ភ្នំពេញ ៖ បុរសជាមន្ដ្រីយោធាម្នាក់ ដែលមានឫកពាខែងរ៉ែង មិនដឹងជាខឹងនឹងជនរងគ្រោះរឿងអីទេបានមកទះកំផ្លៀងគេ២ដៃ ដល់គេតដៃវិញរុញដួលអុកគូទ ងើបមកវិញដកកាំភ្លើងខ្លីបាញ់សំដៅទៅលើជនរងគ្រោះ ប៉ុនប៉ងផ្ដាច់ជីវិត តែហាក់ដូចទេវតាមានភ្នែកអីចឹង ពេលកេះកៃបាញ់២គ្រាប់នោះ គ្រាប់មិនទៅត្រូវគេ បែរជាត្រូវដៃខ្លួនឯង បែកប្រអប់ដៃរបួសធ្ងន់ និងត្រូវបានសមត្ថកិច្ចចុះទៅឃាត់ខ្លួនភ្លាមដើម្បីយកមកសួរនាំ។
ហេតុការណ៍នេះ កើតឡើងនៅម៉ោងជាង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ២០០៤ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានមកច្រៀងខារ៉ាអូខេមួយកន្លែង យីហោ ខារ៉ាអូខេ ផាតធី កំពុងតែអង្គុយសុខៗ ស្រាប់តែលេចមុខជនបង្កបានដើរមកហើយ បានវាយទៅជនរងគ្រោះចំនួនពីរដៃចំផ្ទៃមុខ បណ្ដាលឲ្យជនរងគ្រោះ ខឹងបានងើប ហើយរុញជនបង្ក បណ្ដាលឲ្យដួលអុកគូទ ព្រោះជនបង្កមាឌតូចជាងជនរងគ្រោះ។ ពេលងើបមកវិញ មិននិយាយអីច្រើន ព្រោះគេជាមន្ត្រីយោធាមានកាំភ្លើងខ្លី ក៏ដកកាំភ្លើងពីចង្កេះកេះកៃបាញ់ទៅលើជនរងគ្រោះ ប៉ុនប៉ងផ្ដាច់ជីវិត តែគ្រប់មិនហោះទៅត្រូវជនរងគ្រោះ បែរជាផ្ទុះបែកប្រអប់ដៃខ្លួនឯងតែម្ដង បណ្ដាលឲ្យរងរបួសធ្ងន់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការឃាត់ខ្លួនជនបង្ក ដែលបានបាញ់បោះខាងលើ រួមទាំងជនរងគ្រោះ ដើម្បីយកមកសួរនាំបន្តនៅឯប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ រកមូលហេតុអ្វីដែលបណ្ដាលឲ្យឈានដល់ការបាញ់បោះសេរីគ្មានសណ្ដាប់ធ្នាប់បែបនេះ៕
Source: Kampuchea Thmey Daily
0 Comments