ព្រៃវែង ៖ កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តមង្គលសួស្ដី (រកា) ស្ថិតនៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង មានចំនួន៤៣០នាក់ បានផ្ដិតមេដៃប្ដឹងទៅដល់ លោក ហ៊ី ធួក អភិបាលស្រុកពារាំង និងអនុគណស្រុកពារាំង ស្នើសុំដកព្រះគ្រូចៅអធិការវត្ត ព្រះនាម នាង លាង ចេញពីវត្តមង្គលសួស្ដី (រកា) ដោយពុទ្ធបរិស័ទទាំងនោះនិយាយថា គាត់អស់ជំនឿ លែងចង់ធ្វើបុណ្យជាមួយលោកទៀត។
ការអស់ជំនឿរហូតស្នើសុំដកចៅអធិការនេះ ដោយពុទ្ធបរិស័ទលើកឡើងថា ព្រោះព្រះអង្គខាងលើ បានលក់ដីគរុភណ្ឌ ជុំវិញវត្ត អស់ជាច្រើនកន្លែង សូម្បីតែដីប្រជាពលរដ្ឋទិញពង្រីកបរិវេណវត្ត នៅខាងជើងសាលាឆាន់ ឲ្យធំទូលាយផង និងទុកធ្វើសាលារៀន បឋមសិក្សា១ខ្នង សម្រាប់ក្មេងៗសិក្សារៀនសូត្រ ព្រោះកុំឲ្យក្មេងៗពិបាកធ្វើដំណើរឆ្លងកាត់ជាតិលេខ៨ ខ្លាចមានគ្រោះចរាចរណ៍ បើសិស្សអនុវិទ្យាល័យមិនអីទេ ព្រោះគាត់មានការយល់ដឹងច្បាប់ចរាចរណ៍ច្រើន ក៏លោកសម្រេចលក់ពុះឡូត៍លក់ ឲ្យគេធ្វើម៉ុង និងចេតិយដែរ អស់ចំនួន២២ម៉ែត្រx៤០ម៉ែត្រ រីឯដីមួយកន្លែងទៀតនៅជាប់ខាងមុខសាលាឆាន់តែម្ដង ទំហំ៨.៥០ម៉ែត្រ x ១១ម៉ែត្រ ដែលជាទីកន្លែងទុកធ្វើរោងបុណ្យរាល់ឆ្នាំ ក៏លក់ឲ្យគេធ្វើចេតិយដែរ និងនៅមានពុះឡូត៍ចំនួន២២ប្លង់ទៀត ទំហំ៤ម៉ែត្រ x៤ម៉ែត្រ ដោយមានសរសេរឈ្មោះម្ចាស់ទិញរួចជាស្រេច នៅជាប់របងខាងមុខព្រះវិហារផ្ទាល់តែម្ដង។
ពុទ្ធបរិស័ទបន្តទៀតថា លោក និងគណៈកម្មការវត្ត មង្គលសួស្ដី (រកា) បច្ចុប្បន្ន ភាគច្រើនជាសាច់ញាតិព្រះអង្គ ខ្លះត្រូវជាមារ និងបងប្អូនជីដូនមួយក៏មានដែរ ឥឡូវព្រះអង្គ បានចាយប្រាក់កសាងអស់ ដោយមិនដឹងមូលហេតុចំនួន១២៨លានរៀលទៀត ខ្លះចោទថា លោកយកប្រាក់ទាំងនោះជួយបងប្អូនធ្វើផ្ទះ។
សរុបសេចក្តីមក ពុទ្ធបរិស័ទទាមទារចំណុច ទី១-ត្រូវដកលោកចេញ ពីវត្តតែម្ដង។ ទី២-សុំឲ្យដាក់ទោសទណ្ឌដល់អ្នកដែលលក់វត្ត ត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់ កុំឲ្យអ្នកឡើងក្រោយៗទៀត គ្រាន់តែធ្វើការសុំទោស ត្រូវរួចខ្លួនទៅវិញ សួរថា តើច្បាប់គេចែងមកសម្រាប់អនុវត្តជាមួយនរណាវិញ? និងទី៣-ចំពោះអ្នកទិញដីវត្ត និង លក់ដីវត្ត គឺត្រូវតែដោះស្រាយជាមួយគ្នា មិនត្រូវឲ្យមានការពាក់ព័ន្ធប្រាក់វត្តទៅថ្ងៃអនាគតទៀតទេ។
ជុំវិញរឿងរ៉ាវខាងលើ ព្រះអង្គ នាង លាង មិនព្រមចេញមុខឆ្លើយបំភ្លឺនៅមុខពុទ្ធបរិស័ទទេ បើទោះបីខាងយើងខ្ញុំខលសម្ភាសន៍លោកតាមទូរស័ព្ទក៏មិនបំភ្លឺដែរ ដោយលោកមានសង្ឃដីកាថា លោកអាពាធ (ឈឺ) ហើយក៏បិតទូរស័ព្ទទៅ។ រីឯខាងមន្ត្រី ដែលបានចុះមកសួរនាំនោះ ក៏មិនព្រមផ្តល់បទសម្ភាសន៍ដែរ គ្រាន់តែនិយាយថា លោក នឹងរៀបចំឯកសាររួចហើយ ជូនលោកអភិបាលសម្រេចហើយក៏ដើរយ៉ាងលឿនគេចចូលក្នុងរថយន្ត តាកូម៉ា បើកចេញបាត់ទៅ៕
Source: Kampuchea Thmey Daily
0 Comments