Ad Code

ម្ចាស់​ស្បែកជើង​មាស​លី​គ​កំពូល​កម្ពុជា​២​នាក់​ទៅ​ចូលរួម​ជាមួយ​ក្រុម​ក្រសួង​ការពារជាតិ​ត្រៀម​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩



កីឡាករ​បរទេស​២​រូប​ ដែល​មាន​បទពិសោធន៍​ច្រើន​និង​ធ្លាប់​ឈ្នះ​ស្បែកជើង​មាស​ក្នុង​លី​គ​កំពូល​កម្ពុជា គឺ​កីឡា​ករនី​ហ្សេ​រី​យ៉ា​George Bisan និង​Dzarma Bata បាន​ចូលរួម​ជាមួយ​ក្រុមបាល់ទាត់​ក្រសួងការពារជាតិ ដែល​ទស្សនិកជន​និយម​ហៅថា​ទ័ព ដើម្បី​ត្រៀម​ប្រកួត​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩​ខាងមុខនេះ​។

​យោង​តាម​ការ​កំណត់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​បញ្ជាក់​ថា ​ក្លិប​ជា​សមាជិក​របស់​លី​គ​ខ្លួន​មាន​សិទ្ធិ​ចុះបញ្ជី​កីឡាករ​បរទេស​ចំនួន​៥​នាក់​ប៉ុន្តែ​ដាច់ខាត​ក្នុង​នោះ​ត្រូវតែមាន​កីឡាករ​ជា​ជនជាតិ​សមាជិក​ទ្វីបអាស៊ី ១​រូប​។ ចំពោះ​ក្រុម​ក្រសួងការពារជាតិ ត្រូវបាន​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) បញ្ជាក់ថា​បាន​ចុះបញ្ជី​កីឡាករ​បរទេស​បាន​៣​នាក់​ហើយដោយ​ក្នុងនោះ​មាន​កីឡាករ Bisan George, Bata និង​កីឡាករ​ចាស់​ជនជាតិ​អេ​ហ្ស៊ី​ប Mohamed Hamza​។



មុន​មកដល់​កម្ពុជា​នៅ​ឆ្នាំ ២០១២ កីឡាករ Bisan George លេង​បាល់​នៅ​ឈុត​យុវជន​ថ្នាល​មួយ​ក្នុងប្រទេស​កំណើត​របស់​ខ្លួន​។ មកដល់​កម្ពុជា​ដំបូង​គេ​នៅ​ឆ្នាំ​២០១២ រូបគេ​ចូល​ជា​សមាជិក​នៅក្នុង​ក្រុម​ចម្ការកៅស៊ូ​បឹងកេត (​បឹងកេត​អង្គរ​) ប៉ុន្ដែ​គ្រានោះ​ត្រូវ​ក្លិប​ឆ្លាម​សមុទ្រ​ខ្ចី​ជើង​ជា​បណ្ដោះអាសន្ន​។ ចូល​ដល់​រដូវ​កាល​២០១៣ កីឡាករ​រូបនេះ​បាន​ចូល​លេង​ឲ្យ​បឹងកេត​អង្គរ ពេញសិទ្ធិ ខណៈ​រដូវ​កាល ២០១៤ រូបគេ​បាន​ប្ដូរ​ទៅ​ចូលរួម​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន រហូតដល់​រដូវ​កាល ២០១៥ កន្លងទៅ​។ តែ​នៅ​ជើង​ទី​១​រដូវ​កាល​២០១៦ រូបគេ​បាន​ចេញទៅ​ចូលរួម​ជាមួយ​ក្លិប Than Quảng Ninh F.C សមាជិក​ក្នុង​លី​ក​កំពូល​ប្រទេស​វៀតណាម ហើយ​ជើង​ទី​២​រូបគេ​បាន​ត្រឡប់​មកកាន់​កីឡដ្ឋាន RSN Stadium របស់​ភ្នំពេញ​ក្រោ​ន វិញ​។ ចូល​ដល់​រដូវ​កាល​ឆ្នាំ​២០១៧ រូបគេ​ចេញទៅ​ចូលរួម​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប ក្នុង​ជើង​ទី​១ ហើយ​ជើង​ទី​២ បាន​បន្ត​ទៅ​ចូលរួម​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង និង​ឆ្នាំ​២០១៨ បាន​ចូលរួម​ជាមួយ​ក្រុម​ណាហ្គា​វើ​ល វិញ​ម្តង​ព្រមទាំង​ឈ្នះ​ស្បែកជើង​មាស​ប្រចាំ​រដូវ​កាល​ផងដែរ​។



ចំណែក​កីឡាករ​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ទៀត​គឺ Bata បានធ្វើ​ដំណើរ​មកដល់​ប្រទេស​កម្ពុជា ដំបូង​នៅ​ឆ្នាំ​២០១៤ ដោយ​ចុះកិច្ចសន្យា​១​រដូវ​កាល​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ហើយ​នៅ​ឆ្នាំ​នោះបាន​រក​គ្រាប់​បាល់​ច្រើនជាងគេ​ហើយ​ឈ្នះ​ស្បែកជើង​មាស​ថែម​ទៀតផង​។ នៅ​ឆ្នាំ​២០១៥ គេ​បន្ត​លេង​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង ទៀត​ដោយ​រក​គ្រាប់​បាល់​បាន​២៤​គ្រាប់ ខណៈ​ឆ្នាំ​នោះ​ស្បែកជើង​មាស​បាន​ទៅ ចាន់ វឌ្ឍនាកា ដែល​រកបាន​៣៧​គ្រាប់​ម្នាក់ឯង​។ នៅ​ឆ្នាំ​២០១៦ រូបគេ​ទៅ​ចូលរួម​ជាមួយ​ក្រុម​បឹងកេត ខណៈ​ឆ្នាំ​២០១៧ បន្តទៅ​កាន់​ក្រុម​អាស៊ី​អឺរ៉ុប និង​នៅ​ឆ្នាំ​២០១៨ បាន​ចូលរួម​ជាមួយ​ក្រុម​សូល​ទី​ឡូ​អង្គរ​។

​បើ​និយាយ​ពី​បេសកកម្ម​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៨ កន្លងទៅ​ក្រុម​ក្រសួងការពារជាតិ បាន​បញ្ចប់​ចំណាត់ថ្នាក់​លេខ​៤ ក្នុងចំណោម​ក្លិប​ទាំង​១២​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​(Metfone Cambodian League 2018) ក្រោយ​ប្រកួត​បាន​២២​លើក​ឈ្នះ​បាន​១៣ លើក​ហើយ​ធ្លាប់​ស្មើគ្នា​បាន​៣​លើក និង​ចាញ់​រហូតដល់​៦​លើក​។ ចំណែក​ពានរង្វាន់​សម្តេច​តេ​ជោ វិញ​គឺ​បានឈ្នះ​ជើងឯក​ក្រោយ​យកឈ្នះលើ​ក្រុម​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ ៣ទល់០ ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​៕


 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu