ភ្នំពេញ ៖ លោក សុខ ឥសាន មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមលក្ខណៈមួយជំហានរួចហើយ ទាក់ទងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ ដូច្នេះការដកប្រព័ន្ធ EBA មិនអាចធ្វើឲ្យកម្ពុជាដួលរលំ ដូចការផ្សាយរបស់ពួកជ្រុលនិយមមួយចំនួននោះឡើយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងយ៉ាងនេះថា “នៅពេលដែលសហគមន៍អឺរ៉ុប កំពុងត្រៀមដកប្រព័ន្ធ EBA ពីកម្ពុជា ពួកក្បត់ជាតិរត់ចោលស្រុកបានសម្តែងការត្រេកអរ និងសប្បាយរីករាយខ្លាំងណាស់ ដោយពួកគេមានសង្ឃឹមថា ប្រជាជនកម្ពុជា និងកម្មករ និយោជិត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នឹងទទួលរងទុក្ខវេទនាតាមការដែលពួកគេចង់បាន ប៉ុន្តែពួកគេភ្លេចគិតថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមលក្ខណៈជាមុនមួយជំហានរួចហើយនោះទេ គឺជំរុញកំណែទម្រង់ផ្ទៃក្នុង ដើម្បីទប់ទល់នឹងផលវិបាកមួយចំនួន ដែលមានជាយថាហេតុ”។
តាមលោក សុខ ឥសាន “ការដកប្រព័ន្ធ EBA មិនអាចធ្វើឲ្យកម្ពុជាដួលរលំ ដូចពួកអមិត្តស្រែកឃោសនាបំប៉ោងនោះឡើយ ដូច្នេះប្រជាជនកម្ពុជា មិនខ្វល់នឹងការស្រែកអបអរសាទរនឹងជោគជ័យរបស់ពួកគេ ដែលចង់សម្លាប់កម្ពុជានោះឡើយ បញ្ហាសំខាន់ គឺផ្ទៃក្នុងជាកត្តាកំណត់ មិនមែនខាងក្រៅទេ។ ហេតុនេះទុកឲ្យពួកវាស្រែកព្រូសចុះ យើងចេះតែដើរទៅមុខ ប្រៀបបាននឹងឆ្កែចេះតែព្រូស មនុស្សចេះតែដើរ”។
លោក សុខ ឥសាន ថ្លែងបែបនេះ កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ និងបន្ទាប់ពីក្រុមប្រឆាំងជ្រុលនិយមមួយចំនួន បាននិងយកបញ្ហាប្រព័ន្ធ EBA ដើម្បីកេងចំណេញនយោបាយរបស់ខ្លួន ដោយដើរញុះញង់ប្រជាពលរដ្ឋភ័យព្រួយចំពោះបញ្ហានេះ ប៉ុន្តែប្រមុខនៃរាជរដ្ឋាភិបាលបានបញ្ជាក់ហើយថា បើទោះបីជាកម្ពុជាបាត់បង់ EBA ក៏កម្ពុជាមិនស្លាប់ដែរ ហើយមាន EBA ក៏កម្ពុជាមិនក្លាយជាអ្នកមានដែរ ហើយការដក EBA ពីកម្ពុជា មានតម្លៃស្មើ និងសម្លាប់បក្សប្រឆាំងនៅកម្ពុជាទៅវិញទេ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៩ថា ប្រទេសមួយ បើមិនអាចអនុវត្តច្បាប់របស់ខ្លួនបាន មិនចាំបាច់ហៅថា ជារដ្ឋអធិបតេយ្យនោះទេ។ យើងត្រូវប្រែក្លាយការប្រឈមឲ្យទៅជាឱកាសទៅជាកាលានុវត្តភាព នៃការខិតខំឈានឡើងនៃសេដ្ឋកិច្ចរបស់យើង។ ដំណើរការដក EBA មានរយៈពេល១៨ខែ ទើបបានដឹងថា ត្រូវដក ឬមិនត្រូវដក ហើយបើទោះបីជាបាត់ ឬនៅមានបន្ត ក៏មិនអាចធ្វើឲ្យយើងស្លាប់ ឬក្លាយទៅជាអ្នកមានបានដែរ។
សម្តេចបញ្ជាក់ថា បញ្ហា EBA នេះ មុននិងក្រោយគង់តែបាត់ដូចតែគ្នា គ្រាន់តែយូរ និងឆាប់តែប៉ុណ្ណោះ ដូចនេះការរកស៊ីបង់ពន្ធឲ្យគេ នឹងគេបង់ពន្ធឲ្យយើង គឺជារឿងជៀសមិនរួច ហើយថ្លៃថ្នូរ និងមានស្ថិរភាពទៀតផង យើងត្រូវរកគ្រប់វិធី ដើម្បីឲ្យសេដ្ឋកិច្ចរបស់យើងកាន់តែមានភាពប្រកួតប្រជែងខ្លាំងឡើង។
ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានពន្យល់ទៅកាន់ជនរួមជាតិ ជាពិសេស កម្មករ កម្មការិនីថា បើសិនជានៅតែមានមុខរបរ មានការងារធ្វើ មានប្រាក់ចំណូល សូមកុំខ្វល់នឹងអ្នកណានិយាយពីអ្វី។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងនិវត្តជន បើសិនជានៅតែបើកប្រាក់ខែ កុំខ្វល់នឹងអ្នកណានិយាយពីអ្វី។ ត្រូវបន្តតាមពាក្យគេថា “ឆ្កែចេះតែព្រូស មនុស្សចេះតែដើរ”៕
Source: Kampuchea Thmey Daily
0 Comments