Ad Code

ក្នុង​អំឡុង​ឆ្នាំ​២០១៨ កន្លងទៅនេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​រក​ឃើញ​និង​ប្រគល់​សម្ភារៈ​ជូន​ភ្ញៀវទេសចរ​វិញ​ចំនួន​២៤៥​ករណី



សៀមរាប​ ៖​ ក្នុង​ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បានប​ង្ហាញ​ពី​ការ​លើកកម្ពស់​គុណភាព​សេវាកម្ម ផ្តល់​ការ​យកចិត្តទុកដាក់ និង​ផ្តល់​ទំនុកចិត្ត​ខ្ពស់​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ក្នុងពេល​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ​។



ក្នុង​នោះ​ដែរ ក្រុមការងារ​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​បាន សម្រេច​នូវ​សមិទ្ធផល​សំខាន់ៗ ដែលមាន​ភាព​លេច​ធ្លោ​គួរ​ឲ្យ​កត់សម្គាល់ ដូចជា​ការងារ​ជួយសង្គ្រោះ​បឋម​ដល់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ដែល​ទទួលរង​គ្រោះថ្នាក់ ឬ​មាន​វិប្បការ​ផ្សេងៗ ជាពិសេស​គឺ​ការ​ខិតខំ​ស្វែងរក​ឲ្យ​ឃើញ​និង​ប្រគល់ជូន​នូវ​វត្ថុ​សម្ភារៈ​ដែល​ភ្ញៀវទេសចរ​បាន​ជ្រុះ​និង​ភ្លេច សង​ដល់​ម្ចាស់​ដើម​វិញ​ក្នុងពេល​កំពុង​ទស្សនា​ប្រាង្គ​ប្រាសាទ​នានា​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។



ទាក់ទង​នឹង​សកម្មភាព​ការងារ​នេះ​ដែរ ក្រុមការងារ​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ការងារ​សហការ​ជាមួយ​នគរបាល​ទេសចរណ៍ និង​នគរបាល​ការពារ​បេតិកភណ្ឌ បាន​ជួយ​ស្វែងរក​វត្ថុ​សម្ភារៈ​ដែល​ភ្ញៀវ​បាន​ភ្លេច ឬ​ជ្រុះ បាន​ចំនួន​២៧៩​ករណី ហើយ​រកឃើញ​វិញ​បាន​ចំនួន ២៤៥​ករណី ទន្ទឹមគ្នា​នោះ ក្រុមការងារ​ក៏បាន​ធ្វើ​ជួយសង្គ្រោះ​បឋម​ដល់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ដែលមាន​គ្រោះថ្នាក់​អំឡុងពេល​ទស្សនា​ក្នុង​តំបន់​ប្រាសាទ​សរុប​ចំនួន​២០៥​ករណី​ផង​។



ក្រុមការងារ​ក៏បាន​ធ្វើការ​ណែនាំ​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​យល់ដឹង​ពី​ក្រម​ប្រតិបត្តិ​អង្គរ​មាន​ដូច​ជា ត្រូវ​ស្លៀក​សម្លៀកបំពាក់​ឲ្យ​បាន​សមរម្យ ហាម​ប៉ះពាល់​រូបចម្លាក់​តាម​បណ្តា​ជញ្ជាំង​ប្រាសាទ ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់​មិនមាន​ឲ្យ​ការស្រែក​ឡូឡា​រំខាន​ដល់​អ្នកដទៃ ហាម​ឲ្យ​ស្ករ​គ្រាប់ ឬ​ថវិកា​ដល់​កុមារ ហាម​ពិសារ​បារី ហាម​ផឹក​គ្រឿង​ស្រវឹង ហាម​ចោល​សំរាម​ពាសវាលពាសកាល ហាម​ឡើងលើ​គំនរ​ថ្ម និង​ហាម​ស្ត្រី​ប៉ះ​ព្រះសង្ឃ និង​ថតរូប​កៀក​ព្រះសង្ឃ​។ អំពើ​ទាំងនេះ គឺជា​ការចូលរួម​អភិរក្ស​ថែរក្សា និង​ផ្តល់​តម្លៃ​ដល់​តំបន់​រមណីយដ្ឋាន​អង្គរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​៕






Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu