ប្រដាល់ ៖ TV5 នឹងចាប់ផ្តើមបើកការប្រកួតប្រដាល់ដណ្តើមពានរង្វាន់ជើងឯក“ TV5 Boxing Knock Out Series By K.cement ” លើប្រភេទទម្ងន់៥៤គីឡូក្រាមបន្តទៀត លើសង្វៀន TV5 ព្រែកកំពឹស បន្ទាប់បានបញ្ចប់ការប្រកួតរដូវកាលចាស់ទម្ងន់៥៧គីឡូក្រាម កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ហើយជើងឯកបានទៅលើកីឡាករ ម៉ន សាម៉េត ក្លិបកងចក្ររាជសីហ៍មានរិទ្ធនោះ។
ការប្រកួតប្រដាល់ដណ្តើមពានរង្វាន់ជើងឯក“ TV5 Boxing Knock Out Series By K.cement ” រដូវកាលថ្មី(ទី៥) លើប្រភេទទម្ងន់៥៤គីឡូក្រាម មានអ្នកប្រដាល់ចាស់-ថ្មី ចំនួន៣២រូប នឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលរូបមន្តប្រកួត គឺចាញ់ជ្រុះធ្លាក់តែម្តង។
សម្រាប់ការប្រកួតជម្រុះលើកទី១ ក្នុងជុំទី១ នៅថ្ងៃដំបូងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩នេះ ដែលមានពីរគូនោះ គឺជាការជួបគ្នារវាង ម៉ន ភារម្យ អ្នកប្រដាល់ជើងចាស់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក នឹងជួបប្រកួតជាមួយអ្នកប្រដាល់ស្រករក្រោយ ប៊ុន សុធាសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ហើយមួយគូទៀតនោះ គឺ រិទ្ធ ប្រាក់ប៊ិន ជើងចាស់ក្លិបកងពលតូចលេខ៧០ ជួបប្រកួតជាមួយអ្នកប្រដាល់ស្រករក្រោយដូចគ្នា គឺ ចាន់ សាន់ ក្លិបនិរោធមានជ័យ។
ការប្រកួតក្នុងជុំទី១នេះ គឺប្រកួតតែបីទឹក ដោយក្នុងមួយទឹកមាន៣នាទី សម្រាកឲ្យទឹក២នាទី ហើយអ្នកដែលឈ្នះបានឡើង និងអ្នកដែលចាញ់ត្រូវជ្រុះធ្លាក់ត្រឹមនេះ។
រវាងម៉ន ភារម្យ និង ប៊ុន សុធា នេះ ពួកគេមិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះពួកគេទាំងពីរនាក់ ម្នាក់ជាអ្នកប្រដាល់ស្រករក្រោយ គឺ ប៊ុន សុធា ឯម៉ន ភារម្យ ជាអ្នកប្រដាល់ជើងចាស់ស្រករមុន។
ទោះជាយ៉ាងណា ប៊ុន សុធា ប្រហែលជាមិនអាចឈ្នះ ម៉ន ភារម្យ បាននោះឡើយ។ ម៉ន ភារម្យ គេមានប្រៀបឈ្នះលើ ប៊ុន សុធា ត្រង់បទពិសោធន៍ និងល្បិចកល ព្រមទាំងផ្លែល្អថែមទៀត។ ប៉ុន្តែ ម៉ន ភារម្យ ក៏មិនអាចធ្វេសប្រហែស ឬមើលស្រាល ប៊ុន សុធា បានដែរ ព្រោះ ប៊ុន សុធា នេះ គេក៏វាយខ្លាំង និងល្អដែរ ហើយណាមួយ ទើបតែឈ្នះបានខ្សែក្រវាត់គូបូតាទម្ងន់៥៤គីឡូក្រាម កាលពីដើមខែមករា កន្លងមក។
ចំពោះការប្រកួតមួយគូទៀតនោះ ជាការជួបគ្នារវាងអ្នកប្រដាល់ រិទ្ធ ប្រាក់ប៊ិន ក្លិបកងពលតូចលេខ៧០ និង អ្នកប្រដាល់ស្រករក្រោយដូចគ្នា គឺចាន់ សាន់ ក្លិបនិរោធមានជ័យ។ ពីរនាក់នេះ ក៏មិនធ្លាប់ជួបគ្នាដែរកន្លងមក។
ចាន់ សាន់ ជាលើកទី១របស់គេហើយ ដែលចូលរួមការប្រកួតដណ្តើមពានរង្វាន់TV5 Boxing Knock Out Series By K.cement នេះ។ សម្រាប់ការចូលរួមនេះ ពុំដឹងថាចាន់ សាន់ ឬ រិទ្ធ ប្រាក់ប៊ិនទេ ដែលឆ្លងផុតដំណាក់កាលដំបូងនេះ។
ការជួបគ្នារវាង រិទ្ធ ប្រាក់ប៊ិន និង ចាន់ សាន់លើកនេះ មិនដឹងថានរណា ជាអ្នកមានសំណាងបានឡើងទៅប្រកួតបន្តទៀតនោះទេ ? តែយ៉ាងណា រិទ្ធ ប្រាក់ប៊ិន គេជាអ្នកប្រដាល់មានឈ្មោះបោះសំឡេង ធ្លាប់ជួបជើងខ្លាំង ៗជាច្រើននាក់មកហើយ និងពិសេស គេមានកលល្បិចនិងបទពិសោធន៍លើរេញច្រើនជាង ចាន់ សាន់។ និយាយរួមពីរនាក់នេះ គឺត្រូវមានការប្រយ័ត្នរៀងៗខ្លួន។ យ៉ាងណា ការប្រកួតរវាងអ្នកប្រដាល់ទាំងពីរ ទោះជាអ្នកណាឈ្នះ ក៏ឈ្នះដោយវេទនាដែរ។ ចាំមើល ក្នុងជុំទី១ នេះ រវាងរិទ្ធ ប្រាក់ប៊ិន និង ចាន់ សាន់ តើនរណានៅ នរណាដើរចេញពីការប្រកួតនេះ។
ព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់ជើងឯក“ TV5 Boxing Knock Out Series By K.cement ” រដូវកាលថ្មីលើប្រភេទទម្ងន់៥៧គីឡូក្រាមនេះ មានអ្នកប្រដាល់ចំនួន៣២នាក់ចូលរួម ហើយចែកចេញជា៤ ដំណាក់កាល និងមានរូបមន្តប្រកួត គឺជុំទី១ជាការប្រកួតជម្រុះក្នុងចំណោម៣២នាក់ ទុកតែ១៦នាក់។ ជុំទី២ ជាការជម្រុះក្នុងចំណោម១៦នាក់ ទុក៨នាក់ ហើយជុំទី៣ គឺជម្រុះក្នុង៨នាក់ទុក៤នាក់ និងជុំទី៤ និងទី៥ ជាការប្រកួតដំណាក់កាលផ្ដាច់ព្រ័ត្រ គឺពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ៕
Source: Kampuchea Thmey Daily
0 Comments