ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលរងខណ្ឌ និងលោក ប្រាជ្ញ សោភ័ណ្ណា អធិការរងនគរបាលខណ្ឌដង្កោ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ ដាក់គោលដៅត្រួតពិនិត្យជាតិអាល់កុល និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅមុខសាលាខណ្ឌដង្កោលើកំណាត់ផ្លូវបេតុង២១៧ ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។
នៅក្នុងរង្វង់ប្រតិបត្តិការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាល់កុលកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធនិងករណីគ្រឿងញៀន។ នគរបាលខណ្ឌដង្កោប្រាប់ឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១-ឈ្មោះ សាន វិសាល ភេទប្រុស អាយុ២០ឆ្នាំ ជានិស្សិតច្បាប់សាលាបឹងត្របែកឆ្នាំទី១ និងទី-ឈ្មោះ គង់ រក្សា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិល្វា ឃុំល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ជិះម៉ូតូ១គ្រឿងម៉ាក DUKE ពណ៌ខ្មៅស ពាក់ស្លាកលេខភ្នំពេញ1CP-2002 ដកហូតវត្ថុតាងថ្នាំញៀន១កញ្ចប់ ប្រភេទម្សៅក្រាមពណ៌សថ្លា។ ជាមួយគ្នានេះផងដែរ លោក ចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោក៏បានលើកឡើងថា ការដែលកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ គឺធ្វើឡើងជាប្រចាំក្រោមការបញ្ជាផ្ទាល់ពីលោក នុត ពុធដារ៉ា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោក្នុងគោលបំណងពង្រឹងសន្តិសុខក្នុងមូលដ្ឋាន ជាពិសេសអនុវត្តន៍នូវគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់។
លោក ចេង មុនីរ៉ា ប្រាប់បន្តថា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលដែលបានដឹកនាំដោយរូបលោកផ្ទាល់ និងលោកអធិការរងក្នុងយប់នេះមានកម្លាំងសរុប៦៥នាក់ ក្នុងនោះមានកម្លាំងកងរាជអាវុធហត្ថខណ្ឌ កម្លាំងនគរបាលខណ្ឌ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌផងដែរ។ នៅក្នុងរង្វង់ប្រតិបត្តិការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងត្រួតពិនិត្យគ្រឿងស្រវឹងនោះមិនមានអាវុធឆ្លងកាត់ទេ។ ក៏ប៉ុន្តែមានគ្រឿងញៀនឆ្លងកាត់ក៏ត្រូវកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌឃាត់ខ្លួន២នាក់ ហើយបច្ចុប្បន្នកំពុងឃុំ ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសតាមច្បាប់៕
រ៉ាវុទ្ធ

0 Comments