Ad Code

មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ណែនាំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន បង្ក្រាប​បទល្មើស​ផ្សេងៗ​បន្ថែម​ទៀត ​



​ប៉ៃលិន ​៖ មានប្រសាសន៍​លើកឡើង​ក្នុង​ពិធី​ប្រកាស ​តែងតាំង​អភិបាលរង​ខេត្ត​ប៉ៃលិន នា​រសៀល​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​ប៉ៃលិន លោក ឡេង វី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​តំណាង​ដ៏​ខ្ពស់​ខ្ពស់​របស់​ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន បង្ក្រាប​បទល្មើស​ផ្សេងៗ​បន្ថែមទៀត ដើម្បី​រក្សា​ឲ្យ​បាន​នូវ​សុខ​សុវត្ថិភាព និង​សន្តិសុខ​សង្គម​ជូន​ពលរដ្ឋ​តាម​មូលដ្ឋាន​។

​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ លោក ឡី ចាន់​ឆាយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​,​លោក ផាន់ ចាន​ធុល អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ព្រមទាំង​គណៈប្រតិភូ​អម​ដំណើរ​គណៈអធិបតី​, មន្ត្រី​រាជការ​តាម​មន្ទីរ​ស្ថាប័ន​ជុំវិញ​ខេត្ត សមត្ថកិច្ច​ទាំង​បី​ស្ថាប័ន ,​អភិបាលក្រុង​/​ស្រុក​, មេឃុំ​/​ចៅសង្កាត់ យ៉ា​ង​ច្រើន​កុះករ។



លោក ផាន់ ចាន​ធុល អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន មានប្រសាសន៍​បាន​ក្រើនរំលឹក​ដល់​អភិបាលរ​ង​ខេត្ត ដែល​ត្រូវបានតែងតាំង​ថ្មី ត្រូវខិតខំ​បំពេញការងារ ដោយ​ស្មារតី​យកចិត្តទុកដាក់ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់ ប្រឹងប្រែង​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី ដើម្បី​បំពេញ​ការងារ​ជូន​តម្រូវការ ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​សកម្ម​ថែមទៀត ជាពិសេស ត្រូវ​សហការ សាមគ្គី​គ្នា ដើម្បី​ឲ្យ​ខេត្ត មានការ​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​ទៅទៀត​។

ថ្លែង​នៅក្នុង​ឱកាស​នោះដែរ លោក ឡេង វី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​តំណាង​ដ៏​ខ្ពស់​ខ្ពស់​របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​លោក​អភិបាលរង​ខេត្ត​ប៉ៃលិន ដែល​ទើប​តែងតាំង​ថ្មី​ថា​ ៖ ត្រូវ​ចូលរួម​គ្រប់គ្រង​ដឹកនាំ ធ្វើយ៉ាងណា​ឲ្យ រាល់​ភារកិច្ច ដែល​រាជរដ្ឋាភិបាល​ដាក់​ចេញមក ត្រូវ​អនុវត្តន៍ ឲ្យ​បាន​ជោគជ័យ ជាពិសេស​ចូលរួម​គ្រប់គ្រង​អភិវឌ្ឍ​ន៏​ខេត្ត និង​ការ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​។​

លោក​ជា​គណៈអធិបតី បន្តថា​ ចំពោះ​បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​សង្គម អាជ្ញាធរ​មូលដ្ឋាន ត្រូវតែ​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​ខ្ពស់ ពោលគឺ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ជាពិសេស​អាជ្ញាធរ​មា​ន​សមត្ថកិច្ច ត្រូវតែ​ធ្វើការ​ទប់ស្កាត់​ជាមុន ចំពោះ​អំពើ​ប្លន់​ប្រដាប់​អាវុធ ចោរលួច ការចែក​ចាយ ប្រើប្រាស់​គ្រឿងញៀន ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាពកក់ក្ដៅ​នៅ​ក្នុង​ចិត្ត និង​មាន​ជំនឿ​ទុក​ចិត្ត​លើ​អាជ្ញាធរ គប្បី​យើងទាំងអស់គ្នា ដែលជា​អ្នកបម្រើ​ប្រជាពលរដ្ឋ ត្រូវតែ​ធ្វើ​សកម្មភាព ឲ្យ​បាន​ខ្លាំងក្លា​ក្នុងការ​បង្ក្រាប ឲ្យ​បាន​ជាដាច់ខាត ចំពោះ​ទង្វើ​ខុសច្បាប់​ដែល​កើតមាន ។

​ជាមួយគ្នានេះ​ លោក​ក៏បាន​ជំរុញ​ឲ្យ​អភិបាលរង​ខេត្ត ដែល​ទើប​តែងតាំង ត្រូវធ្វើ​យ៉ាងណា​សហការ​ជាមួយ អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​ថែរក្សា​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ​ផងដែរ។​

សូម​បញ្ជាក់​ថា​ លោក ឃ្លោក នួ​យ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន ត្រូវ​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​តែងតាំង​ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ជំនួស ​លោក សោ មុន្នី​រ័ត្ន ជា​អភិបាលរង​ខេត្ត​ប៉ៃលិន​ចាស់ ដែល​ទទួល​គ្រោះថ្នាក់​ចរាចរណ៍ រហូត​បាត់​បង់ជីវិត ក្នុង​ការ​បំពេញ​បេសកកម្ម​ការងារ​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu