ភ្នំពេញ ៖ តារាសម្ដែង កញ្ញា សាឡាត់ ស្រីឡាង ស្របពេលដែលកំពុងមានការទម្លាយជុំវិញរឿងរ៉ាវដ៏អាម៉ាស់ និងភ្ញាក់ផ្អើលខ្លាំង កក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក ខណៈមានស្ត្រីម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាអតីតភរិយាម្ចាស់ផលិតកម្មLD គឺ លោក លៀក លីដា ប្រកាសទម្លាយ គ្មានសល់នូវទង្វើលួចលាក់ មានស្នេហាជាមួយ លោក លៀក លីដា មានរយៈពេលជាច្រើនឆ្នាំមកនោះពេលនេះ ក៏ស្រាប់តែតារាស្រីរូបនេះ បានប្រកាសប្តឹងទាមទារសំណងជំងឺចិត្តចំនួន១០ម៉ឺនដុល្លារ។
ផ្អែកតាមការបង្ហោះ ភ្ជាប់ជាមួយពាក្យបណ្ដឹងនៅលើបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កញ្ញា សាឡាត់ ស្រីឡាង បានលើកឡើងថា តាមពិតបើតាមចរិតរបស់ខ្ញុំ គឺខ្ញុំត្រូវតបតតាំងពីដំបូងម្ល៉េះតែក្រោយពីពិភាក្សាគ្នាជាមួយ បង គឹមសួរ ធ្វើឲ្យខ្ញុំគិតយល់ថា ការតបតមិនមែនជាដំណោះស្រាយមួយដ៏ល្អទេ ដោយសារតែអ្នកដែលចូលរួមវិភាគ និងកាត់ក្តីទាំងនោះមិនមែនជាតុលាការដ៏សុក្រឹតនោះទេ តែវាប្រៀបដូចជាយកកេរខ្មាសរបស់ខ្លួនឯង មកដាក់តាំងបង្ហាញជាសាធារណៈ ដើម្បីឲ្យប្រជាជនបានឃើញតែប៉ុណ្ណោះ។
កញ្ញា សាឡាត់ ស្រីឡាង បានបន្តទៀតថា ដូចនេះ ខ្ញុំសូមពឹងផ្អែកលើផ្នែកច្បាប់ ដើម្បីជួយរកដំណោះស្រាយមួយដ៏ល្អសម្រាប់ពួកយើង។ ខ្ញុំនឹងពិចារណាដកពាក្យបណ្ដឹងនេះវិញ នៅពេលដែលបងឈប់បន្តបំភ្លៃបរិហារកេរ្តិ៍ខ្ញុំ ដោយមិនមានភស្តុតាងជាក់លាក់បែបនេះទៀត។ នេះមិនមែនជាការព្រមានទេ តែវាជាវិធីដ៏ល្អមួយ ដើម្បីរកផ្លូវចេញមួយដ៏សន្តិវិធី។ ភ្លើងកំពុងតែឆាបឆេះ សូមឈប់បន្តចាក់សាំងលើភ្លើងទៀតទៅ។ សូមឈប់បន្តរំខានជីវិតរស់នៅ និងជីវិតសិល្បៈរបស់ខ្ញុំតទៀតទៅ។
ដោយឡែក បើចាប់អារម្មណ៍មកមើលនៅលើពាក្យបណ្ដឹងរបស់តារាស្រី កញ្ញា សាឡាត់ ស្រីឡាង ឯណោះវិញ ក៏បានបញ្ជាក់ថា នាងខ្ញុំ ឈ្មោះ សាឡាត់ ស្រីឡាង អាយុ២២ឆ្នាំ សុំប្ដឹង ឈ្មោះ Soth Panhchaka ចំពោះសម្ដីគំរាមជេរប្រមាថ និងការផុសរបស់គាត់នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកដែលមានគណនី ឈ្មោះ Panhchaka June កាលពីថ្ងៃទី១១ និង ១២ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ។
នៅក្នុងពាក្យបណ្ដឹងដដែលនោះ តារាស្រី កញ្ញា សាឡាត់ ស្រីឡាង បានទាមទារនូវសំណង ជំងឺចិត្ត ចំនួន៣ចំណុច ៖ ១-ធ្វើការចោទប្រកាន់ និងផ្ដន្ទាទោសលើ ឈ្មោះ Soth Panhchaka តាមមាត្រា ២៣១ មាត្រា៣០៥ និង មាត្រាដទៃទៀត តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ២-ទាមទារឲ្យឈ្មោះ Soth Panhchaka សងជំងឺចិត្ត គិតជាទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារ។ ៣-ទាមទារឲ្យឈ្មោះ Soth Panhchaka លុបផុសទាំងឡាយណាដែលបានផុសប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់នាងខ្ញុំ ព្រមទាំងធ្វើការសូមទោសជាសាធារណៈ។
ជុំវិញការប្រកាសដាក់ពាក្យបណ្ដឹងទៅតុលាការ ពីសំណាក់ កញ្ញា សាឡាត់ ស្រីឡាង ខាងលើនេះដែរ ភ្លាមៗនោះ ត្រូវបានស្ត្រីម្ចាស់អាខោន ឈ្មោះ Panhchaka June បានចេញមុខប្រតិកម្ម ដោយលើកឡើងដូច្នេះថា ៖ អូនរវល់លក់ផ្ការកស៊ីសិន សន្សំលុយសងវា១០០ដុល្លារ ខំជេរវាឲ្យវាខ្មាសគេប៉ិននឹងហើយ សម្បត្តិហែងយកពីអតីតប្តីអញបានផ្ទះ បានលុយ បានឡានហើយអត់ស្កប់ មកទារអញ១០ម៉ឺនដុល្លារទៀត។ ចង់យកទាំងប្តីហើយ យកទាំងលុយអូនទៀត មីនឹងចង់ឲ្យប្រវត្តិសាស្ត្រ រឿងសហាយប្តឹងអតីតប្រពន្ធ បានទៅលើវា គេចងចាំវាអត់ភ្លេច ហើយមើលទៅ? ឥឡូវ ទើបលក់បាន៧០០០ដុល្លារ ខ្វះច្រើនហាស ទម្រាំបាន១០ម៉ឺនហាសវើយ។
គួររំលឹកថា នៅលើបណ្តាញសង្គមហ្វេសប៊ុកអំឡុងពេលប៉ុន្មានថ្ងៃកន្លងមកនេះបានផ្ទុះរឿង អាស្រូវ ដ៏រសើប បង្កការភ្ញាក់ផ្អើលដល់មហាជន ក្រោយពេលដែលអតីតភរិយា របស់ថៅកែផលិតកម្ម LD លោក លៀក លីដា ដែលត្រូវបានគេស្គាល់ឈ្មោះថា អ្នកនាង Soth Panhchaka បានប្រកាសទម្លាយ អំពីរឿងរ៉ាវ ដ៏គួរឲ្យអាម៉ាស់លើករណីទំនាក់ទំនងស្នេហា ការលួចលាក់ សហាយស្មន់ និង សម្ពន្ធភាពផិតក្បត់ មានរយៈពេលជាច្រើនឆ្នាំ រវាង តារាស្រី កញ្ញា សាឡាត់ ស្រីឡាង និង លោក លៀក លីដា ទើបធ្វើឲ្យ តារាស្រីរូបនេះ ផ្ទុះប្រតិកម្ម ប្រកាសប្ដឹងអតីតប្រពន្ធដើម នូវសំណងជំងឺចិត្តចំនួន១០ម៉ឺនដុល្លារ៕
Source: Kampuchea Thmey Daily
0 Comments