ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមគ្នា២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះ នៃអធិការខណ្ឌខណ្ឌដូនពេញ ឃាត់ខ្លួនភ្លាមៗ ខណៈដែលពួកគេធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋអ្នកដំណើរ តែមិនបានសម្រេច គាប់ជួនជនរងគ្រោះគាត់ស្រែកថា ចោរៗភ្លាមៗ ក៏ជាប់អន្ទាក់តែម្តង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា លទ្ធផលក្នុងកិច្ចប្រតិបត្តិការបង្ក្រាបជាក់ស្ដែង ករណីលួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា(ជិះម៉ូតូឆក់ទូរស័ព្ទដៃ)នោះ គឺនៅថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១១និង៤០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់(ក្នុងចំណោមបក្ខពួក០២នាក់) ពីបទលួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា(ជិះម៉ូតូឆក់ទូរស័ព្ទដៃ) នៅចំណុចមុខក្រសួងព័ត៌មានផ្លូវព្រះមុនីវង្ស ភូមិទី០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ.
អត្តសញ្ញាណជនសង្ស័យដែលឃាត់ខ្លួនបាន គឺ ឈ្មោះ សឹង ឌីណា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅមិនពិតប្រាកដ។ រីឯវត្ថុតាងចាប់យកម៉ូតូមួយគ្រឿង ម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CK-2061(ជារបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់)។
ចំណែកជនរងគ្រោះមិនស្គាល់ អត្តសញ្ញាណ ភេទស្រី អាយុប្រហែល៣០ឆ្នាំ ជនជាតិខ្មែរ មិនបានដាក់ពាក្យបណ្តឹង បន្ទាប់ពីដណ្តើមទូរស័ព្ទដៃបានវិញ ហើយក៏ឡើងជិះម៉ូតូចេញទៅបាត់។
សមត្ថកិច្ចបន្តទៀតថា ដំណើររឿងហេតុនោះ គឺនៅមុនពេលកើតហេតុ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១១និង៤០នាទី ជនរងគ្រោះមិនស្គាល់ឈ្មោះ ភេទស្រី អាយុប្រហែល៣០ឆ្នាំជនជាតិខ្មែរ បានជិះម៉ូតូម៉ាកអាយខុន ពណ៌ផ្កាឈូកម្នាក់ឯង តាមផ្លូវព្រះមុនីវង្ស ពីទិសខាងជើងទៅទិសខាងត្បូង ពេលជិះមកដល់មុខក្រសួងព័ត៌មាន ក៏ជនសង្ស័យ ឈ្មោះ សឹង ឌីណា ភេទប្រុសអាយុ២០ឆ្នាំ និង ឈ្មោះ រ័ក្ស ភេទប្រុស អាយុប្រហែល២០ឆ្នាំ បានជិះម៉ូតូមួយគ្រឿង ម៉ាកC125 ពណ៌ខ្មៅមកពីក្រោយ ហើយជនសង្ស័យ ឈ្មោះ រ័ក្ស ដែលជាអ្នកបើកម៉ូតូបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីជនរងគ្រោះ ដែលកំពុងកាន់និយាយ តែពុំបានសម្រេច ភ្លាមៗនោះជនរងគ្រោះស្រែកឆោឡោថា ចោរៗ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចកដែលកំពុងល្បាតឃើញ បានអន្តរាគមន៍ដេញឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ សឹង ឌីណា ជាអ្នកអង្គុយក្រោយ រួមជាមួយវត្ថុតាងម៉ូតូជិះធ្វើសកម្មភាពយកមកទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ធ្វើការសាកសួរ រីឯជនសង្ស័យម្នាក់ទៀត ឈ្មោះ រ័ក្ស ជាអ្នកបើកម៉ូតូ និងជាអ្នកឆក់បានរត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះជាស្ត្រី ជនជាតិខ្មែរ បានឡើងជិះម៉ូតូចេញទៅបាត់ ដោយមិនបានដាក់ពាក្យបណ្ដឹងនោះទេ។
សមត្ថកិច្ចបញ្ជាក់ទៀតថា ចំពោះមុខកម្លាំងជំនាញប៉ុស្តិ៍ និងខណ្ឌ កំពុងប្រើប្រាស់វិធានការជំនាញសួរចំលើយរកបក្ខពួក និងប្រវត្តិសកម្មភាពប្រព្រឹត្តបទល្មើសកន្លងមក។
ដោយឆ្លងតាមការធ្វើតេស្តទឹកនោម បញ្ជាក់ឲ្យដឹងថា ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀនរយៈពេលជាង១ឆ្នាំមកហើយ។
បច្ចុប្បន្ន ជនសង្ស័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments