Ad Code

មិត្តភាព​អន្តរជាតិ​ ៖ ក្លិប Hougang United FC របស់​សឹង្ហ​បុរី បន្ត​ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន មុន​ប៉ះ​បឹងកេត



ក្លិប​បាល់ទាត់ Hougang United FC សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​របស់​ប្រទេស​សឹង្ហ​បុរី (S-League) បានដាក់​ពាក្យស្នើសុំ​ណាត់​ក្រុមបាល់ទាត់​ចំនួន​៣​របស់​សមាជិក​លី​គ​កំពូល​ប្រទេស​កម្ពុជា (Metfone Cambodian League) ធ្វើការ​ប្រកួត​មិត្តភាព​អំឡុង​ពេលដែល​ក្រុម​នេះ​ធ្វើដំណើរ​មក​បោះជុំរុំ​ហ្វឹកហាត់​នៅ​រាជធានី​ភ្នំពេញ ជាតិ​១​សប្ដាហ៍​។​



​ ក្លិប​Hougang United FC បានធ្វើ​ដំណើរ​មកដល់​រាជធានី​ភ្នំពេញ តាំងពី​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​នេះ​មកម្ល៉េះ​ដោយ បាន​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​ជាមួយ​ក្រុម ស្មើគ្នា​ជាមួយ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​លី​គ​កំពូល​កម្ពុជា​គឺ​ក្រុម​ណាហ្គា​វើ​ល ១​ទល់​១ នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​១២ ខែកុម្ភៈ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ចំណែក​ប្រកួត​ទី​២​ក្រុម​នេះ​បាន​ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន ២​ទល់​២ នៅ​ល្ងាច​ថ្ងៃ​ព្រ​ស​ហ្ប​តិ៍ ទី​១៤ ខែកុម្ភៈ នេះ​។ តាម​គម្រោង​ចុងក្រោយ​ក្រុម​Hougang United FC បន្ត​ជួប​ក្រុម​បឹងកេត នៅវេលា​ម៉ោង​៥​ល្ងាច​នៅ​ថ្ងៃ​សៅរ៍ ទី​១៦ ខែកុម្ភៈ នេះ​លើ​ទីលាន​កីឡដ្ឋាន RSN របស់​ក្លឹប​ភ្នំពេញ​ក្រោ​ន​។​



​ លោក ហៅ សុជាតិ គ្រូបង្វឹក​របស់​ក្លិប​បឹងកេត បាន​លើក​ឡើង​មុន​ការប្រកួត​ថា « ប្រកួត​នេះ​នឹង​អាច​ផ្តល់​ផល​ចំណេញ​សម្រាប់​ពួក​យើង គឺ​យើង​អាច​ទទួលបាន​នូវ​បទពិសោធន៍​ល្អៗ​ពី​ពួកគាត់ ហើយក៏​ជា​ចំនុច​ល្អ​សម្រាប់​យើង​ធ្វើតេស្ដ​រក​កីឡាករ​ដើម្បី​រៀបចំ​ក្រុម​ឲ្យ​បាន​ល្អ​សម្រាប់​ត្រៀម​ប្រកួត​លី​គ​នៅពេល​ខាងមុខនេះ​»​។

​សូម​រំលឹក​ថា ​ចំពោះ​តម្លៃ​សំបុត្រ​ចូលរួម​ទស្សនា​ដែល​ប្រកួត​នៅ​លើ​ទីលាន​កីឡដ្ឋាន RSN Stadium គឺ​ត្រូវបាន​ដាក់​លក់​ក្នុង​តម្លៃ ៤០០០​រៀល ដោយ​ថវិកា​បាន​មក​ពី​ការ​លក់​សំបុត្រ​ទាំងនោះ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន នឹង​បរិច្ចាគ​លើ​ការងារ​សង្គម និង សកម្មភាព​សប្បុរសធម៌​ផ្សេងៗ​។



ចំពោះ​ក្លិប​បាល់ទាត់ Hougang United FC បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩៨ មកម្ល៉េះ​ដោយ​ប្រើប្រាស់​ទីលាន​កីឡដ្ឋាន Hougang Stadium​។ ក្លិប​នេះ​មាន​ថៅកែ​ឈ្មោះ Bill Ng ហើយ​មាន​គ្រូបង្វឹក​គឺ​លោក Clenment Teo​។ កាលពី​រដូវ​កាល​ឆ្នាំ​២០១៨ កន្លងទៅ​ក្លិប​នេះ​បានបញ្ចប់​រដូវ​កាល​របស់ខ្លួន​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៩ ដែលជា​ចំណាត់ថ្នាក់​ចុងក្រោយ​គេ បន្ទាប់ពី​ប្រកួត​បាន​២៤​លើក ហើយ​ឈ្នះ​បាន​២​លើក ស្មើគ្នា​បាន​៦​លើក​និង​ចាញ់​១៦​លើក​មាន​១២​ពិន្ទុ​។ នៅក្នុង​ពានរង្វាន់ Singapore Cup វិញ​ក្រុម​នេះ​បាន​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​។ ក្រុម​នេះ​អាច​ធ្លាក់​ទៅលេង​ពានរង្វាន់​លំដាប់​ទី​២​របស់​សឹង្ហ​បុរី គឺ​Singapore National Football League​។

នៅ​ឆ្នាំ​២០១៩ នេះ​មានតែ​ក្លិប​Hougang United FC ដែល​ជា​ក្លិប​បរទេស​តែ​១​គត់​បានសម្រេច​ជ្រើស​រើសយក​ប្រទេស​កម្ពុជា ធ្វើជា​ទឹកដី​សម្រាប់​បោះជុំរុំ​ហ្វឹកហាត់​ដល់​កូនក្រុម​ខ្លួន​មុន​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ មកដល់ ខណៈ​កាលពី​ឆ្នាំ​កន្លងទៅ​ធ្លាប់មាន​ក្លិប​មកពី​ប្រទេស​ម៉ាឡេស៊ី បានមក​បោះជុំរុំ​ហ្វឹកហាត់​នៅ​កម្ពុជា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu