Ad Code

ជំនាញពាក់​ព័ន្ធ​និង​អាជ្ញាធរ​ខេត្តកោះកុង ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​នៅ​តាម​ប្រភព​ទឹក​សំខាន់ៗ​នានា សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ការផលិត​ទឹក​ស្អាត​នៅក្នុង​ក្រុង​ខេមរភូមិន្ទ



កោះកុង​ ៖ ថ្នាក់ដឹកនាំ​ជំនាញ មកពី​ក្រសួង​ធនធានទឹក​និង មន្ទីរ​ឧស្សាហកម្ម រួម​នឹង​អាជ្ញាធរ​ខេត្ត​កោះកុង ព្រមទាំង​មន្ត្រី​បច្ចេកទេស​មួយ​ចំនួន​ទៀត កាលពី​ថ្មីៗ​កន្លង​មក​នេះ​បាន ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​នៅ​តាម​ប្រភព​ទឹក​សំខាន់ៗ​នានា សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ការផលិត​ទឹក​ស្អាត​នៅក្នុង​ក្រុង​ខេមរភូមិន្ទ។



​បើ​តាម​លោក សាញ់ មុន្នី​រ័ត្ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកោះកុង បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ក្រុង​ខេមរភូមិន្ទ កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់ ខណៈ​ទឹក​នៅក្នុង​អាង​ជ្រោះ​តា​ប៉ន ដែលជា​ប្រភព​ទឹក​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ការផលិត​ទឹក​ស្អាត បាន​ចាប់ផ្តើម​រីង​ខះ​ជា​បណ្តើរៗ​ហើយ។ មន្ទីរ និង​អង្គភាព​ជំនាញ​របស់​ខេត្ត គ្រោង​នឹង​ទាញយក​ទឹក​ពី​អាងទឹក​មួយ​កន្លែង​ទៀត ស្ថិត​នៅក្រោយ​ព្រលានយន្តហោះ ក្នុង​សង្កាត់​ស្មាច់មានជ័យ ដែល​បច្ចុប្បន្ន​នៅសល់​ទឹក​ប្រមាណ ៨ ម៉ឺន​ម៉ែត្រគូប មក​ផ្គត់ផ្គង់​បន្ត។

លោក​បញ្ជាក់​បន្ថែម​ថា ក្រៅ​អាងទឹក​ក្រោយ​ព្រលានយន្តហោះ​នេះ ក៏​នៅ​មាន​ប្រភព​ទឹក​ដ៏​មាន​សក្តានុពល​មួយទៀត ដែល​អាច​ផ្គត់ផ្គង់​ឲ្យ​ការផលិត​ទឹកស្អាត​នា​ពេល​ខាងមុខ នោះ​គឺ​ទឹកជ្រោះ​សិលា​មានជ័យ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​ស្មាច់មានជ័យ​នេះដែរ។



លោក​ប្រធាន​មន្ទីរ​បន្ត​ថា នា​ពេល​កន្លងមក លោក​ក៏​ធ្លាប់​បាន​ណែនាំ​ដល់​មន្ទីរ និង​អង្គភាព​ជំនាញ​របស់​ខេត្ត ធ្វើការ​សិក្សា​ពី​សក្តានុពល​ទឹក​នៅ​ទឹកជ្រោះ​សិលា​មានជ័យ​នេះ សម្រាប់​ផលិត​ទឹក​ស្អាត​ផ្គត់ផ្គង់​នៅក្នុង​ក្រុង​ផងដែរ។

​នៅ​ក្នុង​ពេល​ចុះ​ពិនិត្យ​នោះ លោក​អនុរដ្ឋលេខាធិការ ក្រសួង​ធនធានទឹក ក៏បាន​ណែនាំ​ដល់​លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ត្រូវ​ត្រៀមលក្ខណៈ​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត ក៏ដូចជា​មន្ទីរ អង្គភាព​ជំនាញ​ក្នុង​ខេត្ត ក្នុង​ការ​អន្តរាគមន៍​ដោះស្រាយ​ទឹក​ប្រើប្រាស់​ជូន​បងប្អូន​ប្រជាពលរដ្ឋ។ ជា​មួយ​គ្នា​នេះ ក៏​ត្រូវ​ចាត់​ឲ្យ​មាន​ការ​ចុះ​តាមដាន​ជាប្រចាំ​នៅ​តាម​តំបន់​ផ្សេងៗ និង​បន្ត​ស្វែងរក​ប្រភព​ទឹក​ឲ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត សម្រាប់​ផ្គត់ផ្គង់​នាពេលខាងមុខ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu