំ​ក្នុងឆ្នាំនេះ​។ ខ្ញុំ​មិន​ប្រញាប់​ពេក​ទេ ព្រោះ​ពេល​ខ្ញុំ​ត្រៀម​បានល្អ​នៅ​ឆ្នាំនេះ រដូវ​កាល​ក្រោយ​ខ្ញុំ​អាច​ផ្ដោត​ប្រជែង​ពេញទំហឹង សម្រាប់​កៅអី​១១​នាក់​ដំបូង​»​។

​កីឡាករ សឿត ណា​វ៉ា ធ្លាប់​ជាប់​បង្ហាញខ្លួន​នៅក្នុង​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជាច្រើន​ជាមួយ​ក្រុម​ជម្រើសជាតិ​យុវជន​កម្ពុជា ព្រមទាំង​ក្នុង​ពានរង្វាន់​ជើងឯក​អាស៊ី ជើង​តំបន់​អាស៊ាន និង​ពានរង្វាន់​ក្រៅផ្លូវការ​មួយចំនួន​ផងដែរ ជាក់ស្តែង​ដូចជា​ក្នុង​ពានរង្វាន់ AFF U16 Championship, AFC U16 Championship, AFF U17, AFF U18, និង AFF U19 Championship ឆ្នាំ​២០១៨​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​ខែកក្កដា​កន្លងទៅនេះ​។​ថ្មីៗ​នេះ​រូបគេ​ទើប​ធ្វើដំណើរ​ត្រឡប់​មកពី​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន រយៈពេល​៣​សប្ដាហ៍​។

កីឡាករ សឿត ណា​វ៉ា គឺជា​សមាជិក​ចំណូល​ថ្មី​ទី​២ បន្ទាប់ពី​មិត្ត​រួម​ក្រុម​អ្នកចាំទី ហ៊ុល គីម​ហ៊ុយ នៅ​សាលា​បាល់ទាត់​ជាតិ​បាទី​ដូចគ្នា ដែល​បាន​សម្រេចចិត្ត​រូ​ម​ជាមួយ​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី នៅ​ចុងឆ្នាំ​២០១៨​នេះ​។ ដំណើរ​មកដល់​របស់​កីឡាករ​ទាំង​២​រូបនេះ​នឹង​ជួយ​បំពេញ​ចន្លោះប្រហោង​នៅលើ​ទីលាន​ដល់​លោក​ ហៅ សុជាតិ​ ដែល​ជា​គ្រូបង្វឹក​កំពុង​ជួប​ប្រទះ​នា​ពេល​កន្លង​ទៅ​នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu