គេនៅចាំបានថា តារាសំដែងដែលមានឈ្មោះបោះសំឡេងដោយសារតែឪពុកជួយរុញច្រានកញ្ញា ភិន សុដាលីស ធ្លាប់បានភ្ជាប់ពាក្យរួចមកហើយ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៣ ជាមួយតារាសំដែងមិនសូវល្បីលោក ប៉ែន តុលា។ បើទោះបីជាពិធីភ្ជាប់ពាក្យត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម និងមានចាស់ទុំសាច់សាលោហិតទាំងសងខាងចូលរួមដឹងឮក៏ដោយ ក៏ចំណងស្នេហ៍របស់ពួកគេមិនអាចស្ថិតស្ថេរបានយូរអង្វែងនោះដែរ ហើយក៏ត្រូវបានចែកផ្លូវគ្នាដើររៀងៗខ្លួន។
បន្ទាប់ពីបានផ្ដាច់ចំណងស្នេហ៍ជាមួយគូដណ្តឹងមក មហាជនដែលចូលចិត្តតាមដានរឿងរ៉ាវរបស់តារាសិល្បៈខ្មែរក៏បានលេចឮដំណឹងថា តារាសំដែងដ៏ស្រស់សោភាកញ្ញា ភិន សុដាលីស បានភ្ជាប់ទំនាក់ទំនងស្នេហាជាមួយអ្នកនេះជាមួយអ្នកនោះ ក៏ប៉ុន្តែត្រូវបាននាងចេញមុខបដិសេធជារឿយៗស្របទៅនឹងការនិយាយខ្សឹបខ្សៀវទាំងនោះផងដែរ។
ការបែកធ្លាយរូបថតថើបជញ្ជក់មាត់គ្នា រវាងនាង និងសង្សារថ្មីនៅលើប្រព័ន្ធអ៊ីនធឺណិតលើកនេះ ភិន សុដាលីស ប្រហែលជាមិនអាចប្រកែកបានទៀតនោះទេ ពីព្រោះភស្តុតាងវាបានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ក្រឡែតទៅហើយ ហើយបើតាមប្រភពបាននិយាយបញ្ជាក់ផងដែរថា បុរសដែលមានសំណាងបានបាននែបនិត្យ និងជាសង្សារថ្មីរបស់ ភិន សុដាលីស នោះមានឈ្មោះ សេម។ ប្រភពបន្តថា បុរសឈ្មោះ សេម ដែលថតរូបថើបបឺតមាត់ជាមួយ ភិន សុដាលីស នេះបច្ចុប្បន្នមិនបាននៅស្រុកខ្មែរនោះទេ ពោលគឺកំពុងតែបន្តការសិក្សានៅអាមេរិក ហើយរូបថតថើបគ្នារបស់ពួកគេនេះដែរបើតាមដឹង គឺថតនៅក្រៅប្រទេស ក្នុងអំឡុងចុងឆ្នាំ២០១៤មកម្ល៉េះ។
ប្រភពបញ្ជាក់ថា រវាង ភិន សុដាលីស និងបុរសឈ្មោះ សេម នេះដែរ គឺមានទំនាក់ទំនងមនោសញ្ចេតនាស្នេហាជាមួយគ្នាយូរអង្វែងដែរ ហើយដោយគ្រាន់តែពួកគេមិនបង្ហាញជាសាធារណៈតែប៉ុណ្ណោះ។
កាលពីថ្ងៃទី២៩ ខែកក្កដានេះ «កម្ពុជាថ្មី»មិនអាចទាក់ទងសុំសួរនាំដោយផ្ទាល់ពីកញ្ញា ភិន សុដាលីស បានទេ ដោយប្រព័ន្ធទូរស័ព្ទមិនអាចទាក់ទងបាន។
ដោយឡែក លោក អ៊ិន សុភិន ជាឪពុកតារាសំដែង ភិន សុដាលីស បាននិយាយប្រាប់វេបសាយក្នុងស្រុកមួយកាលពីពេលថ្មីៗនេះថា ចំពោះរូបភាពនេះ ខ្ញុំមិនមានអ្វីនិយាយទេ ចាំខ្ញុំសួរកូនសិនក្រែងលោជាការសំដែងកុន។ តែបើតាមការគ្រោងទុក កូនស្រីលោក និងគូដណ្ដឹង នឹងត្រូវចូលរោងការនៅចុងឆ្នាំ២០១៥នេះហើយ ពោលពួកគេទាំងពីរមិនមានការបែកបាក់គ្នាដូចដែលកាសែតចុះផ្សាយនាពេលកន្លងមកនោះទេ។
លោកសង្ឃឹមថា រឿងរ៉ាវផ្សេងៗទាក់ទងនឹងកូនស្រីរបស់លោក នឹងត្រូវបានបញ្ចប់នៅចុងឆ្នាំនេះ ក្រោយពេលដែលពួកគេរៀបការរួច៕
ភិន សុដាលីស ធ្លាយរូបថតថើបគ្នាជាមួយសង្សារថ្មី ផ្ទុយពីការលើកឡើងរបស់ឪពុក
0 Comments