Ad Code

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​ គាំទ្រ​ទាំងស្រុង​នូវ​អនុសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ចំពោះ​សុខភាព​មាតា ទារក​និង​កុមារ



ភ្នំពេញ ​៖ ​លោកស្រី​សាស្ដ្រាចារ្យ ទុង រដ្ឋា​វី ប្រធាន​ម​ជ្ឈ​មណ្ឌល​ជាតិ​គាំពារ​មាតា​និង​ទារក​បានបង្ហាញ​នូវ​ការ​គាំទ្រ​ទាំងស្រុង ​ចំពោះ​អនុសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ ជា​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ នៃ​ផែនការ​សកម្មភាព​រួម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​សុខភាព​ស្ត្រី និង​កុមារ​ ព្រោះ​ជួយ​ធ្វើ​ឲ្យ​ស្ដ្រី​មាន​ផ្ទៃពោះ​យល់ដឹង​កាន់​តែ​ច្បាស់​និង​យកចិត្តទុកដាក់​ថែមទៀត​ចំពោះ​សុខភាព​របស់​ខ្លួន​។

លោកស្រី​សាស្ដ្រាចារ្យ ទុង រដ្ឋា​វី​ បាន​បន្ត​ថា ​ជាងនេះ​ទៅ​ទៀត​អនុសាសន៍​ទាំងនេះ​មិន​ត្រឹមតែ​ជួយ​ក្នុង​ការជំរុញ​ឲ្យ​ស្ត្រី​ទៅ​ទទួល​បាន​នូវ​សេវា​ទៅតាម​ការណែនាំ​របស់​គ្រូពេទ្យ​ប៉ុណ្ណោះ​ទេ​ថែមទាំង​ជួយ​បង្ការ​និង​ទប់ស្កាត់​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺអេដស៍​និង​ស្វាយ​សំដៅ​ឈានទៅ​លុបបំបាត់​ការ​ឆ្លង​មេរោគ​នេះ​នៅ​ឆ្នាំ​២០៣០​ខាងមុខនេះ​ផងដែរ។

យោង​តាម​សារលិខិត​មួយ​ផ្ញើ​ជូន​បង​-​ប្អូន​ជនរួមជាតិ ក្នុង​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ​ថ្ងៃទី​២១​កុម្ភៈ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ បាន​លើកទឹកចិត្ត​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​ត្រូវ​ស្ម័គ្រចិត្ត​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​និង​មេរោគ​ស្វាយ​ដើម្បី​លុបបំបាត់​ពិការភាព​និង​ការ​ចង​ជំងឺ​ទាំងនេះ​ពី​ម្តាយ​ទៅ​កូន​។



ជាមួយគ្នានេះ​ដែរ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ជំរុញ​ឲ្យ​ស្ត្រី​មានគភ៌​ទាំងអស់ ត្រូវ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ឆ្មប​ជំនាញ​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​តាម​កាលកំណត់​ដើម្បី​ទទួលយក​សេវា​បង្ការ ព្យាបាល​ឲ្យ​បាន​ទៀងទាត់​និង​ត្រូវ​ទៅ​សម្រាលកូន នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ជាមួយ​គ្រូពេទ្យ​ដែល​ទទួល​បាន​ការបណ្តុះ​បណ្តាល​ត្រឹមត្រូវ​និង​ទៅពិនិត្យ​សុខភាព​ក្រោយពេល​សម្រាល​ទាំង​មាតា និង​ទារក និង​ទទួល​ថ្នាំ​បង្ការ​ជំងឺ​១១​មុខ​តាម​ការកំណត់​របស់​គ្រូពេទ្យ​។

​ទន្ទឹម​នឹង​នេះ​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ដែល​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ ​នៃ​ផែនការ​សកម្មភាព​រួម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​សុខភាព​ស្ត្រី និង​កុមារ​ផង​នោះ​ក៏បាន​ណែនាំ​ដល់​ស្ត្រី​ត្រូវ​បំបៅ​ទារក​ដោយ​ទឹកដោះ​ម្តាយ​តែមួយ​មុខ​គត់​ចាប់ពី​ពេល​ទារក​ប្រសូត​ភ្លាម​រហូតដល់ ទារក​មាន​អាយុ​៦​ខែ និង​ផ្តល់​អាហារ​បន្ថែម​គ្រប់មុខ​និង​គ្រប់​ជីវជាតិ​រួម​ជា​មួយ​ការបន្ត​បំបៅ​ទឹកដោះ​ម្តាយ រហូតដល់​កុមារ​មាន​អាយុ​យ៉ាងតិច​២​ឆ្នាំ​។

ជាងនេះ​ទៅ​ទៀត ​នៅពេល​ឃើញ​សញ្ញា​គ្រោះថ្នាក់​ណាមួយ​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម ជំងឺរាក ​ឬ ​ជំងឺឆ្លង​ដទៃទៀត​ ឬ​ ទារក ​ឬ ​កុមារ​តូច​ មាន​រាងកាយ​ស្គម​និង​មិន​ឡើង​ទម្ងន់​ត្រូវ​ប្រញាប់​យក​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ ដើម្បី​ពិគ្រោះ​យោបល់ និង​ទទួល​ការព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា​។

នៅក្នុង​សារលិខិត​ដដែល​នោះ​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ បុគ្គលិក​សុខាភិបាល ​អ្នក​ផ្តល់​សេវា​ទាំងអស់​ចូលរួម​គាំទ្រ​អនុវត្ត​គោលនយោបាយ គាំពារ​សង្គម​របស់​រា​ជ​រដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ​ដើម្បី​ឈាន​ទៅ​សម្រេច​បាន​គោលដៅ​កាត់បន្ថយ​អត្រា​ការ​ស្លាប់​របស់​មាតា ការស្លាប់​របស់​ទារក​ក្នុង​ផ្ទៃ ការ​ស្លាប់​របស់​ទារក​ទើបនឹង​កើត និង​ការស្លាប់​របស់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​តាម​ការកំណត់​នូវ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu