អតីតប្រធានយុទ្ធនាការរបស់លោក Trump គឺលោក Paul Manafort អាចប្រឈមនឹងការកាត់ទោសជាប់ពន្ធនាគារយូរជាងការរំពឹងទុក បន្ទាប់ពីចៅក្រមក្រុងវ៉ាស៊ីនតោនបានសម្រេចកាលពីថ្ងៃពុធថា លោកបានធ្វើខុសកិច្ចព្រមព្រៀងរបស់លោកជាមួយការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសលោក Robert Mueller ស្តីអំពីបញ្ហារុស្ស៊ី។
ចៅក្រមសហព័ន្ធលោកស្រី Amy Berman Jackson បានយល់ស្របជាមួយនឹងរដ្ឋអាជ្ញាថា លោក Manafort មានចេតនាភូតកុហកដល់អ្នកស៊ើបអង្កេតអំពីទំនាក់ទំនងរបស់គាត់ជាមួយនឹងជនសង្ស័យរុស្ស៊ីឈ្មោះ Konstantin Kilimnik ក្នុងឆ្នាំ២០១៦និង២០១៧បើទោះបីជាបានសន្យាថានឹងសហការជាផ្នែកមួយនៃកិច្ចព្រមព្រៀងអង្វរករខែកញ្ញារបស់គាត់ក៏ដោយ។
លោកស្រី Jackson ក៏បានសម្រេចផងដែរថា លោក Manafort បានកុហកអំពីការទូទាត់សម្ងាត់ដែលគាត់បានធ្វើទៅឲ្យក្រុមហ៊ុនច្បាប់មួយហើយបាននិយាយកុហកម្តងទៀតនៅពេលក្រុមអ្នកស៊ើបអង្កេតបានសួរគាត់អំពីការស៊ើបអង្កេតសម្ងាត់ដាច់ដោយឡែកមួយដែលទាក់ទងនឹងការស៊ើបអង្កេតរបស់លោក Mueller ។
សេចក្តីសម្រេចនេះមានន័យថា លោក Mueller លែងត្រូវគោរពតាមកិច្ចព្រមព្រៀងទៀតហើយដែលក្នុងនោះលោក Manafort បានយល់ព្រមសារភាពទោសកំហុសចំពោះការចោទប្រកាន់អំពីការឃុបឃិតចំនួនពីរករណីដែលអាចជាប់ពន្ធនាគារអតិបរមា១០ឆ្នាំ។
វាក៏អាចបង្កើនការពិន័យដែលកើតចេញពីសាលក្រមរបស់បុរសអាយុ៦៩ឆ្នាំរូបនេះនៅក្នុងការកាត់ក្តីដាច់ដោយឡែកពីគ្នាមួយកាលពីឆ្នាំមុននៅរដ្ឋ Virginia ផងដែរ។
លោកស្រី Jackson បាននិយាយថា ភាគីលោក Mueller លែងជាប់កាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងអង្វរករទៀតហើយដែលក្នុងនោះរួមមានទាំងការសន្យារបស់ខ្លួនដើម្បីគាំទ្រដល់ការកាត់បន្ថយនៅក្នុងការកាត់ទោសរបស់លោក Manafort ផងដែរ។
គួរបញ្ជាក់ថា លោក Manafort គឺជាមនុស្សម្នាក់ក្នុងចំណោមអតីតសហការីយុទ្ធនាការរបស់លោក Trump ទាំងប្រាំពីរនាក់ដែលត្រូវបានចោទប្រកាន់ដោយក្រុមរបស់លោក Mueller ។
គាត់ត្រូវបានគេកាត់ទោសកាលពីខែសីហានៅក្នុងតុលាការរដ្ឋ Virginia ពីបទចោទប្រកាន់អំពីការបន្លំលុយធនាគារនិងពន្ធចំនួន៨ករណីទាក់ទងនឹងការងាររបស់គាត់សម្រាប់គណបក្សនយោបាយដែលគាំទ្រដោយប្រទេសរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនចន្លោះឆ្នាំ២០០៤ដល់ឆ្នាំ២០១៤៕ AFP
Source: Kampuchea Thmey Daily
0 Comments