អ្នកកាសែតហ្វីលីពីនឈ្មោះ Maria Ressa ដែលគេហទំព័រព័ត៌មានរបស់នាង បានប៉ះទង្គិចម្តងហើយម្តងទៀតជាមួយលោកប្រធានាធិបតី Rodrigo Duterte ត្រូវបានចាប់ខ្លួននៅឯការិយាល័យក្រុងម៉ានីលរបស់នាងកាលពីថ្ងៃពុធនៅក្នុងអ្វីដែលក្រុមអ្នកគាំទ្រសេរីភាពសារព័ត៌មានចាត់ទុកថាជាទង្វើនៃ “ការធ្វើទុក្ខបុកម្នេញ”។
ការឃាត់ខ្លួនរបស់នាងលើបទចោទប្រកាន់ “បរិហាកេរ្តិ៍តាមអ៊ីនធើណេត” គឺជាសម្ពាធកាន់តែខ្លាំងបន្ថែមទៀតរបស់រដ្ឋាភិបាលដើម្បីចាត់វិធានាការលើលោកស្រី Ressa និងគេហទំព័រ Rappler របស់នាងដែលកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទគេចវេសពន្ធរួចទៅហើយ។
វាបានកើតឡើងបន្ទាប់ពីលោក Duterte បានបង្ក្រាបលើក្រុមអ្នករិះគន់ទម្រង់ខ្ពស់នៅក្នុងសារព័ត៌មាននិងស្ថាប័ននីតិប្បញ្ញត្តិដែលហ៊ានជំទាស់នឹងយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោកដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។
សហស្ថាបនិកគេហទំព័ Rapplerឈ្មោះ Beth Frondoso បានប្រាប់AFP “នាងត្រូវបានចាប់ខ្លួន”។
ក្រោយមក គេហទំព័រ Rappler បានប្រកាសនៅលើ Twitter ថា លោកស្រី Ressa នឹងត្រូវចំណាយពេលមួយយប់នៅឯការិយាល័យស៊ើបអង្កេតជាតិដែលជាអង្គភាពឃាត់ខ្លួននាងខណៈដែលមេធាវីព្យាយាមស្វែងរកតុលាការដើម្បីធ្វើការបង់ប្រាក់ធានា។
លោកស្រី Ressa ដែលបានជាប់ឈ្មោះជាបុគ្គលល្បីប្រចាំឆ្នាំរបស់ទស្សនាវដ្ដី Time ក្នុងឆ្នាំ២០១៨សម្រាប់អាជីពសារព័ត៌មានរបស់នាងបានចាកចេញពីការិយាល័យរបស់គេហទំព័រ Rappler ជាមួយមន្ត្រីស្លៀកពាក់ស៊ីវិលនិងត្រូវបានព័ទ្ធជុំវិញដោយកាមេរ៉ា។
គេហទំព័រ Rappler បានបង្កឲ្យមានកំហឹងពីរដ្ឋាភិបាលចាប់តាំងពីការចេញផ្សាយរបាយការណ៍ដែលរិះគន់ទៅលើសង្គ្រាមគ្រឿងញៀនរបស់លោក Duterte ដែលក្រុមអ្នករិះគន់និយាយថា បានតម្រង់គោលដៅទៅលើជនក្រីក្រនិងអាចបង្កទៅជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ទោះបីជាយ៉ាងណាក៏ដោយ ករណីថ្មីប្រឆាំងនឹងលោកស្រី Ressa និងអតីតអ្នកយកព័ត៌មាន Rappler ឈ្មោះ Reynaldo Santos Jr គឺកើតចេញពីរបាយការណ៍ឆ្នាំ២០១២ដែលបានសរសេរអំពីទំនាក់ទំនងរបស់អ្នកជំនួញម្នាក់ជាមួយអតីតចៅក្រមនៅតុលាការកំពូលរបស់ប្រទេស៕ AFP
Source: Kampuchea Thmey Daily
0 Comments