ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ ដែលជាបេក្ខភាព១ក្រុមក្នុងចំណោមក្លិបបាល់ទាត់ចំនួន៣ក្រុម ត្រូវគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នឹងជ្រើសរើសជាបេក្ខភាពដើម្បីចូលរួមប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League)រដូវកាលឆ្នាំ២០១៩ ខាងមុខ ជំនួសក្រុមបាល់ទាត់វេស្ទើនភ្នំពេញ ដែលប្រកាសរំសាយក្រុមកាលពីពេលថ្មីៗ ដោយសារបញ្ហាហិរញ្ញវត្ថុ។
យោងតាមការបញ្ជាក់នៅលើហ្វេសប៊ុករបស់ក្លិប ដែលមានមូលដ្ឋាននៅខេត្តតាកែវ មួយនេះបានបញ្ជាក់ថា កីឡាករថ្មីជាជនជាតិជប៉ុននេះមានឈ្មោះថាReiya Kinnoshita មានអាយុ២៥ឆ្នាំ មានកម្ពស់១,៧០ម៉ែត្រ ទម្រង់៦៦គីឡូក្រាម ហើយលេងក្នុងតំណែងជាខ្សែបម្រើប្រយុទ្ធ។ រូបគេធ្លាប់លេងនៅ Yamansashi Unitersity នៅឆ្នាំ២០១០ និង២០១១ ខណៈនៅឆ្នាំ២០១៦ រូបគេចូលរួមក្នុងក្រុម Teikyo University និងឆ្នាំ២០១៨ លេងក្នុងក្រុម OkinawaSV សមាជិកលីគលំដាប់ទី៥ប្រទេសជប៉ុន។
លោក Ekapob Potisai គ្រូបង្គោលគិរីវង់សុខសែនជ័យ ធ្លាប់បានលើកឡើងថា ក្លិបរបស់លោកបានចុះកិច្ចសន្យាជាមួយកីឡាករបរទេស៣នាក់រួចរាល់ហើយមុនដំណើរមកដល់របស់កីឡាករ Reiya Kinnoshita។ កីឡាករចាស់ទាំង៣រូបនេះមានកីឡាករSouleymane Coulibaly ជនជាតិម៉ាលី, Marcio Santos ជនជាតិប្រេស៊ីល និង Reiya Kinoshita ជនជាតិជប៉ុន។ គ្រូបង្វឹកជនជាតិថៃជឿជាក់ថា កីឡាករសមាជិកថ្មីទាំងអស់អាចបំពេញចំណុចខ្វះខាតក្នុងក្រុមជាពិសេសចាប់ពីតំបន់បម្រើដល់ប្រយុទ្ធ ហើយថា ក្លិបក៏កំពុងធ្វើតេស្ដកូតាកីឡាករបរទេសមួយចំនួនទៀតដែរ។
ក្លិបគីរីវង់សុខសែនជ័យ បានផ្លាស់ប្តូរក្បាលម៉ាស៊ីន មួយចំនួនដោយមានការដឹកនាំពីសំណាក់គ្រូបង្វឹកថ្មីគឺលោក Ekapob Potisai ដែលជាអតីតកីឡាករជម្រើសជាតិថៃនិងជាអតីតគ្រូបង្គោលនៃក្លិប Savan United នៃលីគកំពូលឡាវផងដែរ។ យ៉ាងណាក្តីក្លិបនេះមានឯកឧត្តម សុខ ពុទ្ធិវុធ ជាប្រធានក្លិបហើយមានលោក ឌុក វាសនា ជាអ្នកចាត់ការទូទៅរបស់ក្លិប។ លោក ផាន់ ចាន់ផាត ដែលជាគ្រូបង្វឹកចាស់ធ្លាប់បានដឹកនាំជាច្រើនឆ្នាំមកនេះត្រូវបានក្លិបប្តូរតួរនាទីទៅជាគ្រូជំនួយវិញក្រុមគីរីវង់សុខសែនជ័យ បានធ្លាក់ទៅចេញពីពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) កាលពីឆ្នាំ២០១៧ កន្លងទៅក្រោយឈរលេខរៀងទី១២ ក្នុងចំណោមក្រុមជាសមាជិកទាំង១២នៅឆ្នាំនោះ។ សម្រាប់នៅឆ្នាំ២០១៨ កន្លងទៅនេះក្រុមគីរីវង់សុខសែនជ័យ បានចូលរួមក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយចាញ់ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ដោយលទ្ធផល ២ទល់១ ក្នុងវគ្គផ្តាច់ព្រ័ត្រជើងឯកថ្នាក់ខេត្ត។ ប៉ុន្តែពេលឡើងដល់វគ្គជម្រុះថ្នាក់ជាតិបានធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលទ្ធផល៣ទល់២៕
Source: Kampuchea Thmey Daily
0 Comments