បាត់ដំបង ៖ រដ្ឋលេខាធិការរបស់ក្រសួង លោក ចាន់ យុត្ថា នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះបាន ដឹកនាំគ្រឿងចក្រធុនធ្ងន់ ទៅ កាយស្រះ ( បាតស្ទឹងចាស់ ) ចំនួន ០៩ កន្លែង ស្ថិតក្នុងឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង សម្រាប់ទុកឲ្យពលរដ្ឋប្រើប្រាស់។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការរបស់ក្រសួងធនធានទឹក បាន ថ្លែងឲ្យដឹងថា អនុវត្តតាមការចង្អុលបង្ហាញរបស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី ១៩ នេះ លោក លោក បាន លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ព្រមទាំងមន្ត្រីបច្ចេកទេស បានដឹកនាំគ្រឿងចក្រធុនធ្ងន់ ដើម្បីកាយស្រះ ( បាតស្ទឹងចាស់ ) ចំនួន ០៩ កន្លែង។
លោក បានឲ្យដឹងទៀតថា ស្ទឹងចាស់នេះ គឺមានការគោករាក់ អស់ពេលជាយូរណាស់មកហើយ ប៉ុន្តែបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការស្តារឡើងវិញ នៅឆ្នាំកន្លងមក ក៏ដូចជាឆ្នាំនេះ ស្ទឹងចាស់ បានចាប់មានទឹកបរិបូរណ៍សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ។
លោក យឿម រ៉ាន់ អនុប្រធានភូមិបឹងទឹម បានជម្រាបជូនលោក រដ្ឋលេខាធិការ ដោយសារឆ្នាំនេះ បងប្អូនផលិតស្រូវប្រាំងច្រើន ហើយប្រជាពលរដ្ឋបានបូមយកទឹកពីស្ទឹង ទៅស្រោចស្រពស្រែប្រាំងរបស់ពួកគាត់ ទើបធ្វើឲ្យស្ទឹងនេះរីងគោក។ លោកអនុប្រធានភូមិបន្តទៀតថា ជាទម្លាប់របស់ប្រជាពលរដ្ឋនៅតំបន់នេះ ក្នុងរដូវប្រាំងដែលខ្វះខាតទឹកប្រើប្រាស់ គឺបងប្អូនប្រើ ចប ឬប៉ែល ជីកបាតស្ទឹង ដើម្បីទាញយកជម្រាបទឹកចេញមកប្រើប្រាស់។
នៅឆ្នាំនេះ លោកអនុប្រធានភូមិ ក្នុងនាមប្រជាពលរដ្ឋក្នុងភូមិបឹងទឹមទាំងមូល មានសេចក្តីត្រេកអរ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក រដ្ឋមន្ត្រី លឹម គានហោ ដែលបានជួយស្តារស្ទឹងចាស់នេះឡើងវិញ នាពេលកន្លងមក ហើយនៅពេលនេះទៀត បានចាត់បញ្ជូនគ្រឿងចក្រជួយកាយស្រះទាញយកជម្រាបទឹកចេញទាំង ០៩ កន្លែងនេះ មកជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិប្រើប្រាស់។ សូមបញ្ជាក់ផងដែរថា ស្រះទឹកនីមួយៗក្រុមការងារគ្រោងនឹងជីកក្នុងទំហំជាមធ្យម ៖ បណ្តោយ ១៥ ម៉ែត្រ , ទទឹង ០៧ ម៉ែត្រ និងជម្រៅ ២,៥០ ម៕
Source: Kampuchea Thmey Daily
0 Comments