Ad Code

កុមារា កុមារី ជា​សិស្សានុសិស្ស​ខ្មែរឥស្លាម​ក្រីក្រ​នៅ​បឋមសិក្សា​ច្រាំង​ចំរេះ ទទួល​សម្ភារៈ​សិក្សា​ពី​អ្នក​តំណាងរាស្ត្រ



ភ្នំពេញ ៖ លោកស្រី ម៉ាណ ណាវី អ្នកតំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ និង​តំណាង​លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស បាន​ជួប​សំណេះសំណាល ផ្តល់​ដំបូន្មាន ដល់​ក្មួយៗ កុមារា កុមារី ជា​សិស្សានុសិស្ស​ខ្មែរឥស្លាម​ក្រីក្រ ដែល​កំពុង​សិក្សា​៧០​នាក់ ដោយ​បាន​នាំ​យក​នូវ​អំណោយ​សម្បុរសធម៌ ជា​កាតាប​ស្ពាយ សៀវភៅ ប៊ិច​ខ្មៅ​ដៃ និង​សម្ភារៈ​សិក្សា ជាច្រើន​ទៀត ផ្ដល់ជូន ក្មួយៗ ដើម្បី​បាន​សិក្សា​ដែល​កំពុង ត្រូវការ និង​មានការ​ខ្វះខាត។

ពិធី​ចែក​អំណោយ​នេះ ​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​សុក្រ ១១​កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិតនៅ​សាលាបឋមសិក្សា​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។



លោកស្រី ម៉ាណ ណាវី បាន​ផ្តាំផ្ញើ​ដល់​ប្អូនៗ​កុមារា កុមារី ជា​សិស្សានុសិស្ស ទាំងអស់​ត្រូវ​ខិតខំ​ប្រឹង​រៀនសូត្រ ដើម្បី​អនាគត​របស់ខ្លួន គ្រួសារ និង​សង្គមជាតិ​។

ព្រោះ​ក្មួយៗ ជា​ទំ​ពាំ​ស្នង​ឫស្សី បើ​ប្អូនៗ​ខិតខំ​សិក្សា​រៀនសូត្រ នោះ​ប្អូនៗ ទទួល​បាន ភាពជា​អ្នកដឹកនាំ និង​ទទួល​បាន​អនាគត ល្អ​ទៅ​ថ្ងៃមុខ​ជាក់​ជាមិនខាន។



លោកស្រី​បន្ត​ថា បច្ចុប្បន្ន ប្រទេសជាតិ មាន​សុខសន្ដិភាព ពេញលេញ ប្រជាពលរដ្ឋ​មា​សិទ្ធិ​សេរីភាព​ប្រកប​មុខរបរ ដោយ មិន​រើសអើង ការរស់នៅ​ក្រោម​ដំបូល​សន្ដិភាព មិន​ប្រកាន់ ពូជសាសន៍ ភាសា​ពណ៌ ​សម្បុរ​ អ្វី​ឡើយ។ នេះ ដោយសារ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​ប្រទេសជាតិ មានការ​រីកចម្រើន​ឥត​ឈប់ឈរ ដែល​សង្គម​យើង​កាន់តែ​ត្រូវការ​ធនធាន​មនុស្ស ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​ក្នុង​សម័យកាល​សកលភាវូបនីយកម្ម​។ ដូចនេះ​គឺជា​ឱកាស​ដ៏​មានតម្លៃ​សម្រាប់​ប្អូនៗ ទាំងអស់គ្នា​ដែល​ជា​ទំពាំង​ស្នង​ឫស្សី ត្រូវ​ចាប់​ផ្តើម​កសាង​ខ្លួន​ពី​ពេលនេះ​តទៅ ជាពិសេស​ការ​ពង្រឹង​សមត្ថភាព ខិតខំ​រៀនសូត្រ ចេះ​មាន​ទំនាក់ទំនង​សាមគ្គី ភាព​ជាមួយ​អ្នក​នៅ​ជុំវិញ​ខ្លួន ជាមួយ​មិត្តភក្តិ​រួម​ថ្នាក់ រួម​សាលា រួម​សហគមន៍ ត្រូវ​ធ្វើជា​សិស្ស​ល្អ កូន​ល្អ សិស្ស​គំរូ ស្តាប់​ដំបូន្មាន​លោកគ្រូ អ្នកគ្រូ និង​មាតាបិតា ។ កត្តា​សំខាន់ៗ​ទាំងអស់នេះ​ដែល​សង្គម​ជាតិ​កំពុង​ត្រូវការ​មិនអាច​ខ្វះ​បាន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu