ភ្នំពេញ ៖ លោក ប៉ាង សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឲ្យអង្គភាពលទ្ធកម្ម និងទីចាត់ការហិរញ្ញវត្ថុរបស់សាលារាជធានីភ្នំពេញបើកការបណ្តុះបណ្តាលរយៈពេលខ្លីពីការងារប្រើប្រាស់គម្រោងថវិកាខណ្ឌ សង្កាត់ឲ្យមានប្រសិទ្ធ។ លោកអភិបាលរាជធានីបានមានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំមួយកាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ស្តីអំពីការបែងចែកថវិកាហិរញ្ញវត្ថុទៅតាមបណ្ដាខណ្ឌ សម្រាប់ឆ្នាំ២០១៥ ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការអភិវឌ្ឍន៍រាជធានីកាន់តែមានភាពរលូនទៅមុន ដោយមានការចូលរួមពីមន្ត្រីជាប់ពាក់ព័ន្ធជាច្រើនរូប។ លោកអភិបាលបន្តថា សាលារាជធានីភ្នំពេញទទួលស្គាល់ចំណុចខ្សោយរបស់ខ្លួនថា បច្ចុប្បន្នយើងពិតជាមានការខ្វះខាតធនធានមនុស្សផ្នែកលទ្ធកម្មថវិកាទាំងថ្នាក់ខណ្ឌ និងសង្កាត់ដែលទាមទារឲ្យមានការបណ្តុះបណ្តាលបំប៉នលើជំនាញខាងលើដើម្បីយកទៅអនុវត្តឲ្យមានប្រសិទ្ធភាព ហើយនៅក្នុងឆ្នាំ២០១៤កន្លងទៅ មានខណ្ឌខ្លះនៅមិនបានប្រើប្រាស់ថវិកាវិភាជរបស់ខណ្ឌបានអស់នៅឡើយផង ដោយសារការលើកគម្រោង និងឯកសារមិនច្បាស់លាស់។
លោកអភិបាលលើកឡើងទៀតថា កញ្ចប់ថវិកាសម្រាប់អភិវឌ្ឍន៍ខណ្ឌ គឺសុំឲ្យខណ្ឌអនុវត្តតែគម្រោងតូចៗ ចំណែកគម្រោងធំ ទុកឲ្យសាលាក្រុងជាអ្នកធ្វើ ព្រោះថវិកាខណ្ឌនៅមានកម្រិត។ ជាមួយគ្នានេះ ខណ្ឌត្រូវបើកកិច្ចប្រជុំជាមួយសង្កាត់ស្ដីពីការប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍សង្កាត់ឲ្យបានច្បាស់លាស់ រួចយកមកផ្ទៀងផ្ទាត់ជាមួយគម្រោងនៅសាលារាជធានីភ្នំពេញ ដោយដាក់ផែនការរួចធ្វើការតាមដានពីប្រសិទ្ធភាពនៃការអនុវត្តគម្រោងនោះកុំយកទៅទុកចោល។ ជាមួយគ្នានេះ ក៏ត្រូវមានការលើកទឹកចិត្តដល់បុគ្គលិកនៅថ្នាក់សង្កាត់ក្នុងក្របខណ្ឌបុគ្គលិកជាប់កិច្ចសន្យាដែលជាកម្លាំងជួយលើផ្នែករដ្ឋបាលដែលអាចជាមនុស្សដែលជ្រើសរើសចេញពីមន្ត្រីចូលនិវត្តន៍ដែលមានសមត្ថភាព ឬកម្លាំងយុវជន។
ការប្រើប្រាស់កញ្ចប់ថវិកានេះបានផ្ដោតសំខាន់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ មានប្រព័ន្ធលូ,ផ្លូវថ្នល់,សេវាសាធារណៈជាដើម នៅថ្នាក់មូលដ្ឋានដោយភ្ជាប់ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបញ្ចុះតំលៃទឹក,ភ្លើងដល់កម្មករ.កម្មការនីជួលផ្ទះ ការគិតគូរដល់សហគមន៍ក្រីក្រ ក៏ដូចជាការគ្រប់គ្រងរចនាសម្ព័ន្ធតាមទីផ្សារក្នុងរាជធានីភ្នំពេញផងដែរ៕
ស្រីរ័ត្ន

0 Comments