ភ្នំពេញ ៖ រហូតមកដល់ពេលនេះគេមិនទាន់ឃើញមានឯកសារណាមួយសម្រេចពាក់ព័ន្ធទៅនឹងសកម្មភាពរបស់អង្គរក្សលោកសុខ ប៊ុន ដែលនៅក្នុងវីដេអូឃ្លីបគេឃើញជននោះបានដកកាំភ្លើងខ្លីអាម៉េបញ្ចូលគ្រាប់គំរាមកំហែង និងរារាំងអ្នករត់តុម្នាក់មិនឲ្យចូលជួយសាសាក្នុងគ្រាដែលមេកើយចិត្តកំណាចកាចជាងសត្វតិរច្ឆានរបស់ខ្លួនកំពុងវាយទាត់ធាត់ និងចាប់សម្រាតសំពត់អាវសាសានោះ។
អតីតពិធីការិនីរបស់ស្ថានីយទូរទស្សន៍ស៊ីធីអ៊ិនកញ្ញាឯក សុជាតាហៅសាសាបានប្រាប់«កម្ពុជាថ្មី»កាលពីវេលាម៉ោងជាង៣រសៀលថ្ងៃទី២០ ខែកក្កដាឲ្យដឹងថា បើទោះបីជាពេលនេះលោកសុខ ប៊ុនបានចូលខ្លួនមកដោះស្រាយគ្នានៅតុលាការតាមផ្លូវច្បាប់ និងបានបន្តឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃសហើយក៏ដោយ ក៏នាងនៅមានការព្រួយបារម្ភដែរអំពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសាររបស់នាង ខណៈពេលដែលអង្គរក្សរបស់លោកសុខ ប៊ុន ដែលជាជនដៃដល់ប្រើប្រាស់អាវុធគំរាមកំហែងនាងនៅមិនទាន់ចាប់ខ្លួនបាន។
សាសានិយាយទៀតថា បន្ទាប់ពីកើតហេតុ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ នាងបានដាក់ពាក្យបណ្តឹងស្របគ្នាភ្លាមៗប្តឹងលោកសុខ ប៊ុន និងអង្គរក្សដែលបានដកកាំភ្លើងគំរាមបាញ់សម្លាប់នាង ហើយបើតាមដឹងតុលាការនឹងមានចំណាត់ការចំពោះរឿងនេះបន្ត បន្ទាប់ពីសាកសួរយកចម្លើយពីលោកសុខ ប៊ុនដើម្បីស្គាល់ពីអត្តសញ្ញាណជនដៃដល់ជាអង្គរក្សនោះរួចមក។ នាងសង្ឃឹមថា តុលាការនឹងផ្តល់នូវភាពយុត្តិធម៌ជូននាង ដែលជាជនរងគ្រោះ ហើយទាក់ទងនឹងសំណងរដ្ឋប្បវេណីវិញនោះនាងក៏ដូចជាអាណាព្យាបាលរបស់នាងនៅតែមិនទាន់សម្រេចនៅក្នុងពាក្យបណ្តឹងថាទាមទារប៉ុន្មាននៅឡើយ។
នាងបញ្ជាក់ថា ចំពោះរឿងនេះនាងបានប្រគល់ឲ្យមេធាវីរបស់នាង និងឪពុកម្តាយជាបន្តដោះស្រាយ បន្ទាប់ពីនាងបានចូលខ្លួនឆ្លើយបំភ្លឺនៅតុលាការកាលពីថ្ងៃទី១៨ ខែកក្កដានេះ។ សាសាបញ្ជាក់បន្តថា «នាងនឹងចេញទៅក្រៅប្រទេសដើម្បីព្យាបាលរបួសមួយរយៈទៀត ពីព្រោះថា រហូតមកដល់ពេលនេះស្ថានភាពហ៊ឹងត្រចៀក ស្រវាំងភ្នែក និងជាំស្នាមខ្លួនរបស់នាងនៅមិនទាន់ជាសះស្បើយនៅឡើយ»៕
សាសាមានការព្រួយបារម្ភពីសុវត្ថិភាព ខណៈអង្គរក្សលោកសុខ ប៊ុននៅមិនទាន់ចាប់ខ្លួន
0 Comments