Ad Code

កម្ពុជា និង​វៀតណាម ពិភាក្សា​គ្នា​លើ​ការ​ឯកភាព​ផ្តល់​ភាព​អនុគ្រោះ​ពន្ធ​អត្រា ០% (​សូន្យ​ភាគរយ​) សម្រាប់​ទំនិញ​កម្ពុជា​ចំនួន ៣២



ភ្នំពេញ​ ៖ ក្រសួងពាណិជ្ជកម្ម កម្ពុជា និង ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម កាលពី​ថ្មី​ កន្លង​មក​នេះ​បាន ពិភាក្សា អំពី​លទ្ធផល​នៃ​កិច្ចចរចា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ដែល​ក្នុង​នោះ​ភាគី​វៀតណាម បាន​ឯកភាព​ផ្តល់​ភាព​អនុគ្រោះ​ពន្ធ​អត្រា ០% (​សូន្យ​ភាគរយ​) សម្រាប់​ទំនិញ​កម្ពុជា​ចំនួន ៣២​បន្ទាត់​ពន្ធគយ រួមជាមួយ​កូតា​នាំចូល​អង្ករ​ចំនួន ៣០​ម៉ឺន​តោន និង​សន្លឹក​ថ្នាំជក់ ៣,០០០​តោន។



ជំនួប​កិច្ចប្រជុំ​នោះ ​ធ្វើឡើង រវាង លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ភាគី​វៀតណាម លោក ដូ វឹក​ហឹ​ង (Do Quoc Hung)​ប្រតិភូ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

នៅក្នុង​ឱកាស​នោះ លោក ដូ វឹក​ហឹ​ង បាន​ជម្រាបជូន​អំពី​លទ្ធផល​នៃ​កិច្ចចរចា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ដែល​ក្នុង​នោះ​ភាគី​វៀតណាម បាន​ឯកភាព​ផ្តល់​ភាព​អនុគ្រោះ​ពន្ធ​អត្រា ០% (​សូន្យ​ភាគរយ​) សម្រាប់​ទំនិញ​កម្ពុជា​ចំនួន ៣២​បន្ទាត់​ពន្ធគយ រួមជាមួយ​កូតា​នាំចូល​អង្ករ​ចំនួន ៣០​ម៉ឺន​តោន និង​សន្លឹក​ថ្នាំជក់ ៣,០០០​តោន នៅក្នុង​ឆ្នាំ ២០១៩ និង​ឆ្នាំ​២០២០ រីឯ​ភាគី​កម្ពុជា​បានផ្តល់​ភាពអនុគ្រោះ​ពន្ធ​អត្រា ០% (​សូន្យ​ភាគរយ​) ដូចគ្នា ដល់​ទំនិញ​វៀតណាម​ចំនួន ២៦​បន្ទាត់​ពន្ធគយ​។



ជា​ការ​ឆ្លើយតប លោក រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​វៀតណាម ដែល​បាន​ផ្តល់​ជំនួយឥតសំណង សម្រាប់​សាងសង់​ផ្សារ​ដា​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ និង​បាន​ជម្រាប​ជូន​លោក ដូ វឹក​ហឹ​ង អំពី​កិច្ចសហប្រតិបត្តិការ​ប្រពៃណី ក្នុងនាម​ជា​ប្រទេសជិតខាង​ល្អ​។

លោក​រដ្ឋមន្ត្រី ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចប្រឹងប្រែង​ចរចា របស់​គណៈប្រតិភូ​មន្ត្រី​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ​នាពេល​កន្លងមក ជាពិសេស​ការ​សម្រេចបាន​នូវ​ឯកសារ ស្តីពី​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​នៅតាម​បន្ទាត់​ព្រំដែន សម្រាប់ធ្វើ​ការចុះហត្ថលេខា នៅក្នុងពេល​ឆាប់ៗ​ខាងមុខ​។

សូម​ជម្រាប​ថា កាលពី​ឆ្នាំ​២០១៧ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម សម្រេច​បានគិត​ជា​ទឹកប្រាក់ ៣,៨​ប៊ី​លាន​ដុល្លារ គឺ​បាន​កើនឡើង ២៩% ធៀប​នឹង​ឆ្នាំ​២០១៦​។ ទន្ទឹមគ្នា​នេះ តាមរយៈ​គម្រោង​វិនិយោគ​ចំនួន ២០៦​គម្រោង ដែលមាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ ៣,២​ប៊ី​លាន​ដុល្លារ បាន​ធ្វើ​ឲ្យ​វៀតណាម ក្លាយជា​ដៃគូ​វិនិយោគ​ធំ​ទី​៥ របស់​កម្ពុជា ខណៈ​ក្រុមហ៊ុន​របស់​កម្ពុជា បាន​វិនិយោគ​ត្រឹមតែ ១៨​គម្រោង នៅក្នុង​ប្រទេស​វៀតណាម ដែល​តម្លៃ​ជា​ទឹកប្រាក់ ៥៨,១​លាន​ដុល្លារ​ប៉ុណ្ណោះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu