ឧត្តរមានជ័យ ៖ មានករណីផ្ទុះធុងសាំងមានចំណុះ២០០លីត្រ នៅចំណុចយានដ្ឋានជួសជុលគ្រឿងយន្ត ផ្ទះរបស់ ឈ្មោះ សួស សាវិន កាលពីវេលាម៉ោង១១និង៥០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ចំនួន០១នាក់ (ជើងឆ្វេង)យ៉ាងធ្ងន់ធ្ងរ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ឈុត ហៃ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុ ដោយយកម៉ូទ័រ កាត់ធុងសាំង បន្ទាប់មកយកបំពងខ្យល់ទៅបាញ់ទម្លុះ (ធុងទទេគ្មានប្រេង) ដោយមិនបានមួលគម្របធុង ទើបបណ្តាលឲ្យផ្ទុះរងរបួសធ្ងន់។
បច្ចុប្បន្ន ជនរងគ្រោះខាងលើ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ដើម្បីជួយសង្គ្រោះ៕
Source: Kampuchea Thmey Daily
0 Comments