បន្ទាយមានជ័យ ៖ ព្រឹក ថ្ងៃទី១៧-១៨-១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ពុទ្ធបរិស័ទជាង៥.០០០នាក់បានចូលរួមក្នុងពិធីមាឃបូជាចំនួន៣ថ្ងៃ ចាប់ថ្ងៃទី១៧-១៨-និង១៩ ខែកុម្ភៈ ឆ្នាំ២០១៩ និងរាប់បាត្រដល់ព្រះសង្ឃចំនួន៥០០អង្គ ក្នុងបរិវេណប្រាសាទបន្ទាយឆ្មា ស្ថិតនៅក្នុងភូមិបន្ទាយឆ្មា ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ពិធីនេះមានការចូលរួម ពីលោកជំទាវញ៉ែម សាខន ភរិយារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកជំទាវម៉ៅម៉ាល័យកែគឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍ លោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យ លោកជំទាវសុង ផល្លីន ភរិយាលោកសួន បវរ អភិបាលខេត្ត លោក អ៊ុំរាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ លោកជំទាវអមដំណើរ រដ្ឋបាលសាលាខេត្ត មន្ទីរគ្រប់អង្គភាព និងប្រជាពលរដ្ឋជាង៥.០០០នាក់ បានចូលរួមផងដែរ។
ក្នុងពិធីមាឃបូជានោះ លោកសួន បវរ បានមានប្រសាសន៍ថា មន្ត្រីរាជការគ្រប់ស្ថាប័ន អង្គភាពកងកម្លាំងប្រដាប់អាវុធប្រជាពលរដ្ឋទាំងមូល បានមូលមតិគ្នាជាឯកច្ឆន្ទប្រារព្ធធ្វើពិធីមាឃបូជានេះឡើង ដើម្បីរំលឹកចំពោះដួងវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រគ្រប់ជំនាន់និងវិញ្ញាណក្ខន្ធបុព្វបុរសយុទ្ធជន យុទ្ធនារី ប្រជាពលរដ្ឋ ដែលបានបូជាជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា និងបួងសួងចំពោះព្រះបារមីដ៏ស័ក្តិសិទ្ធិទាំងអស់ ពិសេសបារមីប្រាសាទបន្ទាយឆ្មារសូមប្រោសប្រទានសព្វសាធុការពរជ័យ និង ផ្តល់សេចក្តីសុខ សេចក្តីចម្រើន សម្រាប់ប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យផងដែរ។ លោកសួន បវរ បានបញ្ជាក់ឲ្យដឹងទៀតថា កម្មពិធីបុណ្យនៅល្ងាចថ្ងៃទី១៧-១៨-១៩ ខែកុម្ភៈ ឆ្នាំ២០១៩ មានការជួបជុំញាតិមិត្ត ពុទ្ធបរិស័ទជិតឆ្ងាយ ធ្វើពិធីសែនក្រុងពាលី ពិធីនមស្សការព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត និងនិមន្តព្រះសង្ឃសម្តែងធម៌ទេសនាក្នុង ប្រាសាទបន្ទាយឆ្មា ឱកាសនោះផងដែរ។
ក្នុងពិធីនោះដែរ លោកស្រីឧកញ៉ាម៉ៅម៉ាល័យកែគឹមយ៉ាន និងប្រតិភូភរិយាថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិលកងកម្លាំង ពុទ្ធបរិស័ទបានរៀបចំធ្វើពិធីថ្វាយគ្រឿងសក្ការៈបូជាគ្រឿងក្រអូប ទៀន ធូប ម្លូ ស្លា បារី ផ្លែឈើ បង្អែម ចង្អាប គ្រប់មុខ ថ្វាយដល់ព្រះរូបអវតាលោកិស្វរៈ នៅជញ្ជាំងខាងលិចនៃប្រាសាទបន្ទាយឆ្មារដែលទើបសម្រួលថ្មនិងជួសជុលរួច ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនដល់ប្រជាជនកម្ពុជាក្នុងភូមិស្រុកខេត្តទូទាំងប្រទេស ក្រៅប្រទេសនិងដល់ប្រទេសកម្ពុជាឲ្យបន្តមានសុខសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ មានលាភមានយសតរៀងតទៅនិងសុំលាងបាប អំពើអាក្រក់ អំពើអកុសលទាំងអម្បាលមានដែលបានប្រព្រឹត្តកន្លងមកនិងសុំបញ្ចៀសឧបទ្រពចង្រៃអន្តរធានទៅផងដែរ។
លោកសួន បវរ បានបញ្ជាក់ឲ្យដឹងទៀតថា លុះដល់ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ នឹងមានបទនមស្សការព្រះរតនត្រ័យ សមាទានសីលម្តងទៀត ហើយធ្វើសត្តប្បករណ៍អភិធម្ម បង្សុកូល និងនិមន្តព្រះសង្ឃចំនួន៥០០អង្គ គោចរបិណ្ឌបាត្រជាកិច្ចបង្ហើយបុណ្យ ហើយពិធីនេះផងដែរក៏សូមបួងសួងចំពោះព្រះបារមីដ៏សក្តិសិទ្ធិទាំងអស់ ពិសេសបារមីប្រាសាទបន្ទាយឆ្មា និងប្រាសាទជុំវិញនោះ សូមប្រោសប្រទានពរសព្វសាធុការពរជ័យនិងផ្តល់សេចក្តីសុខ សេចក្តីចម្រើនសម្រាប់ប្រទេសជាតិ ក៏ដូចជាខេត្តបន្ទាយមានជ័យនិងប្រជាពលរដ្ឋជារៀងរហូតតទៅទៀតផងដែរ៕
Source: Kampuchea Thmey Daily
0 Comments