ភ្នំពេញ ៖ យោងតាមប្រភពពីលោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរណ៍បានអះអាងថា ថ្ងៃទី២០ ខែកុម្ភៈនេះ ការធ្វើដំណើរក្នុងចំណុចគល់ស្ពានព្រះមុនីវង្សថ្មីចាស់ស្ថិតក្នុងទឹកដី ខណ្ឌច្បារអំពៅ អាចប្រឈមមុខនិងស្ទះព្រោះជាថ្ងៃហែអ្នកតាចិន។
លោកអធិការរងបានបញ្ជាក់ទៀតថា ចំពោះរថយន្តអ្នកដំណើរមកពីខេត្តស្វាយរៀងនិងព្រៃវែងអាចបើកបង្វៀនទៅផ្លូវថៃហ្គឺឆ្លងស្ពានព្រែកសំរោង ចូលទៅតាខ្មៅប្រសើរជាងមកច្បារអំពៅអាចកកស្ទះចរាចរណ៍។ ហើយអ្នកដំណើរដោយរថយន្តទេសចរណ៍អាចបញ្ចៀសទៅរកផ្លូវជាតិលេខ២តាមចាក់អង្រែឆ្ពោះទៅតាខ្មៅនិងបន្តឆ្លងស្ពានព្រែកសំរោងសំដៅទៅផ្លូវថៃហ្គឺវាប្រសើរជាងមកស្ទះនៅច្បារអំពៅ។
ប៉ុន្តែទោះជាយ៉ាងណាក៏កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ប្រើប្រាស់កម្លាំងចុះធ្វើចរាចរណ៍មិនឲ្យកកស្ទះចរាចរណ៍យូរម៉ោងដែរ។
ទាក់ទិនទៅនិងការដង្ហែក្បួនអ្នកតាចិននៅថ្ងៃទី២០ ខែកុម្ភៈនេះ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោកបានបើកកិច្ចប្រជុំជាមួយសមាគមន៍ចិននៅច្បារអំពៅ ដើម្បីរកវិធីដោះស្រាយនូវការកកស្ទះចរាចរណ៍ដោយកំណត់ឲ្យមានដង្ហែក្បួនតាមក្រុមជៀសវាងប្រសេចប្រសាចនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវជាតិនិងអន្តរជាតិ។ ចំពោះអ្នកតាដែលត្រូវពីខណ្ឌមានជ័យមកខណ្ឌច្បារអំពៅ គឺត្រូវមានរៀបជាក្រុមៗ មិនឲ្យក្បួនប្រសេចប្រសាចពេញលើទ្រូងផ្លូវដោយអនុញ្ញាតឲ្យហែជាជួរដោយទុកចន្លោះផ្លូវសម្រាប់ឲ្យអ្នកដំណើរបានបើកបរផង។
លោកអភិបាលខណ្ឌច្បារអំពៅក៏បានរឹតបន្តឹង ដល់សមត្ថកិច្ចចំរុះត្រូវការពារសន្តិសុខតាមក្បួនដង្ហែជៀសវាងការប៉ះទង្គិចពាក្យសំដីឌឺដងក្នុងក្បួនដង្ហែអ្នកតាដែលនាំឲ្យមានអំពើហិង្សា៕
Source: Kampuchea Thmey Daily
0 Comments