សៀមរាប ៖ លោកអនុសេនីយ៍ឯក នួន ស័ក្កិចំរើនរិទ្ធ អធិការរងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបទទួលបន្ទុកព្រហ្មទណ្ឌក្រុងបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈឱ្យដឹងថា ជុំវិញករណីខាងលើកម្លាំងជំនាញបានសហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលធ្វើការតាមដានរហូតដឹងថា ជនសង្ស័យទៅស្នាក់នៅស្រុកឧត្តុង្គ ទើបកម្លាំងជំនាញទៅសហការជាមួយនគរបាលស្នងការខេត្តកំពង់ស្ពឺរហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យ រួចនាំយកកាន់អធិការក្រុងសៀមរាបដើម្បីធ្វើការសួរនាំបន្ត ជាក់ស្តែងឃាត់ខ្លួនជនសង្ស័យបានកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅនៅក្នុងស្រុកឧត្តុង្គ។
លោកអធិការរងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបទទួលបន្ទុកព្រហ្មទណ្ឌបានដឹកនាំកម្លាំងជំនាញចុះប្រតិបត្តិការណ៍សហការជាមួយគ្រប់សមត្ថកិច្ចដែលពាក់ព័ន្ធធ្វើការតាមដានស្រាវជ្រាវ និងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យដែលលួចម៉ូតូចេញពីខេត្តសៀមរាបមានឈ្មោះ សៀន បូរី ភេទប្រុស អាយុ២៤ឆ្នាំ ស្រុកកំណើតនៅភូមិកាំងក្រង ឃុំស្វាយដុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ លោកបន្តថា ជនសង្ស័យដែលលួចយកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខពោធិ៍សាត់១D ៨៦៣៩ ពីជនរងគ្រោះនៅត្រង់ចំណុះផ្ទះសំណាក់អង្គរផារ៉ាដាយ ស្ថិតនៅក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប រួចបើកគេចទៅខេត្តកំពង់ស្ពឺ ក៏ត្រូវបានសមត្ថកិច្ចខេត្តកំពង់ស្ពឺមានការសង្ស័យ ក៏បានធ្វើការសួរនាំទើបដឹងថាជនសង្ស័យនេះបានឆ្លើយថា ខ្លួនបានលួចម៉ូតូមកពីខេត្តសៀមរាប ទើបសមត្ថកិច្ចខេត្តកំពង់ស្ពឺធ្វើការចាប់ឃាត់ភ្លាមៗប្រគល់មកឱ្យសមត្ថកិច្ចនគរបាលក្រុងសៀមរាបវិញ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ៅ ឈុន្នី ភេទប្រុស អាយុ៣២ឆ្នាំ ស្រុកកំណើតស្រុកក្រគរ ខេត្តពោធិ៍សាត់។ មុនពេលកើតហេតុ ជនរងគ្រោះមកពីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យមកស្នាក់នៅក្នុងផ្ទះសំណាក់អង្គរផារ៉ាដាយ។ លោកបានបន្តឱ្យដឹងទៀតថា ដោយយោងទៅតាមពាក្យបណ្ដឹងពីជនរងគ្រោះផងនោះបន្ទាប់ពីសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបធ្វើការសួរនាំជនសង្ស័យដែលជាប់ពាក់ព័ន្ធក្នុងករណីអំពើលួចកាច់សោ.កយកម៉ូតូរបស់ជនរងគ្រោះនោះ នៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពរូបគេពិតជាបានធ្វើសកម្មភាពខាងលើពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០១៥ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ ចំណែកម៉ូតូរបស់ជនរងគ្រោះដែលជាវត្ថុតាង ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យទៅម្ចាស់ដើមវិញ៕ គឿនវ៉េត

0 Comments