ភ្នំពេញ ៖ បុរសម្នាក់ក្នុងវ័យជាង៤០ឆ្នាំ ដែលកំពុងអូសរទេះដើររើសអេតចាយបានប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមដោយពំុបានជួយសង្គ្រោះជីវិតទាន់ឡើយ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ស្ថិតនៅតាមបណ្តោយផ្លូវ៣៦៩ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពពីលោកងឹន ធីរ៉ូ ចៅសង្កាត់ព្រែកប្រាបានឲ្យកម្ពុជាថ្មីដឹងថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះកំពុងអូសរទេះដើររើសអេតចាយតាមផ្លូវ៣៦៩។ លុះមកដល់ចំណុចមុខទីស្នាក់ការ ភូមិព្រែកតាពៅ ក៏ស្រាប់តែឃើញជនរងគ្រោះដួលហាក់ដូចជាខ្យល់គរ។
ភ្លាមៗនោះអ្នកធ្វើដំណើរក៏ដូចជាមន្ត្រីភូមិបានជួយធ្វើចលនាបេះដូងដល់ជនរងគ្រោះ ប៉ុន្តែនៅតែមិនដឹងខ្លួនរហូតដល់លោកចៅសង្កាត់ទូរស័ព្ទហៅរថយន្តមន្ទីរពេទ្យបង្អែក ខណ្ឌច្បារអំពៅមកជួយសង្គ្រោះតែគ្រូពេទ្យមកដល់រួចពិនិត្យទៅឃើញថាជនរងគ្រោះបានផុតដង្ហើមបាត់ទៅហើយ។
ដោយឡែកលោកវរសេនីយ៍ត្រីឡូ ភារម្យ នាយនគរបាលប៉ុស្តិ៍ព្រែកប្រា បាននិយាយថា ជនរងគ្រោះពុំមានលិខិតស្នាមបញ្ជាក់ពីអត្តសញ្ញាណឡើយ។ ហើយបើពិនិត្យតាមភិនភាគគឺជាជនជាតិវៀតណាម។ សពជនរងគ្រោះ ត្រូវបានដឹកយកមកតម្កល់ទុកនៅវត្តច្បារអំពៅដើម្បីទុកស្វែងរកគ្រួសារ៕
Source: Kampuchea Thmey Daily
0 Comments