ប្រដាល់ ៖ វង្ស ណយ អ្នកប្រដាល់កម្ពុជា នៃក្លិបកុលបុត្រគុនខ្មែរ និង អ៊ូច ធារិទ្ធ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃ នៅលើសង្វៀនខារ៉ាបាវស្ទឹងមានជ័យ នាយប់ថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ២០១៩នេះ។
វង្ស ណយ គេនឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃចែគស្យ៉ាម ចែគស្យ៉ាមយីម (Jacksiam Jacksiam Gym)។ ពួកគេទាំងពីរ នឹងជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម។
ចែគស្យ៉ាម គេធ្លាប់មកប្រកួតនៅកម្ពុជាប៉ុន្មានលើកហើយកន្លងមក។ អ្នកប្រដាល់ថៃរូបនេះ ខ្លាំងគួរសមដែរ។ នេះបើតាមអ្នកដឹកនាំកីឡាករថៃមកប្រកួតឲ្យដឹង។
ទោះជាយ៉ាងណា ចែគស្យ៉ាម ជួបជាមួយវង្សណយលើកនេះ ក៏មិនជាធានាប៉ុន្មានដែរ ព្រោះ វង្ស ណយ គេបានត្រៀមខ្លួនយ៉ាងល្អ សម្រាប់ការប្រកួតនេះ។ យ៉ាងណា វង្ស ណយ លើកនេះ អាចថាគេមានការប្រុងប្រយ័ត្នជាងមុន ដែលធ្វើឲ្យ ចែគស្យ៉ាម ពិបាកសង្ឃឹមឈ្នះណាស់។
ចែគស្យ៉ាម បើតាមអ្នកផ្គូផ្គងឲ្យដឹងនោះ គេមានកំណត់ត្រាប្រកួត៧៨លើក ឈ្នះ៦២លើក ចាញ់១៥លើក ស្មើ០១លើក និងធ្លាប់វាយដៃគូឲ្យសន្លប់ជាង២០លើកឯណោះ។ តែបើធៀបជាមួយប្រវត្តិប្រកួតរបស់ វង្ស ណយ គឺនៅតែតិចជាងដែរ ដោយវង្ស ណយ មានកំណត់ត្រាប្រកួតរហូតដល់១៨៨លើក ឈ្នះ១១៩លើក ចាញ់៦៤លើក និងស្មើ៥លើក។
ទោះជាយ៉ាងនេះក្តី វង្ស ណយ មិនអាចមើលងាយ ចែគស្យ៉ាម បានឡើយ ព្រោះអ្នកប្រដាល់ថៃរូបនេះ ទើបតែស្គាល់ចាញ់១៥លើកប៉ុណ្ណោះ ក្នុងការប្រកួតជាង៨០លើកនោះ។
ចាំមើល វង្ស ណយ និង ចែគស្យ៉ាម នេះ តើនរណាជាអ្នកឈ្នះ ?ក្នុងការជួបគ្នាលើកដំបូងនេះ។ វង្ស ណយ គេប្រកួតចុងក្រោយនេះ វាយឈ្នះអ្នកប្រដាល់ថៃPetchchhartchai ក្នុងទឹកទី៤ កាលពីថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ។
ចំពោះ អ៊ូច ធារិទ្ធ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ ត្រូវគេផ្គូផ្គងឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ ហ្វាម៉ៃ ស៊ីត យ៉តសៀន(Famai Site Yodsian) ដោយប្រកួតគ្នាក្នុងទម្ងន់៥៧គ.ក្រ។ ពីរនាក់នេះ ពុំធ្លាប់ដែលប៉ះគ្នាម្តងណានៅឡើយទេកន្លងមក។
អ៊ូច ធារិទ្ធ ជាអ្នកប្រដាល់ដែលចាត់ទុកថា ជាជើងខ្លាំងស្រករក្រោយម្នាក់។ គេបានឆ្លងកាត់ការប្រកួតជាមួយអ្នកប្រដាល់ថៃជាង១០លើក និងឡាវ១លើកប៉ុណ្ណោះ។ ដូច្នេះ លើកនេះជាលើកទី១២ ដែលគេជួបប្រកួតជាមួយថៃនោះ។ កាលពីជួបប្រកួតជាមួយថៃលើកចុងក្រោយនោះ (២២កុម្ភៈ២០១៩) គេបានវាយចាញ់Bowie ដោយពិន្ទុ។
ធារិទ្ធ មានប្រវត្តិប្រកួតប្រមាណជា៦១លើក ក្នុងនោះវាយឈ្នះ៤២លើក ចាញ់១៤ លើក និងស្មើ ០៥លើក។ គេជាអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយដោយមានចិត្តធំ កម្លាំងខ្លាំង វាយមិនសំចៃដៃឡើយ។ ប៉ុន្តែយ៉ាងណាការប្រកួតលើកនេះ មិនដឹងថា ធារិទ្ធ អាចយកឈ្នះហ្វាម៉ៃ បានឬក៏អត់នោះទេ?។
ហ្វាម៉ៃ ជាជើងខ្លាំង ដែលមានស្នៀតទាត់ និងកណ្ដាប់ដៃល្អ។ ដូច្នេះ អ៊ូច ធារិទ្ធ ប្រកួតលើកនេះ អាចនឹងជួបការលំបាកច្រើន ព្រោះអ្នកប្រដាល់ថៃរូបនេះ មានស្នៀតប្រដាល់ល្អ និងខ្លាំង។ តែបើអាចឈ្នះបាន គឺមានតែការវាយប្ដូរកែងមួយមុខគត់ ដែលប្រថុយដូរជាមួយនឹងជ័យជំនះ។ អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួតចំនួន៧២លើក ឈ្នះ៥៨លើក ចាញ់១៣លើក និង ស្មើ០១លើក។ ចាំមើល រវាង អ៊ូច ធារិទ្ធ និង ហ្វាម៉ៃ តើនរណាជាអ្នកឈ្នះនៅក្នុងការជួបគ្នានេះ?។
ចំណែកការប្រកួតមិត្តភាពខ្មែរ និងខ្មែរវិញ ងួន គា អ្នកប្រដាល់ក្លិបតាឡីដំរីមានរិទ្ធ នឹងជួបប្រកួតជាមួយ ខេម ចាន់ អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១។ ពីរនាក់នេះ ប្រកួតគ្នាក្នុងទម្ងន់៥៧គីឡូក្រាម។ ពីរនាក់នេះ មិនធ្លាប់ប៉ះគ្នាទេពីមុនមក។
ងួន គា ជាអ្នកប្រដាល់ជើងចាស់។ គេមានកណ្ដាប់ដៃល្អ ខ្លាំង និងលឿនរហ័ស។ គេប្រកួតចុងក្រោយនេះបានវាយឈ្នះ សង គង់ អ្នកប្រដាល់ក្លិបអេភូថងកីឡាដោយពិន្ទុ ឯ ខេម ចាន់ ប្រកួតចុងក្រោយនេះ វាយឈ្នះ ថៃ អ៊ិត តា ដោយពិន្ទុកាលពីថ្ងៃទី១៦កុម្ភៈកន្លងទៅនេះ។ ចាំមើល រវាង ងួន គា និង ខេម ចាន់ តើនរណាឈ្នះ?៕
Source: Kampuchea Thmey Daily
0 Comments