Ad Code

ចំណាយ​តែ​២០​ដុល្លារ អាច​ក្លាយជា​សមាជិក​ផ្លូវការ​របស់​ក្លិប​បឹងកេត​អែ​ហ្វ​ស៊ី



ក្លិប​បាល់ទាត់​បឹងកេត សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បានប្រកាស​ចុះឈ្មោះ​សមាជិក​អ្នកគាំទ្រ​ផ្លូវការ​របស់​ខ្លួន​មុន​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ មកដល់ ខណៈ​សមាជិក​ម្នាក់ៗ​គ្រាន់តែ​ចំណាយ​ប្រាក់​២០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ តែ​អាច​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ថែមទៀត​។



​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្លិប​នៅ​រសៀល​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ​បាន​បញ្ជាក់​ថា ​សមាជិក​ម្នា​ក់ៗ​មាន​អត្ថប្រយោជន៍​មួយចំនួន​ដូចជា​ទទួល​បាន​អាវ​ហ្វេ​ន​ក្នុង​ដី (​ពណ៌​ស​) ចំនួន​១​ដោយ​ឥតគិតថ្លៃ ព្រមទាំង​អាច​ចូលរួម​ទស្សនា​ការប្រកួត​ក្នុង​ដី​ពេញ​១​រដូវ​កាល​។ មិនតែប៉ុណ្ណោះ​គឺ​ទទួលបាន​ប័​ណ្ណ​សមាជិក​១​ ដែល​ទទួលបាន​ការ​បញ្ចុះ​តម្លៃ​រាល់​ការទិញ​ទំនិញ​នៅ BKStore ព្រមទាំង​មានឱកាស​ឈ្នះ​ពានរង្វាន់​អ្នកគាំទ្រ​ឆ្នើម​ប្រចាំឆ្នាំ​ផងដែរ​។



ចំណែក​លក្ខខណ្ឌ​នៃ​ការចូលរួម​ គឺ​ត្រូវ​មាន​វត្តមាន​ចូលរួម​ទស្សនា​ការប្រកួត​លើកទឹកចិត្ត​ក្រុម​យ៉ាង​ហោច​១៣​ប្រកួត​ក្នុង​ទឹកដី ព្រមទាំង​ចូលរួម​រាល់​សកម្មភាព​ផ្សេងៗ​ដែល​ដឹកនាំ​ដោយ Cheer Leader​។ គ្រប់​ការ​បង្ហាញ​វត្តមាន​ត្រូវ​ពាក់​ឯកសណ្ឋាន​របស់​ក្លិប​ដែល​ចែក​ជូន​មក​ជា​មួយ និង​អង្គុយ​តាម​ការរៀបចំ​របស់​ក្លិប​។ ១​សប្ដាហ៍​មានការ​ជួបជុំគ្នា​១​ទៅ​២​ដង​ ដើម្បី​ហាត់​សម​និង​បង្ហើប​ភាព​ស្និត​ស្នាល​ជាមួយគ្នា​។

សូម​បញ្ជាក់​ថា ​ក្លិប​តម្រូវ​ឲ្យ​តម្កល់​សាច់ប្រាក់​២០​ដុល្លារ​អា​មេរិក​ប្រសិនបើ​បំពេញ​គ្រប់​លក្ខខណ្ឌ​ខាងលើ​ ក្លិប​នឹង​ប្រគល់​ប្រាក់​ជូន​វិញ​នៅ​ចុងរដូវ​កាល​ទាំងអស់ ​ក្នុងករណី​ពុំបាន​បំពេញ​ត្រឹមត្រូវ​តាម​ការ​ការកំណត់​ក្លិប​មិន​ប្រគល់​ប្រាក់​តម្កល់​ជូន​វិញ​នោះ​ទេ​។ ចំណែក​ចំនួន​សមាជិក​របស់​អ្នកគាំទ្រ​គឺ​មាន​កំណត់ (១០០​នាក់​)​។ អ្នក​ចាប់អារម្មណ៍​សូម​ទាក់ទង​តាម​លេខ​ទូរ​ស័ព្ទ 0975487777​។



​ក្លិប​បឹងកេត ឡើង​មកលេង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១២ ហើយ​ធ្លាប់​ឈ្នះ​ជើងឯក​ចំនួន​៣​លើក​គឺ​នៅ​ឆ្នាំ​២០១២,២០១៦ និង​២០១៧ ខណៈ​នៅ​ឆ្នាំ​២០១៣ ,២០១៤ និង​ឆ្នាំ​២០១៨ ត្រឹម​ឈរជើង​ឯក​រង​។ នៅ​ឆ្នាំ​២០១៧ ក្រុម​នេះ​ឈ្នះ​ពានរង្វាន់ CNCC Cup 2017 ផងដែរ​។ ចំណែក​ពានរង្វាន់​នៅ​ក្រៅ​ស្រុក​វិញ​ក្រុម​ដែលមាន​ប្រភព​មកពី​ខេត្តកំពង់ចាម មួយ​នេះ​ធ្លាប់​ចេញទៅ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​ពានរង្វាន់ AFC President's Cup នៅ​ឆ្នាំ​២០១៣ ធ្លាប់​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ Toyota Mekong Club Championship 2015 តែ​ចាញ់​ក្រុម Buriram United របស់​ថៃ និង​ប្រកួត​ក្នុង​ពានរង្វាន់​នៅ​ឆ្នាំ​២០១៦ និង​២០១៧ ផងដែរ​។ នៅ​ឆ្នាំ​២០១៧​និង​២០១៨ ក្រុម​នេះ​មានឈ្មោះ​ចេញទៅ​លេង​ពានរង្វាន់លំដាប់​ទី២​ ប្រចាំ​ទ្វីប​អាស៊ី​ AF Cup ផងដែរ​តែធ្លាក់​វគ្គ​ជម្រុះ​តាម​ពូល​ដូច​គ្នា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu