Ad Code

អ្នកជិតខាង​២​គ្រួសារ ​ឈ្លោះ​គ្នា​រាល់ថ្ងៃ​ ឈាន​ដល់​ដាល់​ស្ត្រី​ម្នាក់​ឲ្យ​សន្លប់​លែង​ដឹង​ខ្លួន​



​បន្ទាយមានជ័យ​ ៖ ​អ្នកជិតខាង​២​គ្រួសារ​ឈ្លោះ​គ្នា​រាល់ថ្ងៃ​ ឈាន​ដល់​ប្រើ​ហិង្សា​ដាល់​ស្ត្រី​ម្នាក់​ឲ្យ​សន្លប់ ​ត្រូវបាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ដឹកនាំ​ដោយ​ លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ ​ចុះបង្ក្រាប​ឃាត់ខ្លួន​បាន១​នាក់​នៅ​វេលា​ម៉ោង​៧​យប់ ​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ចំណុច​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។

បន្ទាប់ពី​ឃាត់ខ្លួន​ហើយ​ ជនសង្ស័យ ត្រូវ​បាន​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់​ការ​បន្ត។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌ បាន​ឲ្យ​ដឹង​ថា យោង​តាម​បណ្ដឹង​របស់​ជនរងគ្រោះ​ ឈ្មោះ រ៉េត រួម ភេទ​ស្រី អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​បាន​បំភ្លឺ​ឲ្យ​ដឹងថា ជនសង្ស័យ​មាន ឈ្មោះ សា​វឹង មករា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ។ កន្លងមក​ គ្រួសារ​របស់​ជនរងគ្រោះ និង​គ្រួសារ​របស់​ជនសង្ស័យ​តែងតែ​ឈ្លោះប្រកែក​គ្នា​ មិនដែល​ត្រូវ​គ្នា​ម្តងណា​ឡើយ នៅ​ថ្ងៃកើតហេតុ​ម្តាយ​របស់​ជនសង្ស័យ និង​ជនសង្ស័យ ​បានមក​ឈ្លោះ​ជេរប្រមាថ​ខ្លួន​ដល់​មុខផ្ទះ ខ្លួន​ក៏បាន​ឈ្លោះ​ប្រកែក​ត​ពាក្យសំដី​គ្នា ស្រាប់តែ​ជនសង្ស័យ​ដើរចូល​មកហើយ​ដាល់​ជនរងគ្រោះ ចំនួន​២​ដៃ បណ្តាល​ឲ្យ​ដួលសន្លប់​លែង​ដឹងខ្លួន​តែម្តង។

ក្រោយពី​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ដាល់​ជន​រង​គ្រោះ​ឲ្យ​សន្លប់​ពិតប្រាកដ​មែន ដោយសារ​កំហឹង​ខ្លាំងពេក។

លោក​បានបញ្ជាក់​បន្ថែម​ទៀត​ថា ផ្អែកលើ​ចម្លើយសារភាពរ​បស់​ជនសង្ស័យ ឃើញ​ថា​ មាន​តម្រុយ​ពិរុទ្ធភាព ​នៃ​បទល្មើស​ជាក់លាក់ ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពី​បទ ហិង្សា​ដោយ​ចេតនា កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​តុលាការ​ ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu