អតីតអ្នកប្រដាល់ម្នាក់ដែលបានក្លាយជាវីរបុរសសម្រាប់បាតុករអាវកាក់ពណ៌លឿងមួយចំនួននៅប្រទេសបារាំងបន្ទាប់ពីវាយដំមន្ត្រីប៉ូលិសក្នុងអំឡុងបាតុកម្មមួយគឺត្រូវបានផ្តន្ទាទោសកាលពីថ្ងៃពុធឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ។
លោក Christophe Dettinger អតីតជើងឯកប្រដាល់ទម្ងន់ស្រាលថ្នាក់ជាតិត្រូវបានថតជាប់ក្នុងកាមេរ៉ានៅថ្ងៃទី៥ខែមករាថាបានវាយប្រហារទៅលើមន្ត្រីម្នាក់ក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នាលើស្ពានអាកាសថ្មើរជើងមួយលើទន្លេ Seine ក្នុងទីក្រុងប៉ារីស។
លោក Dettinger អាយុ៣៧ឆ្នាំត្រូវបានគេឃុំឃាំងចាប់តាំងពីការប្រគល់ខ្លួនបន្ទាប់ពីការវាយប្រហារនោះ។ គាត់បានបង្ហាញមុខនៅក្នុងបន្ទប់សវនាការមួយកាលពីថ្ងៃពុធ។
ដោយមិនអើពើចំពោះការអំពាវនាវរបស់រដ្ឋអាជ្ញាឲ្យមានការកាត់ទោសធ្ងន់ជាងនេះ, ចៅក្រមបានផ្តល់ឲ្យលោក Dettinger នូវទោសជាប់ពន្ធនាគារបើកចំហដែលនឹងអនុញ្ញាតឲ្យគាត់អាចធ្វើការបានអំឡុងពេលថ្ងៃ។
វីដេអូនៃឧបទ្ទវហេតុនោះដែលត្រូវបានគេចាក់ម្តងហើយម្តងទៀតនៅលើទូរទស្សន៍និងប្រព័ន្ធផ្សព្វផ្សាយសង្គមគឺត្រូវបានបង្ហាញជាថ្មីនៅក្នុងតុលាការដោយក្នុងនោះលោក Dettinger ត្រូវបានគេមើលឃើញវាយប៉ូលិសម្នាក់បន្ទាប់មកទាត់ប៉ូលិសម្នាក់ទៀតនៅលើដី។
បុរសកូនបីដែលមិនធ្លាប់រងការចោទប្រកាន់ពីមុនរូបនេះបានសុំទោសចំពោះទង្វើរបស់គាត់។
លោក Dettinger បានប្រាប់តុលាការថា “ខ្ញុំចង់បញ្ឈប់ភាពអយុត្តិធម៌ប៉ុន្តែខ្ញុំបានបង្កើតរឿងមួយទៀត”។ គាត់បានសម្តែងវិប្បដិសារីចំពោះកំហុសឆ្គងរបស់គាត់ដែលគាត់បាននិយាយថា បណ្តាលមកពីកំហឹងចំពោះអំពើហឹង្សាដែលគេប្រើប្រាស់ប្រឆាំងនឹងបាតុករ។
គួរបញ្ជាក់ជាថ្មីថា ចលនាអាវកាក់ពណ៌លឿងបានចាប់ផ្តើមចេញពីការដំឡើងពន្ធលើប្រេងឥន្ធនៈហើយបានរាលដាលយ៉ាងឆាប់រហ័សទៅជាការបះបោរកាន់តែទូលំទូលាយប្រឆាំងនឹងគោលនយោបាយសេដ្ឋកិច្ចនិងរចនាប័ទ្មនៃភាពជាអ្នកដឹកនាំរបស់លោកប្រធានាធិបតី Emmanuel Macron៕ AFP
Source: Kampuchea Thmey Daily
0 Comments