ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានសម្តែងការសោកស្តាយនៅថ្ងៃព្រហស្បតិ៍ជុំវិញសំណើរបស់សហភាពអឺរ៉ុប (EU) ដើម្បីឲ្យបន្ថែមខ្លួននិងប្រទេសចំនួនប្រាំមួយផ្សេងទៀតចូលទៅក្នុងបញ្ជីខ្មៅនៃការលាងលុយកខ្វក់សម្រាប់រដ្ឋាភិបាលដែលបានធ្វើតិចតួចពេកដើម្បីទប់ស្កាត់ការផ្តល់ហិរញ្ញវត្ថុដល់ក្រុមភេរវកម្មនិងឧក្រិដ្ឋកម្ម។
សំណើនេះបានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងរវាងរាជធានីរីយ៉ាដនិងរដ្ឋាភិបាលអ៊ឺរ៉ុបជុំវិញករណីឃាតកម្មកាលពីឆ្នាំមុនរបស់អ្នកកាសែត Jamal Khashoggi នៅក្នុងស្ថានកុងស៊ុលរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតប្រចាំទីក្រុងអ៊ីស្តង់ប៊ុល។
គណៈកម្មការអឺរ៉ុបបាននិយាយកាលពីថ្ងៃពុធថា ខ្លួនចង់បន្ថែមប្រទេសចំនួនប្រាំពីររួមទាំងអារ៉ាប៊ីសាអ៊ូឌីតនិងប៉ាណាម៉ាផងដែរទៅលើប្រទេសចំនួន១៦ទៀតដែលស្ថិតនៅក្នុងបញ្ជីរួចទៅហើយដូចជាប្រទេសអ៊ីរ៉ង់ អ៊ីរ៉ាក់ ប៉ាគីស្ថាន អេត្យូពីនិងកូរ៉េខាងជើងជាដើម។
ការដាក់បញ្ចូលក្នុងបញ្ជីនេះមិនបានបង្កជាទណ្ឌកម្មទេប៉ុន្តែវាតម្រូវឲ្យបណ្តាធនាគារអឺរ៉ុបត្រូវអនុវត្តការគ្រប់គ្រងតឹងរ៉ឹងជាងមុនលើប្រតិបត្តិការជាមួយអតិថិជននិងស្ថាប័ននានានៅក្នុងបណ្តាប្រទេសទាំងនោះ។
ទោះបីជាយ៉ាងណាក៏ដោយ សំណើនេះត្រូវតែទទួលបានការអនុម័តដោយសភាអឺរ៉ុបនិងរដ្ឋជាសមាជិកចំនួន២៨ខណៈប្រទេសបារាំងនិងចក្រភពអង់គ្លេសបានប្រឆាំងនឹងបញ្ជីថ្មីនេះ។
ទីភ្នាក់ងារសារព័ត៌មាន Saudi Press Agency បាននិយាយថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានកត់សម្គាល់ជាមួយការសោកស្តាយដែលគណកម្មាធិការអឺរ៉ុបបានស្នើឡើងនូវបញ្ជីកែប្រែនៃប្រទេសដែលមានហានិភ័យខ្ពស់។
រដ្ឋមន្ត្រីហិរញ្ញវត្ថុអារ៉ាប៊ីសាអ៊ូឌីតលោក Mohammed Al-Jadaan ត្រូវបានដកស្រង់សម្តីនៅក្នុងរបាយការណ៍នេះដោយនិយាយថា “ការប្តេជ្ញាចិត្តរបស់ទីក្រុងរីយ៉ាដក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់និងការផ្តល់ហិរញ្ញប្បទានដល់ក្រុមភេរវកម្មគឺជាអាទិភាពជាយុទ្ធសាស្ត្រ”។
ស្របពេលជាមួយគ្នានោះ ស្នងការអឺរ៉ុបទទួលបន្ទុកផ្នែកយុត្តិធម៌លោកស្រី Vera Jourova បាននិយាយកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបបានដាក់ស្តង់ដារខ្ពស់បំផុតនៅលើពិភពលោកដើម្បីប្រឆាំងនឹងប្រតិបត្តិការហិរញ្ញវត្ថុខុសច្បាប់៕ AFP
Source: Kampuchea Thmey Daily
0 Comments