Ad Code

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ត្រូវ​បង្កើន​ការយកចិត្ត​ទុក​ខ្ពស់​ចំពោះ​អនាម័យ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង



ភ្នំពេញ​ ៖​ លោក សាស្ត្រាចារ្យ ម៉ម ប៊ុ​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ពិសេស​កុមារ​និង​មនុស្ស​វ័យ​ចំណាស់​ ត្រូវ​ពិសារ​ទឹក ស្អាត​ឲ្យ​បាន​ច្រើន គ្រប​ទុកដាក់​ចំណីអាហារ​ឲ្យ​បាន​ត្រឹមត្រូវ សំអាត​សម្ភារៈ​ប្រើប្រាស់​ឲ្យ​បាន​ស្អាត​និង​ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ​ដើម្បី​ការពារ​ការឆ្លង​ជំងឺ​ដង្កាត់​ផ្សេងៗ​ពិសេស​ជំងឺ​រាករូស រាក​មួល​ ឬ អាសន្នរោគ។

ជា​មួយ​គ្នា​នេះ​ដែរ ​លោក​រដ្ឋ​មន្ត្រី​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​រក្សាខ្លួន​ឲ្យ​ត្រជាក់ ជ្រក​ក្រោម​ម្លប់​ឲ្យ​បាន​ច្រើន ជៀសវាង​នៅ​ក្រោម​ថ្ងៃ​ផ្ទាល់ ស្លៀកពាក់​សំលៀកបំពាក់ ស្តើង ស្រាល និង​មាន​ពណ៌​ភ្លឺ ងូតទឹក​ត្រជាក់ ឬ​ទឹក​ធម្មតា​ឲ្យ​បាន​ញឹកញាប់ ត្រូវ​ផឹកទឹក​ឲ្យ​លើស​ពី​ពេល​ធម្មតា ជៀសវាង​ពិសារ​ស្រា​និង​ទឹក​ដែល​មាន​កំហាប់​ស្ករ​ខ្ពស់។

​ការ​អំពាវនាវ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានប្រកាសថា ​នៅ​រដូវប្រាំង​នេះ​អាកាសធាតុ​អាច​ក្តៅ​ខ្លាំង​ខុសពី​ធម្មតា ​ដោយមាន​សីតុណ្ហភាព​អតិបរមា​ចាប់​៤០​រហូត​ទៅ​៤២​អង្សា​ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ជនបទ​មួយចំនួន​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ប្រើប្រាស់​ដោយសារ​ប្រភពទឹក​រីងស្ងួត។

លោក​សាស្ត្រាចារ្យ​ម៉ម​ ប៊ុនហេង​ បាន​មានប្រសាសន៍ថា ​នៅ​ពេល​ដែល​អាកាសធាតុ​ក្តៅ​ខ្លាំង​ងាយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​កើត​ជំងឺ​មួយចំនួន​ដូចជា​ជំងឺ​រលាក​ស្បែក​ដោយសារ​កំដៅ​ថ្ងៃ ឈឺភ្នែក ផ្តាសាយ រាករូស ជំងឺ​សើស្បែក ជំងឺគ្រុនឈាម​និង​ជំងឺ​ផ្លូវដង្ហើម រមូល​ក្រពើ វិវត្តន៍​ទៅជា​ជំងឺ​អស់កម្លាំង​ល្ហិតល្ហៃ និង​ការ​ដួលសន្លប់​ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​មាន​អាការៈ​បែកញើស​ខ្លាំង ខ្សោយកម្លាំង ខ្លួន​ត្រជាក់ ស្លេកស្លាំង ជីពចរ​ដើរ​ញាប់​ ឬ​ ក្អួតចង្អោរ​ផងដែរ​។

លោក រដ្ឋមន្ត្រី​បាន​បន្ត​ថា បើ​មាន​បញ្ហា​សុខភាព​ដែល​បណ្តាល​ឲ្យ​មាន​រាក ក្អួត ក្តៅ​ខ្លួន និង​សន្លប់​ត្រូវ​ប្រញាប់​បញ្ជូន​អ្នកជំងឺ​ទៅកាន់​មណ្ឌល​សុខភាព​ ឬ​ មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​បំផុត​ដើម្បី​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ឲ្យ​បាន​ទាន់ពេលវេលា​។

ចំណែក​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ បាន​ចេញ​សេចក្តីណែនាំ​មួយ​ដល់​សាធារណជន​ចូលរួម​បង្ការ​សុខភាព​នៅក្នុង​អំឡុង​ពេល​អាកាសធាតុ​ក្តៅ​ផងដែរ​ក្នុងនោះ​រួមមាន​១. ពិសារ​ទឹក​ឲ្យ​បាន​ច្រើន​ដោយ​បង្កើន​ការទទួល​ទាន​ជាតិ​ទឹក​ឆ្អិន​ឲ្យ​បាន​ច្រើន​និង​ញឹកញាប់​តាម​ដែល​អាច​ធ្វើ​ទៅបាន ដោយ​មិនត្រូវ​រង់ចាំ​រហូតដល់​ស្រេកទឹក​ទេ។ កុំ​ពិសា​វត្ថុ​រាវ​ដែល​មាន​ជាតិ​អាល់កុល​ ឬ​ ជាតិ​ស្ករ​ច្រើនពេក ពីព្រោះ​សារធាតុ​ទាំងនេះ​បង្ក​ឲ្យ​អ្នក​កាន់តែ​បាត់បង់​ជាតិ​ទឹក​ច្រើន​។ ជៀសវាង​កុំ​ពិសា​ភេសជ្ជៈ​ត្រជាក់​ខ្លាំង​ពីព្រោះ​វា​អាច​បណ្តាល​ឲ្យ​រមូល​ក្រពះ​។

២. ការ​បែកញើស​ច្រើន​ហូរ​ចេញ​អំបិល​និង​សារធាតុ​រ៉ែ​ចេញពី​រាងកាយ​របស់​អ្នក​ដែល​ត្រូវតែ​បង្គ្រប់​វិញ​។ ប្រសិនបើ​អ្នក ហាត់ប្រាណ​ចូរ​ពិសារ​ទឹក​ភេសជ្ជៈ​ឬ​ទឹក​មាន​ជាតិ​រ៉ែ​ឲ្យ​បាន​ពីរ​ទៅ​បួន​កែវ​រៀងរាល់​១​ម៉ោង​ម្តង មិនត្រូវ​ពិ​សារជាតិ​អាល់កុល​ឡើយ។

៣. ស្លៀកពាក់​សំលៀកបំពាក់​ស្តើងៗ ឬ​មាន​ពណ៌​ស្រាល​និង​ស្លៀកពាក់​រលុង និង​លាប​ឡេ​ការពារ​កម្តៅថ្ងៃ បើ​អាវ​ធ្វើ​ទៅ​បាន​។ ការ​រលាក​ស្បែក​ដោយសារ​ពន្លឺព្រះអាទិត្យ​ប៉ះពាល់​ដល់​រាងកាយ​និង​ធ្វើ​ឲ្យ​រាងកាយ​បាត់បង់​ជាតិ​ទឹក​។ វា​ក៏​បណ្តាល​ឲ្យ​ស្បែក​មានការ​ឈឺចាប់​និង​ខូច​ស្បែក​ផងដែរ​។ ប្រសិនបើ​អ្នក ចេញ​ក្រៅ​ចូរ​ការពារ​ខ្លួន​អ្នក​ពី​ព្រះអាទិត្យ​ដោយ​ពាក់មួក​ធំ​ទូលាយ និង វ៉ែនតា​ការពារ​។ ស្លៀកពាក់​ឲ្យ​ទារក​និង​កុមារ​ខោអាវ​ស្តើង ពណ៌​ស្រាល រលុង គ្រប​ក្បាល និង​បាំង​ថ្ងៃ​ឲ្យ​ម្លប់ ដោយ​មួក​ឬ​ឆ័​ត្រ។ ហាម​ទុក​ទារក​កុមារ​ចោល​នៅក្នុង​ឡាន​ដែល​ចត​។



៤. ប្រសិនបើ​អ្នក​ត្រូវ​ចេញទៅ​ខាងក្រៅ​ផ្ទះ យក​ល្អ​គួរ​ទៅ​នៅពេល​ព្រឹក​និង​ពេល​ល្ងាច​បើ​អាចធ្វើ​ទៅ​បាន​។ សូម​ព្យាយាម​សម្រាក​ឲ្យ​បាន​ញឹកញាប់​នៅ​កន្លែង​ម្លប់​ដូច្នេះ រាងកាយ​របស់​លោក​អ្នក​នឹងមាន​ឱកាស​មាន​កម្លាំង​ឡើងវិញ​។

៥. ប្រសិនបើ​លោកអ្នក​ទើប​ហាត់ប្រាណ​ដំបូង ឬ​ហាត់ប្រាណ​នៅក្នុង​បរិយាកាស​ក្តៅ អ្នក​ត្រូវ​ចាប់ផ្តើម​សកម្មភាព​ហាត់ប្រាណ​ដោយ​យឺតៗ បន្ទាប់មក​បង្កើន​ល្បឿន​បន្តិច​ម្តងៗ ដើម្បី​ជៀសវាង​ការ​ប្រឹងប្រែង​ធ្វើ​ទាំង​ក្តៅ​ដែល​បណ្តាល​ឲ្យ​បេះដូង​របស់​លោក​អ្នក​លោត​ញាប់ និង​ដង្ហក់​ហត់ ត្រូវ​បញ្ឈប់​សកម្មភាព​ទាំងនោះ​ភ្លាម​បើ​មាន​កើតឡើង រួច​ចូល​ទៅ​ក្នុង​តំបន់​ត្រជាក់​ ឬ​ យ៉ាងហោចណាស់​ចូល​ទៅ​ក្នុង​ម្លប់​ហើយ​សម្រាក ពីព្រោះ​វា​បណ្តាល​ឲ្យ​លោកអ្នក ខ្សោយ​ឬ​ដួលសន្លប់​បាន​។

៦. ជៀសវាង​អាហារ​ក្តៅៗ និង​ជៀសវាង​ពិសារ​អាហារ​ច្រើនពេក ពីព្រោះ វា​បង្កើន​កម្តៅ​ដល់​រាងកាយ​របស់ លោកអ្នក​និង​៧. កាត់បន្ថយ​ការ​ប៉ះ​នឹង​កម្តៅ​ព្រះអាទិត្យ​ផ្ទះ ជាពិសេស​ក្នុង​កំឡុង​ពេល​ថ្ងៃ​និង​នៅ​កន្លែង​ដែល​ប្រឈម​និង​កំដៅ​ខ្លាំង​ដូចជា​នៅ​មាត់ទន្លេ​ឬ​សមុទ្រ​ជាដើម​។

នាយកដ្ឋាន​បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អនុវត្ត​វិធានការ​បន្ថែម​ដូច​ខាងក្រោម ដើម្បី​ជៀស​ផុត​ពី​ជំងឺរាក ក្អួត ក្តៅ​ខ្លួន​ដូចជា​លាង​សំអាត​បន្លែ ផ្លែឈើ​ឲ្យ​បាន​ស្អាត​មុន​បរិភោគ សំអាត​សម្ភារៈ​ប្រើ​សម្រាប់​ចម្អិន​ម្ហូបអាហារ​ឲ្យ​បាន​ត្រឹមត្រូវ ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ ជាពិសេស សាច់ សត្វ​ស្លាប ស៊ុត និង​អាហារ​សមុទ្រ​និង​ទុកដាក់​ចំណីអាហារ​ឆៅ និង​ឆ្អិន​ដាច់ដោយឡែក​ពីគ្នា​។

កុំ​រក្សាទុក​អាហារ​ក្នុង​កំដៅ​ធម្មតា​លើស​ពី​២​ម៉ោង មិន​ត្រូវ​រក្សាទុក​អាហារ​ជាច្រើន​ថ្ងៃ​ទេ ទោះជា​ស្ថិត​ក្នុង​កម្រិត​សីតុណ្ហភាព​សុវត្ថិភាព​ក៏ដោយ​។ ​បើ​រក្សាទុក​អាហារ​ក្នុង​ប្រព័ន្ធ​ត្រជាក់​គឺ​ត្រូវ​ឲ្យ​នៅ​ក្រោម​សីតុណ្ហភាព​៥​អង្សា​សេ​ តែបើ​រក្សាទុក​អាហារ​ក្នុង​ប្រព័ន្ធ​កំដៅ​ គឺ​ត្រូវ​ឲ្យ​លើស​ពី​សីតុណ្ហភាព​៦០​អង្សា​សេ កុំ​ប្រើប្រាស់​ចំណី​អាហារ​ហួស​កាលកំណត់ ត្រូវ​ប្រកាន់​អនាម័យ​ជាប់​ជានិច្ច ដូចជាៈ លាងដៃ​ជាមួយ​សាប៊ូ​និង​ទឹក ក្រោយពេល​ចេញពី​បង្គន់ មុន​ពេល​រៀបចំ​អាហារ មុន​ពេល​បញ្ចុក​កូន និង​មុន​ពេល​ពិសារ​អាហារ​។

ចំណែក​លោក​វេជ្ជបណ្ឌិត សាម សុផាន់ ប្រធាន​អង្គការ​គណៈកម្មាធិការ​សុខភាព​កម្ពុជា​បាន​គាំទ្រ​ទាំងស្រុង​ចំពោះ​ការ​អំពា​វនា​វ​នេះ​ តែ​លោក​ស្នើ​ឲ្យ​បុគ្គលិក​នៅ​តាម​មណ្ឌល​សុខ​ ឬ​ មន្ទីរពេទ្យ​ជាតិ​និង​បង្អែក​នានា​ជួយ​ផ្សព្វផ្សាយ​បន្ត​ដល់​ប្រជាពលរដ្ឋ​នៅពេល​មក​ទទួល​សេវា​ដើម្បី​ឲ្យ​ពួកគាត់​បាន​យល់ដឹង​និង​ចេះ​ពី​របៀប​ការពារ​ខ្លួន​និង​ថែទាំ​សុខភាព​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង​នេះ​ដើម្បី​បញ្ចៀស​ពី​ការឆ្លង​ជំងឺ​ផ្សេងៗ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu