ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿង បើកលឿនមិនប្រយ័ត្នវ៉ាក់អឺជាមួយរថយន្ដមួយគ្រឿងទៀត បើកចេញពីក្នុងរោងចក្រ បួងចង្កូតឡើងសួរច្បារពុះចែកទ្រូងផ្លូវ បន្ដជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុប្រាប់ឲ្យដឹងថា មុនពេលកើតហេតុពូកគាត់បានឃើញរថយន្ដ ដឹកកុងតឺន័រ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 3C-2147 បើកបរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏វ៉ាក់អឺជាមួយរថយន្ដមួយគ្រឿងផ្សេងទៀត មិនចាំម៉ាកបើកចេញពីក្នុងរោងចក្រ ធ្វើឲ្យតៃកុងរថយន្ដបង្កហេតុ បង្ខំចិត្ដបួងចង្កូតឡើងសួនច្បារពុះចែកទ្រូងផ្លូវជ្រុងទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើម ទើបរថយន្ដទៅមុខលែងរួច ។
សាក្សីប្រាប់បន្តថា ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ខណ្ឌដង្កោ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅសាលាខណ្ឌដង្កោ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments