បន្ទាយមានជ័យ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយ លោកវរសេនីយ៍ទោ អ៊ុំ សាខន នាយរងសេនាធិការ ប្រចាំទិសមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះបង្ក្រាបគ្រឿងញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ នៅវេលាម៉ោង១០យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្សាររ៉ា ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ អ៊ុំ សាខន បានឲ្យដឹងថា នៅមុនបង្ក្រាបនោះ លោកបានទទួលព័ត៌មានសំងាត់នៅចំណុចកើតហេតុមានអ្នកជក់គ្រឿងញៀនមួយសំបុក ហើយក៏បានដឹកនាំកម្លាំងចុះបង្ក្រាបភ្លាមៗឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ រួមមាន ១-ឈ្មោះ ឡូន ឆៃលីម ភេទប្រុស អាយុ៣២ឆ្នាំ។ ២-ឈ្មោះ ពេង សំ ភេទប្រុស អាយុ១៦ឆ្នាំ។ ៣-ឈ្មោះ ឈឿន ប៊ុនតួ ភេទប្រុស អាយុ២២ឆ្នាំ។ ៤-ឈ្មោះ ស្មាញ់ ឈុន ភេទប្រុស អាយុ២៤ឆ្នាំ។ ៥-ឈ្មោះ ជឹម រ៉ា ភេទប្រុស អាយុ៥៤ឆ្នាំ ទាំង៥នាក់ស្នាក់នៅផ្ទះជួលស្ថិតនៅចំណុចផ្សាររ៉ា ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងវត្ថុតាងរួមមាន គ្រឿងញៀនមេតំហ្វេតាមីន ទឹកកក ចំនួន១កូនថង់ ស្មើ ០.១១ក្រាម ទូរស័ព្ទដៃចំនួន៣គ្រឿង។ ក្រោយមកជនសង្ស័យ លោកបានបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់បន្ថែមថា ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យខាងលើ អាចត្រូវចោទពីបទលួចជក់ញៀនដោយខុសច្បាប់ កម្លាំងជំនាញបានកសាងសំណុំបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments