Ad Code

សមាជិក​ពានរង្វាន់​ជើងឯក​តំបន់​អាស៊ាន AFF U22 ទាំង​៧​ក្រុម​ធ្វើដំណើរ​មកដល់​រាជធានី​ភ្នំពេញ អស់ហើយ



ក្រុមបាល់ទាត់​យុវជន​ក្រោម​អាយុ​២២​ឆ្នាំ ដែល​សមាជិក​ពានរង្វាន់​ជើងឯក​តំបន់​អាស៊ាន AFF U22 Championship​នៅ​ឆ្នាំ ២០១៩ ទាំង​៧​ក្រុម បានធ្វើ​ដំណើរ​មកដល់​រាជធានី​ភ្នំពេញ ដែល​ជា​ទឹកដី​កណ្ដាល​សម្រាប់​ប្រកួតប្រជែង​ដណ្តើមពាន​រង្វាន់​នេះ​អស់ហើយ ខណៈ​ការប្រកួត​នឹង​ចាប់ផ្តើម​ធ្វើឡើង​ពី​ថ្ងៃ​អាទិត្យ ចុង​សប្ដាហ៍​នេះ​តទៅ​។



​តាម​ពិត​ទៅ​ពានរង្វាន់​នេះ​មាន​ក្រុម​ចំនួន​១១​ក្រុម​ជា​សមាជិក​ប្រទេស​តំបន់​អាស៊ាន (​បូក​ទី​ម័​រ​ខាងកើត ១​ក្រុម​ទៀត​សម្រាប់​ផ្នែក​កីឡា​) ត្រូវ​ចូលរួម​ប្រកួតប្រជែង​។ ប៉ុន្តែ​ដោយសារ​ការប្រកួត​នេះ​សហព័ន្ធ​កីឡាបាល់ទាត់​តំបន់​អាស៊ាន​ខកខាន​រៀបចំ​ជា​យូរ​ឆ្នាំ​មក​ហើយ ព្រមទាំង​មាន​កាលវិភាគ​ជាន់គ្នា​នឹង​សកម្មភាព​ប្រទេស​តាម​ប្រទេស​ជា​សមាជិក​មួយចំនួនទៀត​មាន​ប្រទេស​ខ្លះ​មិនបាន​បញ្ជូន​ក្រុម​មក​ចូលរួម​នោះទេ​។ ជាក់ស្តែង​មានដូចជា​ក្រុម​មកពី​ប្រទេស​សឹង្ហ​បុរី​,​ឡាវ និង​ប្រ៊ុយណេ ជាដើម​។



យោង​តាម​ប្រភព​មកពី​មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបញ្ជាក់​ក្រុម​ទាំងអស់​បាន​ធ្វើ​ដំណើរ​ម​ក​ដល់​នៅ​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ​ដំណាលគ្នា​គឺ​ក្រុម​ទី​ម័​រ​ខាងកើត មកដល់​ម៉ោង ៧និង០៥នាទី​ព្រឹក ហើយ​ម៉ាឡេស៊ី មកដល់​ម៉ោង ៩និង៥០ នាទី​ព្រឹក ក្រុម​ថៃ​វិញ មកដល់​នៅ​ម៉ោង ១៥និង០០ រសៀល ក្រុម វៀតណាម មកដល់​ម៉ោង ១៦និង១៥ នាទី​រសៀល ក្រុម​ឥណ្ឌូនេស៊ី ជាមួយ ហ្វីលីពីន មកដល់​ម៉ោង ១៧និង៣០ ល្ងាច និង​ក្រុម​មី​យ៉ាន់​ម៉ា ដល់​ម៉ោង ២០និង៤៥ យប់​។



ពានរង្វាន់ AFF U22 Championship មាន​ក្រុម​ចំនួន​៨​ចូលរួម​ដោយ​ក្នុង​នោះ​ពូ​ល A​មាន វៀតណាម ថៃ ទី​ម័​រ​ខាងកើត និង​ហ្វី​លី​ពិន ខណៈ​ឯ​ក្នុង​ពូ​ល B វិញ​មាន​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់​ម៉ា និង​ម្ចាស់ផ្ទះ​កម្ពុជា​។ ការប្រកួត​ធ្វើឡើង​ពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ដល់​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៩ ក្នុង​រាជធានី​ភ្នំពេញ​។ សម្រាប់​ប្រកួត​បើកឆាក​ដែល​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ ចុង​សប្ដាហ៍​នេះ​គឺ​វេន​របស់​ពូ​ល A ដោយ​ក្រុម​វៀតណាម ប៉ះ​ហ្វីលីពីន នៅ​ម៉ោង​៣:៣០​នាទី​រសៀល លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ហើយ​គូ​បន្ទាប់​ក្រុម​ថៃ ជួប​ទី​ម័​រ​ខាងកើត នៅ​វេលា​ម៉ោង​៦និង៣០​នាទី​យប់​លើ​ទីលាន​ជាមួយគ្នា​។

តាម​ពិត​ទៅ​ពានរង្វាន់​ប្រភេទ​យុវជន U22 នេះ​ត្រូវបាន AFF សហការ​គ្នា​បង្កើត​ឡើង​វិញ នៅ​ឆ្នាំ​២០១៩ ខាងមុខ ក្រោយពី​ខកខាន​ជា​យូរ​មកហើយ ពោលគឺ​តាំងពី​ឆ្នាំ ២០០៥ មកម្ល៉េះ​។

គណៈកម្មការ​ក៏បាន​កំណត់​ដែល​ថា ​ក្រុម​ខ្លាំង​ជាង​គេ​ចំនួន​៤​ក្រុម នៃ​ពានរង្វាន់ AFF U22​នេះ នឹង​ទទួលបាន​កៅអី​ឡើង​ទៅ​លេង​ក្នុង​វគ្គ​ជម្រុះ​ពាន​បាល់ទាត់​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ (U23) ប្រចាំ​ទ្វីបអាស៊ី (AFC U-23) ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu