Ad Code

បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ ​រួម​នឹង​វត្ថុ​តាង​ ពី​បទ​ជួញដូរ​គ្រឿងញៀន​


សៀមរាប ​៖ នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​អង្គភាព​ការពារ​បេតិកភណ្ឌ​ធ្វើការ​សកម្មភាព​ចុះ​បង្ក្រាប​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​។​ ហេតុការណ៍​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១៧​និង​០០​នាទី​ ថ្ងៃទី​១៧​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៥ ​ស្ថិតនៅ​ចំណុច​រុន​តា​ដេ​វ ក្នុង​ភូមិ​ចុង​គោក​ចាន់ សង្កាត់​គោកចក ក្រុង​-​ខេត្តសៀមរាប​។​

លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​អង្គភាព​ការពារ​បេតិកភណ្ឌ​ប្រាប់​ថា ក្នុង​ការ​ចុះ​បង្ក្រាប​ករណី​ខាង​លើ​នេះ ​កម្លាំង​ជំនាញ​បាន​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ រួច​ក៏​ឈាន​ដល់​ធ្វើការ​ឆែកឆេរ​ក្នុង​ខ្លួន​ជនសង្ស័យ​រក​ឃើញ​ថ្នាំញៀន រួច​បន្ត​ទៅ​ឆែក​នៅក្នុង​ផ្ទះ​ឃើញ​វត្ថុ​តាង​មួយ​ចំនួន​ធំ​។​ លោក​បន្ត​ថា ជនសង្ស័យ​ម្នាក់​នេះ​មានឈ្មោះ​ ផែន ញ៉ា​ញ់​ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​មុខរបរ​លក់​សៀវភៅ​នៅមុខ​អង្គរតូច រស់នៅ​ភូមិ​នគរ​ក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប​(​ជួញដូរ​)​ធ្លាប់​ជាប់គុក​ជាង​១​ឆ្នាំ​នៅ​ថ្ងៃទី​១​ ខែមករា ​ឆ្នាំ​២០១៣ ​ពី​បទ​ជួញដូរ​គ្រឿងញៀន ហើយ​ចេញ​មកវិញ​នៅ​ថ្ងៃទី​០១​ ខែ​កក្កដា ​ឆ្នាំ​២០១៤ ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​១​កញ្ចប់​ទម្ងន់​ស្មើនិង​២,១​ក្រាម​ ទូរស័ព្ទ​ដៃ​ចំនួន​១៧​គ្រឿង​,​ម៉ូតូ​សេ​១២៥១​គ្រឿង​ពណ៌​ខ្មៅ​ឆ្នាំ​២០១១ ​គ្មាន​ស្លាក​លេខ​,​កាំបិត​ស្នៀត​១,WY១​ចំហៀង​គ្រាប់​,​និង​ឧបករណ៍​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន​ធំ​។ ​បច្ចុប្បន្ន​ជន​សង្ស័យ​ខាងលើ​ រួម​នឹង​វត្ថុតាង​ ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​​នៅ​ព្រឹក​ថ្ងៃទី​១៩ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៥ ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

គឿន​វ៉េ​ត​

Post a Comment

0 Comments

Close Menu